អនុរដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ មាន​ផ្ទុក​មេរោគ​កូរ៉ូណា បន្ទាប់​ពី​ធ្វើ​តេស្ត​

អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Iraj Harirchi ​ត្រូវ​បាន​គេ​រកឃើញថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ក្រោយ​ការ​ធ្វើ​តេស្ត​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋអ៊ីរ៉ង់​។

Iraj Harirchi គឺជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​នៃ​​ប្រទេស​នេះ​។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាស​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​នៅ​ក្នុង​ថ្ងៃនេះ​ថា លោក​ Iraj Harirchi បាន​ឆ្លង​មេរោគ​ និង​កំពុង​ទទួល​ការ​ព្យាបាល​។

សារ​ព័ត៌មាន​អ៊ីរ៉ង់​ ILNA ដក​ស្រង់​សម្ដី​របស់​ក្រុម​មន្ត្រី​ពី​ទីក្រុង​ Qom បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​50នាក់​ហើយ​នៅ​តំបន់នោះ​។

ក៏ប៉ុន្តែ លោក​អនុរដ្ឋ​មន្ត្រី​ Harirchi បាន​ច្រាន​ចោល​ព័ត៌មាន​ចចាម​អារ៉ាម​ខាង​លើ​។ លោក​ថា លោក​នឹង​លា​លែង​ពី​តំណែង​បើ​សិន​ជា​មាន​អ្នក​ស្លាប់​ចំនួន​ត្រឹម​ពាក់​កណ្ដាល​នៃ​ចំនួន​ដែល​គេ​បាន​ចុះ​ផ្សាយ​។

ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ក្នុង​ថ្ងៃទី25កុម្ភៈ​នេះ បាន​ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​16នាក់​ហើយ​។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianoush Jahanpour ​ក៏​បាន​បញ្ជាក់​​ដែរ​ថា មក​ដល់​ថ្ងៃនេះ អ៊ីរ៉ង់​មាន​អ្នកផ្ទុកមេរោគ​កូរ៉ូណា​ COVID-19 សរុប​ចំនួន​95នាក់​។

ទីក្រុង​ Tehran បច្ចុប្បន្ន មិន​ទាន់​បញ្ជាក់​ថា មាន​អ្នក​ជំងឺកូរ៉ូណា​ចំនួន​​ប៉ុន្មាន​នាក់​កំពុង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​​ឡែក​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាល​ដាល​នោះ​ទេ​ ប៉ុន្តែ​សារ​ព័ត៌មាន MEHR បាន​ចុះផ្សាយ​ថា មាន​អ្នក​ជំងឺ​320​នាក់​កំពុង​ត្រូវ​បាន​ព្យា​បាលក្នុង​មន្ទីរពេទ្យ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement