“រូបតុក្កតា” លើសម្លៀកបំពាក់ឈុតការពារវីរុសរបស់គ្រូពេទ្យចិន គឺភាពវាងវៃកាត់បន្ថយការភ័យខ្លាច និងភ្ជាប់សម្ព័ន្ធភាពអ្នកជំងឺក្មេងៗ

អាចរាប់បានថា ជារឿងរ៉ាវតូចមួយ តែអស្ចារ្យខ្លាំងណាស់ សាងភាពរំភើបចិត្តដល់អ្នកដែលបានឃើញ និងដឹងសម្រាប់ភាពវាងវៃ និងការយកចិត្តទុកដាក់របស់ក្រុមមន្ត្រីពេទ្យប្រចាំនៅមន្ទីរពេទ្យកុមារវូហាន មណ្ឌលហ៊ូពេយ ភាគកណ្ដាលប្រទេសចិន។

ការមើលថែទាំ និងព្យាបាលបណ្ដាក្មេងតូចៗដែលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(COVID-19)នៅក្នុងបន្ទប់ញែកដោយឡែកសម្រាប់តែអ្នកជំងឺក្មេងៗ មិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមគ្រូពេទ្យដែលស្លៀកឈុតការពារមេរោគដ៏សែនចម្លែកនេះ ដែលវានាំមកនូវភាពគួរឱ្យភ័យខ្លាចចំពោះក្មេងៗជាច្រើនដែលនៅមិនទាន់ដឹងក្ដី។

វ៉ាងចៀ គិលានុបដ្ឋាកអ្នកនិយមចូលចិត្តការគូររូបជាទម្លាប់ស្រាប់ហើយនោះ បាននឹកឃើញអៃឌៀគូររូបតុក្កតាល្បីៗ និងក្បាច់ក្បូរផ្សេងៗនៅលើសម្លៀកបំពាក់ឈុតការពារមេរោគ ព្រមទាំងបបួលអ្នកជំងឺក្មេងៗតូចៗទាំងឡាយឱ្យនាំគ្នាមកជួយផាត់ពណ៌ សាងភាពជិតដិតស្និទ្ធស្នាល រហូតដល់ក្មេងមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្ត។

ការបង្កើតរូបតុក្កតានៅលើសម្លៀកបំពាក់ឈុតការពារ មុននឹងចេញទៅជួបអ្នកជំងឺក្មេងៗ បានក្លាយជាវិធីមួយដែលបណ្ដាមិត្តរួមការងាររបស់ វ៉ាងចៀ បានដឹងគ្រប់គ្នា និងនាំគ្នាធ្វើតាម ដែលវាបានបង្ហាញនូវលទ្ធផលវិជ្ជមាន ព្រោះក្មេងៗទាំងអស់បានរួមសហការក្នុងព្យាបាលកាន់តែងាយស្រួលឡើង៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement