អ្នក​​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​អ៊ីតាលី​កើន​ដល់​​322នាក់ កូរ៉េខាង​ត្បូង​កើន​ដល់​1,146នាក់​​ ខណៈ​ទូទាំង​ពិភព​លោក​ មាន​អ្នក​ស្លាប់​…

ប្រទេស​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ក្នុង​ប្រទេស​នេះ​ បាន​ឡើង​ដល់​322នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​ឡើង​ដល់​11ករណី​ ដែល​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ចាស់​ និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ពី​មុន​មក​។

តំបន់ Tuscany នៅ​ភាគ​កណ្ដាលប្រទេស​​អ៊ីតាលី បាន​រក​ឃើញ​អ្នក​ផ្តុក​មេរោគ​កូរ៉ូណា​ COVID-19 2នាក់​ដំបូង​ ក្នុង​នោះ​ក៏​មាន​ម្នាក់​នៅ​ឯទីក្រុង​ទេស​ចរណ៍​ដ៏​ល្បី​ឈ្មោះ Florence។ អាសន្ន​រោគ​កូរ៉ូណា​នេះ​ក៏បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​នេះ​ផងដែរ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា​3នាក់​នៅ​តំបន់ Sicily ក្នុង​នោះ​មាន​ស្វាមី​ភរិយា​មួយ​គូ​ មក​ពី​តំបន់ Lombardy ដែល​ជា​តំបន់​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ដល់​ទៅ​240នាក់។

ចំណែក​តំបន់ Liquria ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ករណី​ដំបូងមួយ​​ ខណៈ​ដែល​អ្នកជំងឺ​ទី​11ដែល​បាន​​ឆ្លង​មេរោគ​​​កូរ៉ូណា​ បាន​បាត់​បង់​ជីវិត​នៅ​អ៊ីតាលីនោះ​ គឺជា​​ស្រ្តី​វ័យ​76ឆ្នាំ​ម្នាក់ មក​ពី​តំបន់ Veneto។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ​របស់​អាជ្ញា​ធរ​។

តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំងបំផុត​​ពី​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 នៅ​អ៊ីតាលី គឺទីរួម​ស្រុក​ Codogno ដែល​មាន​ប្រជា​ជន​ប្រមាណជា​15,000​កំពុង​រស់​នៅ។ ទី​រួម​ស្រុក​មួយ​នេះ រួម​នឹង​ទី​រួម​​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ Lombardy ភាគ​ខាង​ជើង ត្រូវ​បាន​ដាក់​បម្រាម​គោចរ​ចាប់​ពី​ថ្ងៃ​ទី​23កុម្ភៈ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ COVID-19 នេះ​។

នៅ​ឯប្រទេស​កូរ៉េខាងត្បូងវិញ នៅ​ថ្ងៃទី​26 ខែកុម្ភៈនេះ បាន​រាយការណ៍​ថា ប្រទេស​នេះ​មាន​អ្នក​​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​បន្ថែមចំនួន​169​​នាក់ ដែល​ធ្វើឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​ឡើងដល់​1,146​នាក់​។ រីឯចំនួន​អ្នកស្លាប់​វិញ​បាន​កើន​ដល់​12​នាក់។

គិត​មក​ដល់​ព្រឹក​នេះ​ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា​ COVID-19 ចំនួន​2,760នាក់​ និង​អ្នក​ផ្ទុកមេរោគ កើន​ដល់​ជាង​80,994​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement