បុគ្គលិក​ប្រឆាំង​អាសន្នរោគកូរ៉ូណា Covid-19 លោត​ចូល​ទន្លេ​ធ្វើ​អត្តឃាត

កូរ៉េខាង​ត្បូង៖ បុរស​វ័យ​ប្រហែល​30ឆ្នាំម្នាក់​​ ជា​បុគ្គលិក​ទទួល​ភារ​កិច្ច​ទប់ស្កាត់​អាសន្នរោគ​របស់​​ក្រសួង​យុត្តិ​ធម៌ បាន​បាត់​បង់​ជីវិត​ បន្ទាប់​ពី​បាន​លោត​ពី​លើ​ស្ពាន​ចូល​ទឹក​ទន្លេ​ដើម្បី​សម្លាប់​ខ្លួន​។

រូប​ភាព​បាន​ពី​កាមេរ៉ា​សុវត្ថិ​ភាព​បង្ហាញថា បុរស​នេះ​បាន​បើក​បរ​រថយន្ត​​មក​ចត​លើ​ស្ពាន​ Dongjak នៅ​ទី​ក្រុង​ Seoul ក្រោយ​មក​​ក៏បាន​ចេញ​ពី​រថយន្ត ហើយក៏លោត​ពី​លើ​ស្ពាន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ហាន (Han River /Hangang) នៅ​វេលា​ម៉ោង​ប្រហែល​5ព្រឹក ថ្ងៃទី​25​កុម្ភៈ។ 4ម៉ោង​បន្ទាប់​​ពី​បាន​លោត​ចូល​ក្នុង​ទន្លេ នគរ​បាល​បាន​រក​ឃើញ​សាកសព​ និង​បាន​បញ្ជាក់់​ថា​​ គាត់​គឺជា​ម្ចាស់​រថយន្ត​ដែលបាន​ចត​នៅ​លើ​ស្ពាននេះ​ពិត​មែន។

សារព័ត៌មាន​កូរ៉េខាង​ត្បូង បាន​ចេញ​ផ្សាយ​ថា បុរស​នេះ​គឺជា​បុគ្គលិក​ធ្វើ​ការ​នៅ​ឯការិយាល័យ​គ្រប់​គ្រង​វិបត្តិ​ និង​ស្ថាន​ការណ៍​បន្ទាន់​​របស់​ក្រសួង​យុត្តិ​ធម៌​កូរ៉េខាង​ត្បូង ដែល​ទទួល​បន្ទុក​ទប់ស្កាត់​អាសន្ន​រោគ​កូរ៉ូណា Covid-19។ សមត្ថ​កិច្ច​កូរ៉េខាង​ត្បូង​ កំពុង​ស៊ើប​អង្កេត​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​បុរស​នេះ​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​។

ហេតុ​ការណ៍​ខាង​លើ​ ​បាន​កើត​ឡើង​ក្នុង​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​កូរេខាង​ត្បូង​បាន​កើន​ឡើង​ដល់​ជិត​1,600នាក់(ក្នុង​ថ្ងៃ​ទី25កុម្ភៈ)។ 80%​ នៃ​អ្នក​ជំងឺ​កូរ៉ូណា គឺ​មាន​ទី​លំនៅ​​ក្នុង​ទីក្រុង Daegu ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី Seoul ប្រហែល300គីឡូម៉ែត្រ​ទៅ​ភាគ​ខាង​ត្បូង​ និង​នៅ​ក្នុង​ខេត្ត​ Gyeongsang ដែល​នៅ​ក្បែរ​នោះ​។

តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​កូរ៉េខាង​ត្បូង​នឹង​អាច​កើន​ឡើង​ច្រើន​ជាង​នេះ​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ជាង​210.000​នាក់(ដែល​ជា​សមាជិក​​នៃ​វិហារ​សាសនា​ Shincheonji) បាន​បញ្ចប់​។

គិត​មក​ដល់​ល្ងាច​នេះ(27កុម្ភៈ)​ កូរ៉េខាង​ត្បូង​មាន​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​​សរុប​ចំនួន1,595នាក់​ និង​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​មេរោគ​នេះ មាន​ចំនួន​13នាក់​។ នៅ​ទូទាំង​ពិភពលោក​ ពេល​នេះ​ មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​Covid-19 ឡើង​ដល់​82,170នាក់​ និង​អ្នក​ស្លាប់​បាន​កើន​​ឡើង​ដល់​​2,804​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement