ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន កើន​ឡើង​ទាប​បំផុត​ក្នុង​អំំឡុង​1ខែ​កន្លង​ ខណៈ​នៅ​ខាង​ក្រៅ​ប្រទេស​នេះ បាន​កើន​ខ្ពស់​ជាង

ប្រទេស​ចិន​​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​29នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 ក្នុង​ថ្ងៃទី​26​មករា ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ចិន​(ចិន​ដីគោក) ឡើង​ដល់​​2,744​នាក់​។

កាសែត​ China Daily ដក​ស្រង់​ទិន្ន​ន័យ​ពី​គណៈកម្មការ​សុខា​ភិបាល​ចិន​ បាន​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃទី​26កុម្ភៈ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​​ដោយ​សារ​មេរោគ​កូរ៉ូណា​បន្ថែម ចំនួន​29នាក់ ក្នុង​នោះខេត្ត Hubei មាន​26នាក់​។ នេះ​គឺជា​តួលេខ​នៃ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដែល​មាន​កម្រិត​ទាប​បំផុត​ រាប់​ចាប់​ពី​ថ្ងៃទី​28មករា​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ មាន​អ្នក​ស្លាប់​សរុប​ចំនួន​2,744​នាក់​។

ចំនួន​ករណី​​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែមសម្រាប់​ថ្ងៃ​ទី​26កុម្ភ​ នៅ​ទូទាំង​ប្រទេស​ចិន មាន​ចំនួន​433​នាក់​ ក្នុង​នោះ​ ខេត្ត​Hubei មាន​ចំនួន​409នាក់ នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​ Covid-19 នៅ​ប្រទេស​ចិន​ កើន​ដល់​ជិត​78,500​នាក់​។

នៅ​ទូទាំង​ពិភលោក ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ថ្មី​នេះ បាន​កើន​ដល់​2,801​នាក់​ រីឯ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ ក៏​កើន​ឡើង​ដល់​82,164​នាក់​ផងដែរ​។

យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) ការ​កើន​ឡើង​ដល់​កម្រិត​កំពូល​នៃ​អាសន្ន​រោគ​កូរ៉ូណា​ គឺ​​ចាប់​ពី​ថ្ងៃទី​23​មករា ដល់​ថ្ងៃទី​2កុម្ភៈ ហើយ​ចាប់​ពីក្រោយ​ថ្ងៃ​នោះ ចំនួន​ករណី​ឆ្លង​ បាន​ថយ​ចុះ​​បន្តិច​ម្ដង​ៗ​។ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) លោក Tedros Adhanom Ghegreyesus កាល​ពី​ថ្ងៃទី​26កុម្ភៈ បាន​ថ្លែង​ថា ជា​លើក​ដំបូង​ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ប្រទេស​នេះ​ និង​ជា​សញ្ញា​បង្ហាញ​ថា អាសន្ន​រោគ​បាន​រាល​ដាល​ទូទាំង​ពិភពលោក​។

WHO ឱ្យ​ដឹង​ថា ចំនួន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​នៅ​ប្រទេស​ចិន ក្នុង​ថ្ងៃ​ទី​25កុម្ភៈ គឺ​មាន411​នាក់ ខណៈចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បន្ថែម​នៅ​ខាង​ក្រៅ​ប្រទេស​ចិន មាន​ចំនួន​427​នាក់​។ លោក​ Tedros យល់​ថា “ការ​កើន​ឡើង​ដ៏​ខ្លាំង​នៃ​ចំនួន​អ្នក​ឆ្លង​នៅតាម​​បណ្ដា​ប្រទេស​ដូច​ជា អ៊ីតាលី កូរ៉េខាង​ត្បូង អ៊ីរ៉ង់ជា​ដើម គឺ​ជា​ការ​ “គួរ​ឱ្យ​ព្រួយ​បារម្ភ​”។

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement