ជិត​1,000នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង ខណៈ​អ្នក​ស្លាប់​បាន​កើន​ដល់​​2,704​នាក់​នៅ​ទូទាំង​…

កូរ៉េខាង​ត្បូង​ទើប​តែ​បាន​បញ្ជាក់​ថា មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មីបន្ថែម​​ចំនួន84នាក់​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​ឡើង​ដល់​977នាក់​។

មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​រោគឆ្លង​​របស់​កូរ៉េខាង​ត្បូង​(KCDC) បាន​ឱ្យ​ដឹង​ថា​ 80% ក្នុងចំណោម​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​977នាក់នៃប្រទេស​នេះ សុទ្ធ​តែ​មក​ពី​ទីក្រុង Daegu ខេត្ត​ Gyeongsang ខាងជើង។ កូរ៉េខាង​ត្បូង​ក៏​បាន​ប្រកាស​ថា ប្រទេស​នេះ មាន​អ្នក​ស្លាប់​ចំនួន​10នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា​ ក្នុង​នោះ​មាន​8នាក់​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Cheongdo ​ជា​កន្លែង​ដែល​អ្នក​ជំងឺ​110នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ COVID-19។

ជាមួយ​នឹង​តួលេខ​ថ្មី​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ គេ​ឃើញ​ថាចំនួន​ករណី​ឆ្លង​នៅ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​​ជាង​30ដង ចាប់​ពី​ថ្ងៃទី​18កុម្ភៈ​ ខណៈ​​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​មាន​31ករណី​។ តំបន់​ស្នូល​នៃ​អាសន្នរោគ​ចំនួន​2គឺ​ វិហារ​ Shincheonji នៅ​ឯទី​ក្រុង​ Daegu និង​មន្ទីរពេទ្យ​ Daenam នៅក្នុង​ខណ្ឌ​ Cheongdo នៃ​ខេត្ត Gyeongsang មាន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​​សរុប​70% ក្នុង​ចំណោម​អ្នក​មាន​មេរោគ​សរុប​នៅ​កូរ៉េខាង​ត្បូង​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅកាន់​តំបន់ Daegu ចាប់​តាំង​ពី​អាសន្ន​រោគ​បាន​ចាប់​ផ្ដើម​កើត​ឡើង ប្រធានា​ធិបតី​ Moon Jae-in បាន​ថ្លែង​ថា “ស្ថាន​ភាព​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​” ហើយ​លោក​ក៏​បាន​សន្យា​ថា រដ្ឋា​ភិបាល​នឹង​ជួយ​ដល់​តំបន់​នេះ​។

សូម​រំឭក​ថា អាសន្នរោគ​កូរ៉ូណា COVID-19​ នេះ បាន​កើត​ឡើង​ដំបូង​នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2020។ មក​ដល់​បច្ចុប្បន្ន មេរោគ​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​ហោច 80,289​​នាក់​ និង​បាន​​សម្លាប់​មនុស្ស​ជាង​2,704​នាក់​ នៅ​ទូទាំង​ពិភពលោក​។ កូរ៉េខាង​ត្បូង​ បច្ចុប្បន្ន បាន​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​លំដាប់​ទី​2ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេសចិន៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement