នាវា​ទេស​ចរណ៍​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ 4,500នាក់ កំពុង​ជួប​បញ្ហា​ស្រដៀងនាវា​ MS Westerdam ដែល​បាន​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះ​សីហនុ

ប្រទេស​កោះ Jamaica និង​ប្រជុំកោះ Cayman (កោះ Jamaica និង Cayman ជាដែនដី2ក្នុង​ចំណោម​ដែន​ដី​ទាំង​16​របស់​អង់គ្លេស​ ដែល​គេ​ហៅ​ថា Commonwealth realm) បាន​បដិសេធមិន​ឱ្យ​នាវា​ទេស​ចរណ៍​មួយ​គ្រឿង​របស់​អាមេរិក​ចូល​ចត​ក្នុង​កំពង់​ផែ​របស់​ពួកគេ​ ដោយ​សារ​តែ​សមាជិកម្នាក់​នៃ​​ក្រុម​នាវិក​មាន​ជំងឺ​។

កាល​ពីថ្ងៃទី​25កុម្ភៈ នាវា​ទេស​ចរណ៍​ MSC Mereviglia ដែល​មាន​ការិយា​ល័យ​កណ្ដាល​នៅ​ Miami សហរដ្ឋ​អាមេរិក ត្រូវ​បានអាជ្ញា​ធរ​ Jamaica បដិសេធ​មិន​ឱ្យ​ចូល​ចត​ក្នុង​កំពង់​ផែ នៅ​ពេល​ដែល​នាវា​នេះ​បាន​ទៅ​ជិត​ដល់​ទី​រួម​ស្រុក Ochos Rios ដោយ​សារ​តែ​សមាជិក​ម្នាក់​នៃ​ក្រុម​នាវិក​របស់​កប៉ាល់​នេះ​ មាន​អាការ​ក្អក គ្រុន​ក្ដៅ និង​ឈឺ​សព្វ​រាងកាយ​(រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​)។ ក្រសួង​សុខាភិបាល​ Jamaica បាន​ប្រកាស​ឱ្យ​ដឹង​ថា បុគ្គលិក​ម្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែកពី​គេ​នៅ​លើ​នាវានោះ។

នៅ​លើ​នាវា​ ដែល​កំពុង​​ដឹក​ភ្ញៀវ​ចំនួន​ជាង​4,500នាក់ និង​បុគ្គលិក​នាវា​ជាង​1,600នាក់ កំពុង​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ​ Caribbean ក្នុង​គម្រោង​ដំណើរ​រយៈ​ពេល14ថ្ងៃ​។ ក្រោយ​ពី​ត្រូវ​បាន​បដិសេធ​ដោយ​ Jamaica នាវា​នេះ​បន្ត​ដំណើរ​ទៅ​កំពង់ផែ​របស់ Grand Cayman ក៏ប៉ុន្តែ ជា​អកុសល​ នាវា​ MSC Mereviglia នេះ ក៏ត្រូវ​បដិសេធទៀត​។ មន្ត្រី​ផ្នែកសុខា​ភិបាល​ Cayman បាន​ឱ្យ​ដឹង​ថា ការ​បដិសេធ​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការ​ពារ​សុខ​ភាព​​ និង​សុវត្ថិ​ភាព​ជូន​ប្រជាជន​នៅ​លើ​កោះ​តែ​ប៉ុណ្ណោះ​។

ភាគីក្រុម​ហ៊ុន​​នាវា​ទេសចរណ៍​បាន​រិះ​គន់​ទៅ​លើ​ការ​សម្រេច​​ខាង​លើនេះ ហើយ​ថា​ អាជ្ញាធរ​កោះ មិន​បាន​ស្រាវ​ជ្រាវ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​ឯកសារ​សុខាភិបាល​ដែល​ភាគី​នាវា​បាន​ផ្ដល់​ជូន​ពិនិត្យនោះ​ទេ​។ ​ឯកសារ​បាន​រៀប​រាប់​ថា សមាជិកដែល​មាន​ជំងឺ​គ្រុន​នោះ ធ្លាប់​បានធ្វើ​ដំណើរ​ពីទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ​ទៅ​កាន់តំបន់ Miami និង​បាន​ឡើង​នាវា​នៅ​ឯ Istanbul ប្រទេស​ទួរគី។ មុន​ពេល​ឡើង​នាវា​ បុគ្គលិក​នេះ​ត្រូវ​បាន​គេ​ពិនិត្យ​សុខ​ភាព​គ្រប់​ផ្នែក និង​មិន​មានរោគ​សញ្ញា​អ្វី​នោះ​ទេ​។ ក្រោយ​ពី​បាន​ឡើង​នាវា​ ទើប​បុគ្គលិក​នេះ​កើត​ជំងឺ ហើយ​បន្ទាប់​ពី​ពិនិត្យ​ ទើប​គេ​ដឹង​ថា មាន​ផ្ទុក​វីរុស​គ្រុន​ផ្ដាសាយ​អេ(Influenza A virus)។

បច្ចុប្បន្ន នាវា​នេះ​កំពុង​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​បន្ទាប់​ នៅ​ឯ Cozumel ប្រទេស​ប្រេស៊ីល។ អ្នក​គ្រប់​គ្រង​នាវា​នេះ​បាន​ទំនាក់​ទំនង​ទៅ​កាន់​ការិយា​ល័យ​សុខា​ភិបាល​​ក្នុង​ស្រុក​ដើម្បី​ធានា​ថា រដ្ឋា​ភិបាល​ប្រទេស​នេះ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​យោង​ទៅ​លើការ​វាយ​តម្លៃ​ជាក់​ស្ដែង​។

អ្នក​ទេសចរ​ម្នាក់​​នៅ​លើ​នាវា​បាន​ឱ្យ​ដឹងថា ភ្ញៀវ​ទេស​ចរ​ជា​ច្រើននៅ​លើ​នាវា​នេះ ​ចាប់​ផ្ដើម​ព្រួយ​បារម្ភកាន់​តែ​ខ្លាំង​ឡើង​ៗ​។ ប៉ុន្តែ ភាគីនាវា​បាន​ផ្ញើ​ពាក្យ​សុំ​ទោស​ចំពោះ​ភ្ញៀវ​ទាំង​អស់ ហើយ​ថានាវា​នេះ​នឹង​សង​ជំងឺចិត្តដែល​បាន​រំលង​ចោល​តំបន់​ទេស​ចរណ៍​នៅ​ Ocho Rios និង Grand Cayman ដែល​មាន​តម្លៃ​សរុប​200ដុល្លារ​អាមេរិក សម្រាប់​ភ្ញៀវ​ម្នាក់​ៗ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement