បុគ្គលិក​ពេទ្យ​ជាង​3,000នាក់នៅ​ប្រទេស​ចិន​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ចំណែក​សម្ភារ​វេជ្ជ​សាស្ត្រ​ក៏​កំពុង​ខ្វះខាត

មន្ត្រី​របស់​ប្រទេស​ចិន​ម្នាក់ បាន​ឱ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ មាន​បុគ្គលិក​ពេទ្យ​ជាង​3,000នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​ហៅ​ថា COVID-19។

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ជា​មួយ​នឹង​ប្រតិ​ភូ​នៃ​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO)​ នៅ​​ឯ​ប្រទេស​​ចិនកាល​​ពី​​ថ្ងៃ​ទី​24​កុម្ភៈ​ ឆ្នាំ​​2020​ លោក​​ Lang Wannian មក​ពី​គណៈកម្ម​ការ​សុខាភិបាល​ចិន​ បាន​ឱ្យ​ដឹង​ថា​ បុគ្គលិក​ពេទ្យ​ជាង​3,000នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19។ បុគ្គលិក​ពេទ្យ​ដែល​បាន​ឆ្លង​មេរោគ​នេះ ភាគ​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នានា​នៃ​ខេត្ត​ Hubei ​ដែល​ជា​តំបន់​មួយ​ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​ស្នូល​នៃ​សម្បុក​​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន​។

ប្រធានា​ធិបតី​ចិន លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃទី​19កុម្ភៈ បាន​អំពាវ​នាវ​ឱ្យ​បង្កើន​វិធាន​ការ​ការ​ពារ​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា COVID-19 បន្ទាប់​ពី​មាន​វេជ្ជ​បណ្ឌិត​ជា​ច្រើនរូប​ ​បាន​ស្លាប់​ដោយ​សារ​ឆ្លង​មេរោគ​នេះ​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​​សិង្ហបុរី​ CNA។

បុគ្គ​លិក​សុខា​ភិបាល​ជាង​30,000នាក់ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ចិន រួម​ទាំង​បុគ្គលិក​ពេទ្យ​យោធា​ផងដែរ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ “សមរ​ភូមិ​” Wuhan និង​ខេត្ត​ Hubei ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​គ្រូពេទ្យ​នៅ​តែ​ត្រូវ​រង​សម្ពាធ​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​អ្នក​ជំងឺ​មាន​ចំនួន​ច្រើន​ខ្លាំង​ពេក​។

គិត​មក​ដល់​ព្រឹក​ថ្ងៃទី​25កុម្ភៈនេះ ប្រទេស​ចិន មាន​អ្នក​ស្លាប់​​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា​ឡើង​ដល់​2,663​នាក់ និង​ជាង​77,658​នាក់​​បាន និង​កំពុង​​ផ្ទុក​មេរោគ​នេះ​។

ប្រទេស​ចិន​កំពុង​ខ្វះ​ខាត​សម្ភារ​វេជ្ជ​សាស្ត្រ​ជា​ច្រើន​ដូច​ជា​ ម៉ាស់ និង​ឈុត​សម្លៀក​បំពាក់​ការ​ពារ​ការ​ឆ្លង​មេរោគ​ជា​ដើម។ ពួកគេ​ខ្លះ​ទៀត​ក៏​ត្រូវ​ប្រើ​ប្រាស់​ឈុត​ការ​ពារ​មេរោគ​ច្រើន​ដង​ ឬ​ប្រើ​សម្ភារ​ដែល​មិន​ធានា​ដល់​សុវត្ថិ​ភាព​ ហើយ​បន្ត​ធ្វើ​ការ​ក្នុង​ពេល​ដែល​ខ្លួន​ចាប់​ផ្ដើម​មាន​អាការ​ខុស​ប្រក្រតី​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement