ក្រុម​ហ៊ុន​ធំៗ​នៅ​កូរ៉េខាង​ត្បូង​ ​ផ្ដល់​ថវិកា​រាប់​ពាន់​លាន​វ៉ុន​ ជួយ​ដល់​បេសកម្ម​ប្រឆាំង​ និង​ទប់​ស្កាត់​កូរ៉ូណា Covid-19

ក្រុម​ហ៊ុន​យក្ស​ជា​ច្រើន​របស់​​កូរ៉េខាងត្បូង​បាន​ប្រកាស​អំពី​គម្រោង​ផ្ដល់​ថវិកា​បន្ទាន់​ដើម្បី​ជួយ​ដល់​បេសក​កម្ម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​កូរ៉ូណា Covid-19។

Samsung Group បាន​ឱ្យ​ដឹង​ថា សាខា​ក្រុម​ហ៊ុន​ Samsung ទាំង​អស់​របស់​ខ្លួន​នឹង​រួម​គ្នា​ផ្ដល់​ថវិកា​សរុប​ 30ពាន់​លាន​វ៉ុន (ប្រហែល246លាន​ដុល្លារ​អាមេរិក) ទៅ​ឱ្យ​សមាគម​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​កូរ៉េ(Korea Disaster Relief Association) ដើម្បី​ធានា​ឱ្យ​បាន​ថា​មិន​មាន​ការ​ខ្វះ​ខាតសម្ភារ និង​ឧបករណ៍​ការ​ពារ​រោគ​​ចាំបាច់​ ដូច​ជាថ្នាំ​សម្លាប់​មេរោគ ទឹក​កម្ចាត់​មេរោគ​សម្រាប់​លាង​ដៃ របស់​របរ​ចាំបាច់​​ប្រចាំ​ថ្ងៃ និង​សម្ភារ​វេជ្ជ​សាស្ត្រ​។ល។

Samsung Electronics រួម​នឹង​សាខា​ទាំង​អស់​របស់ខ្លួន​ បាន​បើក​​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​ភិបាល​បន្ទាន់​មួយ​ដើម្បី​ធ្វើ​ការ​អនុម័ត​ទៅ​លើ​ការ​ចំណាយ​ខាង​លើ​។

អគ្គនាយក​រង​នៃ​ក្រុម​ហ៊ុន​ Samsung Electronics លោក Lee Jae-yong មាន​ប្រសាសន៍​ថា “យើង​បាន​រីក​ចម្រើន​ដូចសព្វ​ថ្ងៃ​គឺ​ដោយ​សារ​មាន​ការ​គាំទ្រ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ត្រូវ​តែ​ចែករំលែក​​សុខ​ទុក្ខ​ក្នុង​គ្រា​អាសន្ន​បែប​នេះ​”។

ចំណែក​ក្រុម​ហ៊ុន​ Hyundai Motor Group មុន​នេះ​ ក៏​បាន​ផ្ដល់​ថវិកា​5ពាន់​លាន​វ៉ុន(4,1លានដុល្លារ​សហរដ្ឋ​អាមេរិក) ទៅ​ឱ្យ​សមគម​សង្គ្រោះ​អ្នក​រងគ្រោះ​មហន្ត​រាយ​ជាតិ(Hope Bridge Association of the National​ Disaster Relief) ដើម្បី​ជួយ​ដល់​បុគ្គលិក​សុខាភិបាល​ និង​ផ្គត់​ផ្គង់​សម្ភារ​សង្គ្រោះ​បន្ទាន់​ជា​ដើម​។

ភាគី​ ​Hyundai Motor Group បាននិយាយថា ជំនួយទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់ Daegu និងខេត្ត Gyeongsang ខាង​ជើង​ដែល​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​អាសន្ន​រោគ​នៅ​កូរ៉េ​ខាង​ត្បូង។

រីឯ​ LG Corp ដែល​ជា​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន LG Group ក៏​បាន​ប្រកាស​ថា​នឹង​ផ្ដល់​ជំនួយ​5ពាន់​លាន​វ៉ុន​ទៅ​ឱ្យ​អង្គ​ការ​មនុស្ស​ធម៌កូរ៉េ Community Chest of Korea សម្រាប់​ចាត់​ចែង​ជួយ​ដល់​អ្នក​ជំងឺ​កូរ៉ូណា​ ពិសេស​គឺ​អ្នក​ជំងឺនៅ​តំបន់ Daegu និង​ខេត្ត Gyeongsang ខាង​ជើង រួម​នឹង​អ្នក​ដែល​ងាយ​រង​គ្រោះ​។

ក្រុម​ហ៊ុន SK Group ឯណោះ​វិញ ក៏​ផ្ដល់​ជំនួយ​5ពាន់​លានវ៉ុនទៅឱ្យអង្គ​ការ​មនុស្ស​ធម៌កូរ៉េ Community Chest of Korea ដើម្បី​ជួយ​ដល់​ក្រុម​អ្នក​ជំងឺកូរ៉ូណា និង​អ្នក​ដែល​ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ខេត្ត Gyeongsang ខាង​ជើងផងដែរ​។

ក្រៅ​ពី​នេះ ក្រុម​ហ៊ុន​ Lotte Group ក៏​នឹង​ផ្ដល់​ជំនួយ​ដែល​មាន​តម្លៃ​1ពាន់​លាន​វ៉ុន ដល់​មូលនិធិ ChildFund Korea និង​អង្គការ​ Salvation Army ដើម្បី​ជួយ​ដល់​កុមារ​ និង​មនុស្ស​ចាស់​ក្នុង​គ្រា​កូរ៉េខាង​ត្បូង​កំពុង​រង​គ្រោះ​ដោយ​សារ​មេរោគ​បង្ក​ជំងឺ​​រលាកសួត​ប្រភេទ​ថ្មី Covid-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement