វីវរហើយ!! លទ្ធផលវិភាគ បង្ហាញច្បាស់ថា វិធានការពិនិត្យរកអ្នកឆ្លងមេរោគ COVID-19 នៅតាមអាកាសយានដ្ឋានទូទាំងពិភពលោក “បរាជ័យ” ពិនិត្យមិនឃើញអ្នកផ្ទុកមេរោគជាងពាក់កណ្ដាល!

ការព្យាយាមពិនិត្យលម្អិតរកអ្នកមានមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ទូទាំងពិភពលោកដើម្បីការ​ពារ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគនេះ មើលទៅហាក់ដូចជា “នឹងបរាជ័យ” ហើយ។ តាមរយៈលទ្ធផលនៃការវិភាគថ្មីមួយដែលបានព្រមានថា ទោះជាមានការពិនិត្យលម្អិតដែលល្អបំផុតទៅលើអ្នកដំណើរដែលសញ្ចរតាមផ្លូវអាកាស ក៏មានការភ្លាត់ភ្លាំង រកមិនឃើញអ្នកឆ្លងមេរោគជាងពាក់កណ្ដាលដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP។

មានអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះរួចមកហើយច្រើនជាង 80,000នាក់នៅទូទាំងពិភពលោក រាប់ចាប់ពីមេរោគនេះចាប់ផ្ដើមបង្ហាញខ្លួនឡើងនៅក្នុងភាគកណ្ដាលនៃប្រទេសចិនកាលពីខែកន្លងទៅ។

អ្នកដំណើរដែលសញ្ចរតាមផ្លូវអាកាសនឹងត្រូវបានពិនិត្យសុខភាពលម្អិតដោយម៉ាស៊ីនពិនិត្យសីតុណ្ហភាព និងបំពេញ​លើ​ទម្រង់​ក្រដាស​សួរ-ឆ្លើយក្នុងវិធានការទប់ទល់រោគឆ្លង តែកាលពីថ្ងៃពុធ(ទី26កុម្ភៈ)អង្គការសុខភាពពិភពលោកបានបញ្ជាក់ជាលើកដំបូងថា ចំនួនអ្នកឆ្លងមេរោគនៅក្រៅប្រទេសចិនដីគោក បានវ៉ាដាច់ចំនួនអ្នកឆ្លងមេរោគនៅក្នុងប្រទេសចិនរួចស្រេចបាត់ហើយមកដល់ថ្ងៃនេះ។ នេះគឺដោយសារតែការពិនិត្យរករោគសញ្ញានៅលើអ្នកដំណើរតាមផ្លូវអាកាស(យន្តហោះ)មិនទទួលបានលទ្ធផលល្អហ្នឹងឯង។

អង្គការសុខភាពពិភពលោកប្រាប់ថា រយៈពេលសម្ងំខ្លួននៅក្នុងរាងកាយមនុស្សរបស់មេរោគ COVID-19 ឬចន្លោះពេលដែលអ្នកជំងឺម្នាក់ៗឆ្លងមេរោគ ជាមួយនឹងការបង្ហាញអាការ ស្ថិតក្នុងអំឡុងពេលប្រមាណជា 10-14ថ្ងៃ នោះទើបមានន័យថា អ្នកជំងឺអាចចម្លងមេរោគបានដោយមិនដឹងខ្លួនក្នុងអំឡុងពេលនោះ និងធ្វើឱ្យការពិនិត្យសីតុណ្ហភាពអ្នកដំណើរដើម្បីរកមើលអាការគ្រុនក្ដៅខ្លួន ឬសូម្បីតែសាមីខ្លួនចូលបង្ហាញខ្លួនដោយខ្លួនឯងថា ឆ្លងមេរោគក៏ដោយនោះ បានក្លាយជារឿងដែលឥតប្រយោជន៍ក្នុងការទប់ស្កាត់ការឆ្លងមេរោគនេះ។

ឃែតធ្លីន ហ្កស្ទិក អ្នកជំនាញការមកពីមហាវិទ្យាល័យ ឈិកាហ្គោ ដែលជាអ្នកសរសេរអត្ថបទម្នាក់បានប្រាប់AFP ថា “យើងប៉ាន់ប្រមាណថា ជាមធ្យម វិធានការពិនិត្យលម្អិត នឹងមិនរកឃើញអ្នកដំណើរដែលឆ្លងមេរោគ ប្រមាណជា 2/3”

“អ្នកខ្លះមិនបង្ហាញអាការអ្វីទាំងអស់ អ្នកខ្លះនឹងបង្ហាញអាការនៅច្រើនថ្ងៃបន្ទាប់មក តាមរយៈទាំង 2យ៉ាងនេះ រឿងរ៉ាវទាំងនេះ គឺជាឧទាហរណ៍មួយនៃការពិបាកក្នុងការពិនិត្យលម្អិតលើអ្នកធ្វើដំណើរតាមយន្តហោះ ដែលយើងមានបំណងពិនិត្យរកឱ្យឃើញអ្នកឆ្លងមេរោគតាំងពីដំបូងៗឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន តែអ្នកដំណើរជាច្រើនមិនបង្ហាញអាការរោគដែលអាចឱ្យយើងពិនិត្យរកឃើញក្នុងដំណាក់កាលដំបូងនៃការឆ្លងមេរោគនេះទេ” ឃែតធ្លីន រៀបរាប់បន្ថែម។

ឃែតធ្លីន ហ្កស្ទិក បានព្រមានថា ពិភពលោកអាចនឹងស្ថិតក្នុងចំណុចប្រែប្រួលមួយ ចំណុចដែលការពិនិត្យលម្អិត ឬសូម្បីតែវិធានការបង្ខាំងដើម្បីទប់ស្កាត់ការចម្លងមេរោគផ្សេងៗបែបដូចៗគ្នា ដែលយើងបានឃើញនៅក្នុងទីក្រុងវូហាននោះ លែងបានលទ្ធផលតទៅទៀត “ពេលនោះ រដ្ឋាភិបាលនៃប្រទេសនានា គួរតែចាប់ផ្ដើមគិតជាថ្មីពាក់ព័ន្ធនឹងការឆ្លងរាលដាលដ៏ធំទូទាំងទ្វីប ឬទូទាំងពិភពលោកបានហើយ”៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement