អាមេកាំង៖ 57នាក់​បាន​ឆ្លង​មេរោគ COVID-19 ខណៈ​ CDC ព្រមាន​ថាអាច​នឹង​មាន​ការ​ឆ្លង​រាល​ដាល​ទូទាំង​ប្រទេស​

សហរដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​57នាក់​ហើយ ខណៈ​ដែល​មជ្ឈ​មណ្ឌល​​ទប់​ស្កាត់ និង​គ្រប់​គ្រង​អាសន្នរោគ​របស់​ប្រទេស​នេះ បាន​ព្រមាន​ថា COVID-19 អាច​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ទូទាំង​ប្រទេស​។

យោង​តាម​ CNN មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​មក​ពី​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​អាសន្ន​រោគ​នៃ​សហ​រដ្ឋ​អាមេរិក​(Centers for Disease Control and Prevention/CDC) កាល​ពី​ថ្ងៃទី​25កុម្ភៈ បាន​ព្រមាន​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ថា​ ក្រុម​អ្នក​ជំនាញបាន​​ព្យាករ​ថា វីរុស​កូរ៉ូណា​នេះ​អាច​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​។

ក្នុង​ថ្ងៃ​ទី​25កុម្ភៈ​ដដែល CDC ក៏បាន​បញ្ជាក់​ដែរ​ថា អាមេរិក​មាន​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ចំនួន​57ករណី​ បូក​រួម​ទាំង​4ករណី​ថ្មី​ ដែល​អ្នក​ជំងឺ​ទាំង​នោះ​គឺជា​អ្នក​ទេស​ចរ​របស់​នាវា​ Diamond Princess នៅ​ជប៉ុន។ បច្ចុប្បន្ន សហ​អាមេរិកមាន​អ្នក​ជំងឺ​កូរ៉ូណា​ដែល​មក​ពី​នាវា​ Diamond Princess ចំនួន​40នាក់។

លោក​ស្រី​ Nancy Messonnier ដែល​ជា​ប្រធាន​មជ្ឈ​មណ្ឌល​ CDC​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ “យើង​គិត​ថា​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៅ​អាមេរិក​។ សំណួរ​ដែល​ត្រូវ​សួរ​នៅ​ពេល​នេះ​ មិន​មែន​ថា​តើ​ការ​ឆ្លង​រាល​ដាល​នឹង​កើត​ឡើង​ដែរ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​​គឺ​ថា តើ​វា​កើត​ឡើង​នៅ​ពេល​ណា និង​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ប្រទេស​នេះ​នឹង​ត្រូវ​ឆ្លង​វីរុស​ ហើយត្រូវ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​”។

នៅ​លើ​ទំព័រ Twitter មជ្ឈមណ្ឌល​ CDC បាន​សរសេរ​ថា ពលរដ្ឋ​អាមេរិកាំង​ គួរ​តែ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​​សម្រាប់​​សេនា​រីយ៉ូខាង​លើ​។ “ពេល​នេះ​ ​គឺជា​​វេលា​ដែលបណ្ដា​​ក្រុម​ហ៊ុន​​ និង​មន្ទីរពេទ្យ​នានា រួម​នឹង​ពល​រដ្ឋ​ ត្រូវ​តែ​ត្រៀម​សម្រាប់​ស្ថាន​ការណ៍​ដែល​ COVID-19 នឹង​កើត​ឡើង​”។

លោក​ស្រី Messonnier បាន​ឱ្យ​ថា CDC ចង់​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​យល់​ច្បាស់​ជា​មុន​ថា ជីវ​ភាព​របស់​គេ​អាច​នឹង​ត្រូវ​បាន​រំខាន​ ប៉ុន្តែ លោក​ស្រី​ជំរុញ​ឱ្យ​ពួកគេ​សហ​ការ​ជាមួយ​ CDC ដើម្បី​ត្រៀម​ខ្លួន​ទុក​ជា​មុន​ នៅ​ពេល​ស្ថាន​ការណ៍​អាក្រក់​កើត​ឡើង​។

អាសន្ន​រោគ​ COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ដំបូង​នៅ​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​ កាល​ពី​ខែធ្នូ ឆ្នាំ​2019។ មក​ដល់​បច្ចុប្បន្ន អាសន្ន​រោគ​នេះ​បាន​សម្លាប់​មនុស្ស​ជាង​2,760​នាក់​ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជិត​​90,000​នាក់​ នៅ​ទូទាំង​ពិភពលោក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement