កូរ៉ូណា! វៀតណាមស្នើឱ្យឈប់ចាប់ដៃគ្នានៅពេលស្វាគមន៍ ខណៈអនុសាសន៍ជាច្រើនផ្សេងទៀតត្រូវបានលើក​ឡើងដើម្បី…

ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី23កុម្ភៈ បានស្នើឱ្យអ្នករកស៊ី និងអ្នកធ្វើការជាដើម កាត់បន្ថយការចាប់ដៃគ្នាជាមួយអតិថិជននៅពេលស្វាមគន៍ ឬលាគ្នា ហើយពេលជួបភ្ញៀវក៏ត្រូវតែឈរឱ្យឆ្ងាយពីគ្នាប្រហែល​1​ម៉ែត្រ។

អនុសាសន៍ខាងលើនេះ ត្រូវបានក្រសួងសុខាភិបាលវៀតណាមធ្វើឡើងដើម្បីទប់ស្កាត់ និងប្រឆាំងការរីករាល​ដាលនៃមេរោគបង្កជំងឺរលាកសួតប្រភេទថ្មី COVID-19។ អនុសាសន៍នេះ សំដៅទៅលើអ្នកធ្វើការ អ្នករកស៊ីទាំងអស់ ពិសេសគឺបុគ្គលិកនៅសណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ជា​ដើម។

ក្រសួងក៏បានណែនាំឱ្យអ្នកធ្វើការ និងអ្នករកស៊ីទាំងអស់ ត្រូវវាស់កម្ដៅខ្លួន មុនពេលចេញទៅបំពេញភារកិច្ច។ បើសិនក្ដៅខ្លួនខ្លាំង ឬក្អក ថប់ដង្ហើម ត្រូវតែប្រញាប់រាយការណ៍ទៅអ្នកគ្រប់គ្រងបុគ្គលិក និងមន្ត្រីសុខា​ភិបាល ហើយត្រូវនៅដាច់ដោយឡែកក្នុងផ្ទះ ដើម្បីតាមដានសុខភាព។ ពេលចាំបាច់ អ្នកដែលមានអាការដូចខាងលើនេះ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរបំផុត ដើម្បីពិនិត្យពិគ្រោះយោបល់ និងព្យាបាលឱ្យទាន់ពេលវេលា។ អ្នកដែលត្រូវបានសង្ស័យថាមានផ្ទុកមេរោគ ត្រូវតែនៅក្នុងផ្ទះ និងនៅដាច់ដោយឡែកទៅតាមការស្នើរបស់មន្ត្រីសុខាភិបាល។

អ្នកដែលធ្វើការនៅកន្លែងដែលមានមនុស្សច្រើន ឬត្រូវជួបអតិថិជន ពួកគេត្រូវតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការចាប់ដៃឱ្យបានជាអតិបរមា និងឈរ ឬអង្គុយឆ្ងាយពីអតិថិជនឱ្យបាន1ម៉ែត្រ ហើយត្រូវលាងដៃនឹងសាប៊ូ និងទឹកស្អាតឱ្យបានញាប់ញាប់នៅមុនពេលធ្វើការ ក្រោយម៉ោងសម្រាក និងមុន និងក្រោយ​ការទទួលទានអាហារ មុននិងក្រោយការចម្អិនអាហារ ក្រោយពីចូលបន្ទប់ទឹក ក្រោយពីក្អក កណ្ដាស់ ពេលដៃបែកញើស ឬប្រឡាក់អ្វីមួយ និងក្រោយពីនៅក្បែរ ឬចាប់ដៃអ្នកណាម្នាក់។

ពេលកណ្ដាស់ ឬក្អក ត្រូវបិទមាត់ និងច្រមុះដោយប្រើដៃអាវត្រង់សន្លាក់កែងដៃខាងក្នុង ក្រដាស់ជូតមាត់ ឬកន្សែងដៃជាដើម ដើម្បីកាត់បន្ថយការជះកម្ទេចជាតិរាវចេញពីផ្លូវដង្ហើម ហើយត្រូវបោះក្រដាស់​នោះ​ចោលទៅ​ក្នុង​ធុង​សម្រាម​ភ្លាមៗ​ ឬ​បោក​សម្អាត​កន្សែង​ដៃ​ដែល​បានប្រើហើយនោះ និងលាងសម្អាតដៃដើម្បីកម្ចាត់មេរោគ។ ត្រូវចៀសវាងការយកដៃទៅប៉ះមាត់ ច្រមុះ និងភ្នែកដើម្បីកុំឱ្យឆ្លងមេរោគ។ មិនត្រូវប្រើប្រាស់របស់រួមមួយចំនួនដូចជា កែវទឹក ដបទឹក កន្សែងជូតដៃ។ល។ និងមិនត្រូវខាកស្ដោះគ្មានរបៀប។

នៅពេលខ្លួនឯង ឬអ្នករួមការងារ ឬមួយអតិថិជន មានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម អ្នកត្រូវតែរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងដើម្បីបានទទួលយោបល់ និងព្យាបាលទាន់ពេលវេលាន។

នៅ​ឯប្រទេស​វៀត​ណាម ក្រុមហ៊ុន និង​​រោងចក្រជាដើម ក៏ត្រូវបានអាជ្ញាធរស្នើឱ្យផ្ដល់ម៉ាស់ដល់បុគ្គលិកឱ្យបានគ្រប់ៗគ្នាផងដែរ។

គិតមកដល់ពេលនេះ ប្រទេសវៀតណាម មានអ្នកឆ្លងមេរោគសរុបចំនួន16នាក់ ក្នុងនោះមាន14នាក់បានជាសះស្បើយ។ ចំណែកនៅទូទាំងពិភពលោកវិញ មានអ្នកផ្ទុកមេរោគ COVID-19 ចំនួន79,360នាក់ អ្នកស្លាប់មានចំនួន2,619នាក់ និងអ្នកបានជាសះស្បើយមានចំនួន24,963នាក់៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement