​កូរ៉េខាង​ត្បូង​មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជិត​​900នាក់ ​ក្នុង​នោះ​​អ្នក​ស្លាប់​​កើន​ដល់​…

កូរ៉េខាង​ត្បូង​មាន​អ្នក​ស្លាប់​បន្ថែមចំនួន​2នាក់​ទៀតហើយ​ ​ដោយ​សារ​មេរោគ​កូរ៉ូណា​ ​ដែលនេះ​​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​9នាក់ ក្នុង​ពេល​ដែល​អ្នក​មាន​ផ្ទុក​មេរោគ​នេះ កើនដល់​893នាក់ ក្នុង​នោះ​មាន​60​នាក់​​ទើប​តែ​ត្រូវ​បាន​រក​ឃើញថ្មី​ៗ​នេះ​។

មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជំងឺ​របស់​កូរ៉េខាង​ត្បូង (KCDC) ព្រឹក​នេះ​បាន​ឱ្យ​ដឹង​ថា តួលេខ​ខាង​លើ​នេះ​ បង្ហាញ​អំពី​កម្រិត​នៃ​ការ​ឆ្លង​ទាប​បំផុត​ក្នុង​អំឡុង​4ថ្ងៃ​កន្លង​មក​។ កូរ៉េខាង​ត្បូង​ក៏​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​2នាក់​ទៀតដែរ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​ប្រទេស​នេះ​ ឡើង​ដល់​9នាក់។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​មេរោគ​​ថ្មី ក៏មាន​ញាតិ​របស់​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ជួរ​កងទ័ព​អាមេរិក​​នៅ​កូរ៉េខាង​ត្បូង​ រួម​នឹង​ទាហាន​កូរ៉េខាង​ត្បូង​2នាក់ផ្សេង​ទៀត​​ផងដែរ។ សម្បុក​មេរោគ​ធំចំនួន​2នៅ​កូរ៉េខាង​ត្បូង​ គឺ​ទីក្រុង Daegu និង​ទីរួម​ស្រុក​ Cheongdo នៃ​ខេត្ត​ Gyeongsang ខាង​ជើង បន្ត​ឆ្លង​រាល​ដាល​ខ្លាំង​ និង​មាន​ផ្ទុក​មេរោគ​នេះច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​មេរោគ​ COVID-19 សរុបក្នុង​ប្រទេស​នេះ​។ ខេត្ត​ក្រុង​ធំៗ​ស្ទើរ​តែ​ទាំង​អស់​​របស់​​កូរ៉េខាង​ត្បូង សុទ្ធ​តែ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា ក្នុង​នោះ​មាន​រដ្ឋធានី​ Seoul និង​ទីក្រុង​ Busan។

រដ្ឋា​ភិបាល​កូរ៉េខាង​ត្បូង​អះអាង​ថា​នឹង​ប្រើ​ប្រាស់​ “វិធាន​ការ​ពិសេស​” ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ រួម​ទាំង​ការ​បន្ថែម​ថវិកា​សម្រាប់​កាត់​បន្ថយ​ផលប៉ះពាល់​របស់​អាសន្ន​រោគ​ ទៅ​លើ​សេដ្ឋ​កិច្ច​ជាតិ​។

អ្នក​ជំងឺកូរ៉ូណាជា​ច្រើន​នៅ​កូរ៉េខាង​ត្បូង មាន​ជាប់​ទាក់​ទិន​​នឹង​វិហារ​សាសនា​ Shincheonji នៅ​ឯទីក្រុង​ Daegu ។ KCDC ឱ្យ​ដឹង​ថា​នឹង​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​សមាជិក​ទាំង​អស់​នៃ​ក្រុម​សាសនិក​របស់​វិហារ​ Shincheonji បន្ទាប់​ពី​ក្រុម​នេះ​ព្រម​ផ្ដល់​បញ្ជី​ឈ្មោះ​នៃ​សមាជិក​របស់ក្រុម​នេះ​ទៅ​ឱ្យ​អាជ្ញា​ធរ​​ ក្នុង​បំណង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ COVID-19​។

មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ជាង​80,000​នាក់ និង​អ្នក​ស្លាប់​ចំនួន​2,699​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement