កូរ៉េខាង​ត្បូង​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត ខណៈ​អ្នក​ឆ្លង​រោគ​ឡើង​ដល់602នាក់

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in បាន​ប្រកាស​អាសន្ន​ “កម្រិត​ខ្ពស់​បំផុត​” ចំពោះ​អាសន្ន​រោគ​កូរ៉ូណា​ ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ COVID-19 យ៉ាង​ឆាប់​រហ័ស។

“អាសន្នរោគ​ COVID-19 កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នឹងក្លាយ​​ជា​ដំណាក់​កាល​ដ៏សំខាន់។ រដ្ឋា​ភិបាល​​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត​គឺ “កម្រិត​ធ្ងន់​ធ្ងរ” ដោយ​យោង​ទៅ​តាម​យោបល់​របស់​ក្រុម​អ្នក​ជំនាញ ហើយ​ទន្ទឹម​នឹង​នេះ យើង​នឹង​កែ​លម្អស៊ីជម្រៅ​ទៅ​លើ​ប្រព័ន្ធ​ប្រតិកម្ម​របស់​យើង​”។ នេះ​គឺជា​ប្រសាសន៍​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នាកិច្ច​ប្រជុំ​មួយ​របស់​រដ្ឋា​ភិបាល​។

លោក​ Moon Jae-in ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ប្រើប្រាស់​វិធាន​ការ​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​គ្រប់គ្រង​ស្ថាន​ការណ៍​នៃ​អាសន្ន​រោគ​នេះ​។

ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​នេះ ​គឺជាការ​ប្រកាស​​លើក​ដំបូង​ហើយ​ ក្នុង​អំឡុង​11ឆ្នាំ​មកនេះ ចាប់​តាំង​ពី​អាសន្នរោគ​ផ្ដាសាយ A H1N1 ដែល​បាន​កើ​តឡើង​កាល​ពី​ឆ្នាំ​2009។

គិត​មក​ដល់​ម៉ោង​5ល្ងាច​នេះ កូរ៉េខាង​ត្បូង មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ថ្មី​​ចំនួន​169នាក់បន្ថែម​ទៀត ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ក្នុង​ប្រទេស​នេះ ឡើង​ដល់​602នាក់​ ក្នុង​នោះ​មាន​5នាក់​បាន​បាត់​បង់​ជីវិត៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement