សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

“អ្នក​ទេសចរ​ទាំង​អស់​នៅ​​មក​ពី​នាវា​ Westerdam ដែល​បាន​ចូល​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗនេះ​ មិន​មាន​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណានោះ​ទេ”​ នេះ​បើ​តាម​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃមជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​​ជំងឺឆ្លង​​សហរដ្ឋអាមេរិក (CDC)។

អ្នក​ទេស​ចរ​វ័យ​83ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវ​បាន​ម៉ាឡេស៊ី​ពិនិត្យ​ និង​រក​ឃើញ​​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19​ រួម​នឹង​អ្នក​ដំណើរ​ផ្សេង​ទៀត ត្រូវ​បាន​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (CDC) លោក​ Richard Quartarone បញ្ជាក់​ថា អ្នក​ទេស​ចរ​ទាំង​នោះ មិនមាន​ផ្ទុក​មេរោគ​កូរ៉ូណា​តាំង​ពី​ដើម​មក​ម៉្លេះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា អាមេរិកបាន​ទទួល​លទ្ធ​ផល​នៃការ​ធ្វើ​តេស្តទៅ​លើ​អ្នក​ដំណើរ​ខាង​លើ​ កាល​ពី​ថ្ងៃទី​20កុម្ភៈកន្លង​ទៅ​។

លោក​ Rechard បាន​ឱ្យ​ដឹង​ថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ ដែល​ត្រូវ​បាន​ម៉ាឡេស៊ីបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ អាច​មាន​ជំងឺ​ផ្លូវ​ដង្ហើម​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មែនជា​វីរុស​កូរ៉ូណា​នោះទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាននៃ​សហរដ្ឋ​អាមេរិក។

គួរ​រំឭកថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ រួមនឹង​ភ្ញៀវ​ចំនួន 145នាក់​ផ្សេង​ទៀត មក​ពី​នាវា​ទេស​ចរណ៍​ MS Westerdam បាន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ពិសេស​មួយ​ ទៅ​កាន់ទី​​ក្រុង​ Kuala Lumpur បន្ទាប់​ពី​បាន​ឡើង​គោក។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ត​ហោះ​នោះ គឺ​មាន​ស្ត្រី​វ័យ83ឆ្នាំ​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ីអះអាងថា មាន​ផ្ទុកមេរោគ​កូរ៉ូណា​។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការសង្ស័យ និង​បាន​តវ៉ះទៅកាន់​ទីក្រុង Kuala Lumpur ដោយ​ស្នើ​ឱ្យ​ប្រទេស​នេះ ធ្វើ​តេស្ត​ឡើង​វិញ។ បន្ទាប់​ទីក្រុង Kuala Lumpur ក៏បាន​ធ្វើ​តាម​សំណូមពរ ហើយ​ប្រទេស​ម៉ាឡេស៊ីនៅ​តែ​អះអាង​ថា ស្ត្រីខាង​លើ មាន​ផ្ទុក​មេរោគ​ពិត​មែន។ ក៏ប៉ុន្តែ កាល​ពី​ម្សិល​មិញ​នេះ ទីក្រុង Kuala Lumpur បាន​ប្រកាស​ថា ស្ត្រី​រូប​នេះ បាន​ជាសះស្បើយ​វិញ​ហើយ។ ប្រការ​ក៏នាំ​ឱ្យ​កម្ពុជា​កាន់​តែ​មិន​ជឿ​ថា ស្រ្តី​វ័យ83ឆ្នាំ​ខាងលើ​នេះ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះឡើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement