ចិន​បង្កើត​វ៉ាក់​សាំង​ប្រឆាំង​វីរុសកូរ៉ូណាប្រភេទ​សម្រាប់​លេប​ បាន​ជោគ​ជ័យ​មួយ​ដំណាក់​កាល​ហើយ​

ប្រទេស​ចិន​៖ មហាវិទ្យា​ល័យ​ Tianjin Medical University បាន​ប្រកាស​ថា ពួកគេ​បង្កើតបាន​​វ៉ាក់​សាំង​​ប្រភេទ​​​សម្រាប់​លេប​ដើម្បី​ការ​ពារ​មេរោគ​បង្ក​ជំងឺ​រលាក​សួត​កូរ៉ូណា​ ដែល​នេះ​នឹង​ឈាន​ទៅ​រក​ការ​សាក​ល្បង​នៅ​លើ​មនុស្ស​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

សាស្ត្រា​ចារ្យ​ Huang Jinhai ដែល​ជា​អ្នក​នាំ​មុខ​ក្នុងគម្រោង​វ៉ាក់​សាំង​នេះ បាន​សាក​ល្បង​លេប​ដោយ​ខ្លួន​ឯង​ចំនួន​4​ដង​​ ប៉ុន្តែ​មិន​មានបញ្ហា​អាក្រក់​ណា​មួយ​កើត​ឡើង​ឡើយ។ មហា​វិទ្យា​ល័យ​នេះ កំពុង​តែ​ស្វែង​រក​ដៃគូ​ដែល​មាន​សក្ដានុ​ពល​ដើម្បី​អនុវត្ត​ជំហាន​បន្ទាប់ គឺ​ពិសោធ​នៅ​លើ​មនុស្ស​ និង​ផលិត​ជា​ផ្លូវ​ការ​។

វ៉ាក់​សាំង​ប្រភេទ​សម្រាប់​លេបនេះ​​ ប្រើ​ប្រាស់​​ដំបែធម្មជាតិ saccharomyces cerevisiae សម្រាប់​ធ្វើ​ជា​ “ធាតុ​បញ្ជូន​” និង​សំដៅ​ទៅ​លើ​ប្រូតេអ៊ីន​បន្លា​របស់​វីរុស​កូរ៉ូណា ដើម្បី​បង្កើត​​អង្គ​បដិប្រាណ(អង់ទីគ័រ)​ប្រឆាំងមេរោគ COVID-19។

វ៉ាក់​សាំង​សម្រាប់​លេប​នេះ​ ត្រូវ​បាន​ផលិត​ជា​ប្រភេទ​គ្រាប់​រឹងសុទ្ធ​ គ្រាប់​មាន​ទឹក​ខាង​ក្នុង និង​ប្រភេទ​ម្សៅ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​អភិវឌ្ឍ​បច្ចេក​វិទ្យា​ស្នូល​ក្នុង​ការ​បង្កើត​កោសិកា​ដែល​អាច​ប្រមូល​ផ្ដុំ​គ្នា​ឡើង​វិញ​។ល។ និង​បង្កើត​កម្លាំង​ជំរុញ​ទៅ​លើ​ដំបែ ដែល​នេះ​សុទ្ធ​សឹង​តែ​ជា​ជំហាន​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ។

សាស្ត្រាចារ្យ​ Huang ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ប្រភេទ​លេប​ មាន​សុវត្ថិ​ភាព​ខ្ពស់ ងាយ​ស្រួល​ប្រើ​ និង​អាច​ផលិត​ក្នុង​បរិមាណ​ច្រើន​ និង​​ប្រើ​ពេល​ខ្លី​។

ក្នុង​ដំណាក់កាល​បន្ទាប់ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​លោក​សាស្ត្រា​ចារ្យ​ Huang នឹង​ស្វែង​រក​ក្រុម​ហ៊ុន​ដែល​មាន​សក្តានុពល​ដើម្បី​សហការ​គ្នា​ និង​ចាប់​ផ្ដើម​វាយ​តម្លៃ បង្កើន​ល្បឿន​នៃ​ការ​ពិសោធ​លើ​មនុស្ស និង​ផលិត​ជា​ផ្លូវការ​​។

ជា​ធម្ម​តា​ រយៈ​ពេល​នៃ​ការ​បង្កើត​វ៉ាក់​សាំង​ ចាប់​ពី​ដំណាក់​កាល​ដំបូង​រហូត​ដល់ដំណាក់​កាល​​ផលិត​ជា​ផ្លូវ គេ​ត្រូវ​ចំណាយ​ពេល​ជា​ធម្យម​ពី​2ដល់​5ឆ្នាំ​ឯណោះ​។

កាល​ពី​ថ្ងៃទី​21​កុម្ភៈ Xu Nanping អនុ​រដ្ឋ​មន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ចិន​ បាន​ប្រកាស​ថា វ៉ាក់​សាំង​ដំបូង​នឹង​ត្រូវ​បាន​ពិសោធ​នៅ​លើ​មនុស្ស​នៅ​ចុង​ខែ​មេសា​ខាង​មុខ​៕

Advertisement