អ៊ីតាលី៖ ចំនួន​អ្នក​ឆ្លង​វីរុស​ Covid-19 កើនដល់​453នាក់ អភិបាល​ក្រុង​ត្រូវ​បង្ខាំង​ខ្លួន​ឯង​ដើម្បី​ការ​ពារ​ការ​ឆ្លង​រោគ​

អភិបាល​តំបន់ Lombardy នៃ​ប្រទេស​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា លោក​នឹង​បង្ខាំង​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​2សប្ដាហ៍ ព្រោះ​ថា​សហ​ការី​របស់​គាត់​ម្នាក់ ស្ថិត​ក្នុង​ចំណោម​មនុស្ស​453នាក់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​អ៊ីតាលី។

នៅ​ក្នុង​ឃ្លីបវីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Facebook កាល​ពី​ថ្ងៃទី​26កុម្ភៈ លោក Attilio Fontana ដែល​ជា​អភិបាល​តំបន់​ Lombardy បាន​ឱ្យ​ដឹង​ថា សមាជិក​ម្នាក់​នៃ​ក្រុម​សហការី​​របស់​គាត់​ ត្រូវ​គេ​រកឃើញ​ថា​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19។ ដូច្នេះ គាត់​នឹង​បង្ខាំង​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​2សប្ដាហ៍​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​បន្ត។

លោក Fontana ថ្លែង​ថា “ចំនួន​ករណី​ឆ្លង​នៅតែ​បន្ត​កើន​ឡើង​ វា​មិន​ច្រើន​ប៉ុន្មាន​ ប៉ុន្តែគេ​នៅ​តែ​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​​បន្ត​បន្ទាប់​ ហើយ​សហការី​​ម្នាក់​របស់​ខ្ញុំ ត្រូវ​គេ​ពិនិត្យ​ឃើញថា​​មាន​ផ្ទុក​វីរុស​”។

លោក​ Fontana បន្ត​ថា “នោះ​គឺ​ជា​មនុស្ស​ម្នាក់ដែល​ខ្ញុំ​តែង​ធ្វើ​ការ​ជាមួយ​ ជា​មនុស្ស​ឆ្លាត​វៃ​ម្នាក់​ដែល​ជួយ​ខ្ញុំ​បាន​ច្រើន​។ សំណាង​មិន​ល្អ នាង​បាន​ឆ្លង​មេរោគ​កូរ៉ូណា​។ ជាក់​ច្បាស់​ណាស់ មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​ រួម​ទាំង​រូប​ខ្ញុំ​ផង​ក៏​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ ហើយ​លទ្ធ​ផល​បង្ហាញ​ថា យើង​ខ្ញុំ​មិន​ទាន់​បាន​ឆ្លង​មេរោគ​នៅ​ឡើយ។ យើង​នឹង​បន្ត​ធ្វើ​ការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​។ ខ្ញុំ​ត្រេក​អរ​ដែល​យើង​ខ្ញុំ​មិន​បាន​ឆ្លង​មេរោគ​ បើ​ទោះ​យើង​ខ្ញុំ​ត្រូវ​បង្ខាំង​ខ្លួន​ឯង​ទៅ​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល​ ព្រោះ​ប្រការ​នេះ​នឹង​ជួយ​ការ​ពារ​អ្នក​ដែល​ធ្វើ​ការ​ជាមួយ​ខ្ញុំ​”។

កាល​ពី​យប់​ថ្ងៃ​ទី​26កុម្ភៈ ប្រទេស​អ៊ីតាលី​បាន​បញ្ជាក់​ថា​ប្រទេស​នេះ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប400នាក់។ កាល​ពី​យប់​ថ្ងៃទី​25កុម្ភៈ ប្រទេស​នេះ​ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ត្រឹម​តែ​80នាក់​ប៉ុណ្ណោះ​។

តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ​តំបន់​ឧស្សាហ​កម្ម​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ នោះ​គឺ​តំបន់ Lombardy ដែល​ស្ថិត​នៅ​​ជុំវិញ​ទីក្រុង​ Milan និង​តំបន់ Veneto ដែល​នៅ​ក្បែរ​ Venice។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​អ៊ីតាលី គិត​មក​ដល់​ពេល​នេះ មាន​ចំនួន​12នាក់។ បច្ចុប្បន្ន​​ អ៊ីតាលី​គឺ​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​មេរោគ​ខ្ពស់​​បំផុត​លំដាប់​ទី4 បន្ទាប់ពី​​ប្រទេស​ចិន កូរ៉េខាង​ត្បូង និង​ជប៉ុន។

អាជ្ញាធរ​អ៊ីតាលី​បាន​បញ្ចេញ​វិធាន​ការ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​កូរ៉ូណា​។ ទីរួម​ស្រុក​ចំនួន​11នៅ​ក្នុង​តំបន់​ស្នូល​នៃ​អាសន្ន​រោគ​ ដែល​មាន​ប្រជាជន​ចំនួន​55,000​កំពុង​រស់​នៅ ត្រូវ​បាន​ដាក់​បម្រាម​គោចរ​។ ក្រៅ​ពី​នេះ អ៊ីតាលី​ក៏​បាន​ និង​កំពុង​ផ្អាក​សកម្ម​ភាព​សាលា​រៀន សកលវិទ្យា​ល័យ រួម​នឹង​តំបន់​ទេស​ចរណ៍​ល្បីៗ​​។ល។

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement