ជនជាតិ​កូរ៉េខាង​ត្បូង ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ ហាម​មិន​ឱ្យ​ចូល​ស្រុក​

យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​15ហើយដែល​បាន​ហាម​ ឬ​កាត់​បន្ថយ​ការ​ផ្ដល់​ទិដ្ឋា​ការ​ចំពោះ​ពលរដ្ឋ​កូរ៉េខាង​ត្បូង ក្នុងអំឡុង​ពេល​ដែល​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 កំពុង​ផ្ទុះ​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Yonhap បាន​ចេញ​ផ្សាយ​ថា ប្រទេស​អ៊ីស្រាអែល​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​ៗ​​ដែល​បាន​ហាម​ពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​ចូល​មក​ប្រទេស​របស់​ពួកគេ។ ប្រទេស​ផ្សេង​ៗ​ចំនួន​​5ទៀត ក៏​បាន​ចេញ​បទ​បញ្ជា​ដូច​គ្នា​នេះ​​ដែរ​ ក្នុង​នោះ​រួម​មាន​ប្រទេស​បារ៉ែន ហ្ស៊កដានី គីរីបាទី សាម័រ និង​សាម័ររបស់​សហ​រដ្ឋ​អាមេរិក។

ចាប់​ពី​​ថ្ងៃ​​នេះ(24កុម្ភៈ) អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​ហាម​ឃាត់​ជនជាតិ​កូរ៉េខាង​ត្បូង និង​អ្នក​ដែល​ធ្លាប់​ទៅ​​កាន់​ប្រទេស​នេះ​ក្នុង​អំឡុង​2សប្ដាហ៍​ចុង​ក្រោយ​នេះ​។ នៅ​មុន​ការ​ចេញ​បទ​បញ្ជា​ខាង​លើ អ៊ីស្រាអែល​បាន​តម្រូវ​ឱ្យ​យន្ត​ហោះ​នៃ​ក្រុម​ហ៊ុន​កូរ៉េខាង​ត្បូង​មួយ​គ្រឿង​ដែល​ដឹក​អ្នក​ដំណើរ​180នាក់​ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េខាង​ត្បូង​130នាក់ ត្រូវ​បក​ក្បាល​ត្រឡប់​ក្រោយ​ខណៈ​យន្ត​ហោះ​នេះ​ចុះចត​នៅ​ឯទីក្រុង Tel Aviv កាល​ពី​ថ្ងៃ​ទី22កុម្ភៈ។

អ៊ីស្រាអែល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា ជនជាតិ​កូរ៉េខាង​ត្បូង​មួយ​ក្រុម​ដែល​ទើប​ត្រឡប់​មក​ដល់​អ៊ីស្រាអែល​ ត្រូវ​បាន​គេ​រក​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19។ ក្រៅ​ពី​ហាម​ជនជាតិ​កូរ៉េខាង​ត្បូង ប្រទេស​អ៊ីស្រា​អែល​ក៏​បាន​ហាម​​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​​ទៅ​កាន់​ប្រទេស​ចិន ជប៉ុន ហុង​កុង ម៉ាកៅ ប្រទេស​​ថៃ និង​សិង្ហបុរី​ផងដែរ​។

ប្រទេស​បារ៉ែនក៏​បាន​ចេញ​បទ​បញ្ជា​ហាម​​មិន​ឱ្យ​ជនជាតិ​កូរ៉េខាង​ត្បូង និង​អ្នក​ដែល​ធ្លាប់​ទៅ​កាន់​ប្រទេស​នេះ ចូល​មក​ប្រទេស​ខ្លួន​ផងដែរ​។ ពលរដ្ឋ​កូរ៉េខាង​ត្បូង​ដែល​មាន​លិខិត​ស្នាក់​នៅ​ស្រប​ច្បាប់​អាច​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​នេះ ប៉ុន្តែ​ត្រូវ​ត្រួត​ពិនិត្យ​សុខ​ភាព​ និង​តម្រូវ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​ច្រើន​ថ្ងៃ​។

ខណៈ​នេះ​ដែរ ប្រទេសសាម័រ ក៏​បាន​ហាម​មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន ចំពោះ​ជនជាតិ​កូរ៉េខាង​ត្បូង ចិន ជប៉ុន និង​ពលរដ្ឋ​សិង្ហបុរី​ទាំង​ឡាយ​ណា​ដែល​មិន​មាន​លិខិត​បញ្ជាក់​ថា​ពួកគេ​ធ្លាប់​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​យ៉ាង​តិច​2សប្ដាហ៍។ រីឯកោះ​សាម័រ​របស់​សហ​រដ្ឋ​អាមេរិក​វិញ ក៏​អនុវត្ត​វិធាន​ការ​ប្រហាក់​ប្រហែល​នេះ​ដែរ​​ ដោយ​តម្រូវ​ឱ្យ​អ្នក​ទេស​ចរ​ដែល​ចូល​មក​តំបន់​នេះ ត្រូវ​តែ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ចំនួន​14ថ្ងៃ​ជា​មុន​នៅ​លើ​កោះ​ហាវ៉ៃ។

ប្រទេស​ប្រ៊ុយណេ អង់គ្លេស តូមិននីស្ថាន កាហ្សាក់ស្ថាន អេត្យូពី និងអ៊ូហ្គង់ដា ក៏បាន​ចាប់​ផ្ដើម​រឹត​បន្តឹង​ចំពោះ​ភ្ញៀវ​ទេសចរ​មក​ពី​កូរ៉េខាង​ត្បូង និង​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ច្រើន​ ខណៈ​ដែល​ប្រទេស​អូម៉ង់នឹង​បង្ខាំង​អ្នក​ទេសចរ​កូរ៉េខាង​ត្បូង ចិន អ៊ីរ៉ង់ និង​សិង្ហបុរី​ចំនួន​14ថ្ងៃ នៅ​ពេល​ពួកគេ​ចូល​ដល់​ប្រទេស​នេះ​។

ក្រៅ​ពី​នេះ ប្រទេស​កាតា ប្រទេស​ម៉ូរីស(នៅអាហ្វ្រិកខាងកើត) និង​ទីក្រុង​ម៉ាកៅក៏​បាន​រឹត​បន្តឹង​ចំពោះ​អ្នក​ទេស​ចរ​កូរ៉េខាង​ត្បូង​ផងដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Yonhap។

សកម្មភាព​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ពី​30នាក់​កាល​ពី​ថ្ងៃទី​17កុម្ភៈ ឡើង​ដល់​833នាក់​គិត​មក​ដល់​​ថ្ងៃ​ទី​24កុម្ភៈ​ ឆ្នាំ​2020​នេះ​។ កូរ៉េខាង​ត្បូង​ក៏​មាន​អ្នក​ស្លាប់​ចំនួន​8នាក់​ហើយ​ដែរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement