អនុរដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់ មាន​រោគសញ្ញានៃ​ជំងឺកូរ៉ូណា COVID-19​ មុន​ពេល​ដឹង​ថាបាន​ឆ្លង​វីរុសនេះ(វីដេអូ)

ឃ្លីបវីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ បាន​ឱ្យ​​ឃើញ​ថា អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក​​ Iraj Harirchi មាន​អាការ​មិន​ធម្មតា​ទាក់​ទិន​នឹង​សុខ​ភាព​​ នៅ​មុន​ពេល​គាត់​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ់ូណា​ COVID-19។

កាល​ពី​ថ្ងៃទី​25កុម្ភៈ សារ​ព័ត៌មាន​របស់​រដ្ឋ​អ៊ីរ៉ង់​ បាន​ចេញ្​ផ្សាយ​ថា អនុរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់់​ លោក Harirchi បាន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី COVID-19។ មុន​នោះ លោក​ Harirchi បាន​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ជាមួយ​នឹង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី24កុម្ភៈ ដើម្បី​ប្រកាស​អំពី​ប្រតិ​កម្ម​របស់​ប្រទេស​នេះ​ទៅ​នឹង​អាសន្ន​រោគ​កូរ៉ូណា។

រូប​ភាព​ពី​ឃ្លីបវីដេអូ​បាន​បង្ហាញថា អនុរដ្ឋ​មន្ត្រី​សុខាភិបាល​រូប​នេះ បាន​យក​កន្សែង​ជូត​ថ្ងាស និងជូត​ច្រមុះ​ជា​បន្ត​បន្ទាប់​។ កាល​ណោះ លោក Harirchi ហាក់មាន​បញ្ហា​សុខ​ភាពទៅ​ហើយ​ ខណៈ​លោក​តែង​តែ​បែក​ញើស​​តាំង​ពីសន្និ​សីទ​កាសែត​បាន​​ចាប់​ផ្ដើម​ រហូត​ដល់​បាន​បញ្ចប់​។

នៅ​ក្នុង​សន្និ​សីទ​កាសែត​នោះ អនុរដ្ឋ​មន្ត្រី​រូប​នេះ​ បាន​ទាត់​ចោល​រាល់​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ចំនួន​50នាក់​ នៅឯទីក្រុង​ Qom។ លោក​ថែម​ទាំង​បាន​និយាយ​ថា​ នឹង​លាឈប់​ពី​តំណែង​ប្រសិន​បើ​ព័ត៌មាន​នោះ​គឺជា​ការ​ពិត​។

ក្រៅ​ពី​សន្និសីទ​កាសែត​ខាង​លើ លោក​ Harirchi ក៏​មាន​កិច្ច​សម្ភាស​មួយ​ជាមួយ​​អ្នក​យក​ព័ត៌មាន​នៃ​ទូរទស្សន៍​អ៊ីរ៉ង់​ផងដែរ​។ ក្នុង​កិច្ច​សម្ភាស លោក​មាន​អាការ​ក្អក​ជា​ច្រើន​ដង និង​តែង​យក​ដៃ​ជូត​ច្រមុះ។ នេះ​បើ​តាម​សារព័ត៌មាន​ RT។

នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍ទាំង​ពីរ​ខាងលើ លោក​អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ មិន​បាន​ពាក់​ម៉ាស់​នោះ​ទេ​។ បន្ទាប់​ពី​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា លោក​ Harirchi ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ចម្លង​មេរោគ​នេះ​ទៅ​​មនុស្ស​ជា​ច្រើន​​នាក់​ដែល​ធ្លាប់​នៅ​ក្បែរ​គាត់​។

ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី25កុម្ភៈ បាន​ឱ្យ​ដឹង​ថា ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​16នាក់ ខណៈ​អ្នក​មាន​ផ្ទុកមេរោគ​នេះ ចំនួន​95នាក់ និង​900នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​គេ​សង្ស័យ​ថា​បាន​ឆ្លង​មេរោគ​នេះ​។ អ៊ីរ៉ង់ បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​។

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ ឡើង​ដល់ 2,762 នាក់​ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន​81,005​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement