ចំនួន​អ្នក​ឆ្លង​មេរោគ Covid-19 នៅ​កូរ៉េខាង​ត្បូង កើន​ឡើង​លឿនបំផុត​មិន​ធ្លាប់​មាន​ ខណៈ​នៅ​ទូទាំង​ពិភព​លោក​មាន​អ្នក​ស្លាប់​…

នៅ​ក្នុង​ព្រឹក​នេះ(27មករា) កូរ៉េខាង​ត្បូង​បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ជំងឺកូរ៉ូណា​​ថ្មី​ចំនួន​334ករណី​បន្ថែម​ទៀត​ហើយ ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​ឡើង​ដល់​1,595នាក់​​ នៅ​ទូទាំង​ប្រទេស​។

សារ​ព័ត៌មាន Yonhap បាន​ចេញ​ផ្សាយ ដោយ​យោង​ទៅ​លើ​មជ្ឈមណ្ឌលទប់​​ស្កាត់​ និង​​គ្រប់​គ្រង​រោគ​ឆ្លង​​របស់​កូរ៉េខាង​ត្បូង​ នា​ព្រឹក​នេះ (27កុម្ភៈ) ​បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ប្រទេសនេះ​ បាន​កើន​បន្ថែម​334​នាក់ នាំ​ឱ្យ​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ឡើង​ដល់​1,595នាក់​។ នេះ​គឺជា​តួលេខ​ដែល​កើន​ឡើង​ខ្ពស់​បំផុតមិន​ធ្លាប់​មាន​ ចាប់​ពី​អាសន្ន​រោគ​នេះ​បាន​ឆ្លង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​រាប់​ចាប់​ពី​ខែ​មករា​មកដល់​នឹង​ពេល​នេះ​។ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​12​ករណី​ផងដែរ​។

ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ជំងឺ​កូរ៉ូណា​ដែល​ទើប​បាន​រក​ឃើញ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិហារ​សាសនា​ Shincheonji មួយ​កន្លែង​នៅ​ឯទី​ក្រុង​ Daegu។ ជាក់​​ស្ដែង​ ក្នុង​ចំណោម​អ្នក​ជំងឺ​ថ្មី​334នាក់នេះ គឺ​មាន​307នាក់​ស្ថិត​នៅ​ក្នុង​តំបន់ Daegu និង​4នាក់​ទៀត​នៅ​ឯខេត្ត​ Gyeongsang ខាង​ជើង​ ដែល​តំបន់​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​នៅ​កូរ៉េខាង​ត្បូង​នា​បច្ចុប្បន្ន​។ អ្នក​ជំងឺ​ក្រៅ​ពី​នេះ​ គឺ​នៅ​​ក្នុង​ខេត្ត និងទី​ក្រុង​ផ្សេង​ៗ​របស់​កូរ៉េខាង​ត្បូង ក្នុង​នោះ​ក៏​មាន​អ្នក​ជំងឺ​កូរ៉ូណា​6នាក់​នៅ​ក្នុង​ទី​ក្រុង​ Seoul ផងដែរ​។

មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​កូរ៉ូណា Covid-19 ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ ​គឺជា​​ស្ដ្រី​ជន​ជាតិ​ចិន​ម្នាក់ មក​ពី​ទីក្រុង​ Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ដំបូង និង​ធំ​បំផុត​នៅ​ប្រទេស​ចិន​។

កូរ៉េខាង​ត្បូង​ បច្ចុប្បន្ន​គឺជា​សម្បុកមេរោគ​ Covid-19 ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​។

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ Covid-19 ចំនួន​2,799​នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ មាន​ចំនួន​82,152​នាក់​ រីឯ​អ្នក​ដែល​បាន​ជាសះស្បើយ​​ពីជំងឺ​នេះ​ មាន​ប្រមាណជា​ 32,814​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement