Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​បន្ថែម​284នាក់​ក្នុងថ្ងៃ​​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ឡើង​ដល់​…

ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ (covid-19) នៅ​ប្រទេស​កូរ៉េខាង​ត្បូង​​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ខ្លាំង​បន្ថែម​ទៀត​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បញ្ចប់​ការ​ធ្វើ​តេស្ត​ទៅ​លើ​សាសនិក​ប្រមាណ​212,000នាក់​​របស់​វិហារ​សាសនា​ Shincheonji។

សារ​ព័ត៌មាន​ Yonhap បាន​ឱ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​ទប់ស្កាត់​ និង​គ្រប់​គ្រង​អាសន្នរោគ​របស់​កូរ៉េខាង​ត្បូង​ប្រកាស​ក្នុង​ល្ងាច​នេះ​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​115នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នេះ​កើន​ឡើង​ដល់​2,261នាក់​។

កាល​ពី​ព្រឹក​មិញ(26កុម្ភៈ) ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​មាន​​169ករណី ដូច្នេះ សរុប​មក​ ថ្ងៃ​នេះ​កូរ៉េខាង​ត្បូង​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 ចំនួន​284នាក់។ បច្ចុប្បន្ន​ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​​ចំនួន​12នាក់​ហើយដែរ​។

បច្ចុប្បន្ន កូរ៉េខាង​ត្បូង​កំពុង​ពិនិត្យ​សុខ​ភាព​ និង​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​មនុស្ស​ចំនួន​ជាង 210,000នាក់ ដែល​អ្នក​ទាំង​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ដោយ​សារ​ពួកគេ​គឺជា​សាសនិក​នៃ​វិហារ​ Shincheonji​ ដែល​វិហារ​នេះ​មាន​អ្នក​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​សរុប​នៅ​កូរ៉េខាង​ត្បូង។ ក្រុម​អ្នក​ជំនាញ​បាន​ព្យា​ករ​ថា អំឡុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ​កូរ៉េខាង​ត្បូង​នឹង​មាន​អ្នក​ជំងឺកូរ៉ូណា​កើន​ឡើង​ច្រើន​ជាង​នេះមិន​ខាន​៕

ប្រភព​សារ​ព័ត៌មាន​បរទេស

Advertisement