អ្នកវិទ្យាសាស្ត្រព្រមាន មេរោគ COVID-19 អាចនឹងទប់ទល់មិនឈ្នះ មនុស្សជាតិអាចឆ្លងមេរោគនេះ 70% និងស្លាប់ពី 10-100លាននាក់

បណ្ដាញអ្នកសារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃទី26 កុម្ភៈម្សិលមិញថា The Atlantic បានបោះពុម្ពផ្សាយអត្ថបទយោងតាមអ្នកជំនាញខាងផ្នែកជំងឺឆ្លងវិទ្យា នៃមហាវិទ្យាល័យហាវ៉ាដ សហរដ្ឋអាមេរិកដែលបានព្រមាន​ថា ការឆ្លងរាលដាលរបស់មេរោគវីរុស COVID-19 ដែលបានចម្លងមេរោគទៅមនុស្សជាង 80,000​នាក់​ និងមានអ្នកស្លាប់រួចទៅហើយចំនួនជិត 3,000នាក់នោះ អាចនឹងមិនអាចគ្រប់គ្រងបាន។

ក្រៅពីនេះ អត្ថបទនោះនៅបានបង្ហើបឱ្យដឹងទៀតថា ទោះជាគ្រូពេទ្យនៅប្រទេសចិន អ៊ីរ៉ង់ អ៊ីតាលី និងប្រទេសជាច្រើនទៀតកំពុងព្យាយាមយ៉ាងខ្លាំងក្លាក្នុងការពិនិត្យរកអ្នកឆ្លងមេរោគ និងបង្ខាំងពួកគេទាំងនោះ​ក៏ដោយ តែនៅទីបំផុតទៅ មេរោគនេះក៏នៅតែឆ្លងរាលដាល និងចម្លងទៅប្រជាជននៅទូទាំងពិភពលោកក្នុងចំណែកប្រមាណជា 40-70%ក្នុងអំឡុងដំណាច់ឆ្នាំនេះ។

“ខ្ញុំគិតថា លទ្ធផលដែលចេញមក វាអាចទៅរួចខ្លាំងជាងដែលថា ទីបំផុតទៅ ពិភពលោកនឹងមិនអាចគ្រប់គ្រងមេរោគនេះបាន” ម៉ាក លិបស៊ិតឆ៍ អ្នកជំនាញខាងជំងឺឆ្លងវិទ្យាបានបញ្ជាក់ប្រាប់ The Atlantic។ ក្រៅពីនេះ លិបស៊ីតឆ៍ បានបញ្ជាក់ទៀតថា មេរោគវីរុសនេះនឹងឆ្លងរាលដាលបានមួយចំណែក ព្រោះអ្នកឆ្លងមេរោគដែលមានអាការមិនធ្ងន់ធ្ងរនឹងមិនអាចរារាំងមិនឱ្យពួកគេចេញក្រៅផ្ទះទៅធ្វើកិច្ចការងារប្រចាំថ្ងៃបានទេ ទើបធ្វើឱ្យមេរោគវីរុសមានឱកាសចម្លងមេរោគបានច្រើនឡើង ជាពិសេស ចំពោះអ្នកឆ្លងមេរោគជាច្រើនដែលមិនបង្ហាញអាការ។

ខណៈដែលសាស្ត្រាចារ្យ នីលស៍ ហ្គីលមែន មកពី Berggruen Institute បានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធ្វើរ៍ផ្ទាល់ខ្លួនថា មានភាពអាចទៅរួចដែលថា មនុស្សជាតិនឹងឆ្លងមេរោគនេះ 70% និងបើគិតពីអត្រាការស្លាប់របស់អ្នកឆ្លងមេរោគត្រឹមតែ 1-3% ក៏អាចនឹងមានអ្នកស្លាប់ចាប់ពី 10-100លាននាក់ដែរ។

ទាំងអស់នេះ ទោះជាអ្នកស្លាប់ពីការឆ្លងមេរោគ COVID-19 ភាគច្រើនជាមនុស្សដែលមានអាយុច្រើនស្រាប់ហើយក៏ពិតមែន តែក៏មានអ្នកស្លាប់នៅក្នុងប្រទេសចិន ជាមន្ត្រីពេទ្យដែលមានអាយុនៅតិចដូចគ្នាដែរ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement