ចំនួន​អ្នក​ឆ្លង​វីរុស​ Covid-19 ថ្មី នៅ​ប្រទេស​ចិន កើន​ទាប​បំផុត​ក្នុង​អំឡុង​1ខែ​កន្លង ខណៈ WHO ថាដល់​ “ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ”

ចំនួន​អ្នក​ឆ្លងថ្មី​ និង​ចំនួន​អ្នក​ស្លាប់់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា​ Covid-19 នៅ​ប្រទេស​ចិន កំពុងតែ​កើន​ឡើង​យឺតៗ​មក​វិញ​។ ក្រុម​អ្នក​ជំនាញ​យល់​ថា អាសន្ន​រោគ​នេះ​នៅ​ប្រទេស​ចិន អាច​នឹង​ត្រូវ​បាន​គ្រប់គ្រង​នៅ​ខែ​មេសា​ខាង​មុខ​។

Reuters ដក​ស្រង់​ព័ត៌មាន​ពី​គណៈកម្ម​ការ​សុខា​ភិបាល​ចិន​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ថ្ងៃទី​27កុម្ភៈ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែម​327នាក់ ដែល​ជា​កំណើន​ទាប​បំផុត​ចាប់​ពី​ថ្ងៃទី​23មករា​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​78,824នាក់​ ក្នុង​នោះ​ខេត្ត Hubei មាន​អ្នក​ឆ្លង​មេរោគ​បន្ថែម​ចំនួន​318នាក់ ដែល​តួលេខ​នេះ​ទាបបំផុត​រាប់​ចាប់​ពី​ថ្ងៃទី​24មករា​។

នៅ​ក្នុង​ថ្ងៃទី​27​កុម្ភៈ​ដដែល ប្រទេស​ចិន​មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​នេះចំនួន​44នាក់​ នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​2,788នាក់​។ មុន​នោះ​មួយ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​​ទី​26​កុម្ភៈ​ ប្រទេស​ចិន​មាន​អ្នក​ស្លាប់ដោយសារ​វីរុស​កូរ៉ូណា​ ត្រឹម​តែ​29​នាក់​ប៉ុណ្ណោះ ដែលនេះ​​ជា​កំណើន​ទាប​បំផុត​ក្នុង​រយៈ​ពេល​1ខែ​មក​នេះ​។

នៅ​ឯសម្បុកមេរោគ​​កូរ៉ូណា​នៃ​ខេត្ត Hubei ប្រទេស​ចិន មាន​អ្នក​ស្លាប់​41នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​​​កាល​ពីម្សិល​មិញនៅ​​ប្រទេស​ចិន។ មក​ដល់​ពេល​នេះ អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​ជាង36,000នាក់​​ លែង​មាន​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ហើយ។

បន្ទាប់​ពី​បាន​កើត​ឡើង​នៅ​ឯទី​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​ កាល​ពី​ចុង​ឆ្នាំ​មុន មក​ដល់​បច្ចុប្បន្ន អាសន្ន​រោគ​​កូរ៉ូណា​នៅ​ប្រទេស​ចិន ហាក់​មាន​ការ​ធូរ​ស្បើយ​ជា​ង​មុន​បន្តិច​។ លោក Zhong Nanshan អ្នក​ជំនាញ​ផ្នែក​អាសន្ន​រោគ​នៅ​ប្រទេស​ចិន​ បាន​ព្យា​ករ​ថា អាសន្ន​រោគ​នេះ​អាច​នឹង​ត្រូវ​បាន​គ្រប់​គ្រង​នៅ​ប្រទេស​ចិន​ក្នុង​ខែ​មេសា​ខាង​មុខ​។

អ្នក​ជំនាញ​ខាង​លើ​យល់​ថា អាសន្ន​រោគ​ Covid-19 អាច​មិន​មែន​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន​។ លោក​និយាយ​ថា “នៅ​ពេល​គេ​លើក​ឡើង​អំពី​ការ​ព្យា​ករ គេ​តែង​គិត​អំពី​ប្រទេស​ចិន ដោយ​មិន​គិត​ដល់​ប្រទេស​ដទៃ ប៉ុន្តែ ពេល​នេះ​អាសន្ន​រោគ​បាន​មាន​វត្តមាន​នៅ​ក្នុង​បណ្ដា​ប្រទេស​។​ បើ​ទោះ​ជា​ជំងឺ​នេះ​ចាប់​ផ្ដើម​ឆ្លង​នៅ​ប្រទេស​ចិន ប៉ុន្តែ ប្រការ​នេះ​មិន​មែន​មាន​ន័យ​ថា​ ប្រទេស​ចិន​ជា​ប្រភព​ចម្លង​មេរោគនោះ​ដែរ​”។

នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មនុស្ស​ជាង​2,800នាក់​បាន​បាត់​បង់​ជីវត និង​ជាង​83,000​នាក់​បាន​ឆ្លង​មេរោគ​ Covid-19។ ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក​(WHO) លោក Tedros Adhanom Ghebreyesus យល់​ថា ស្ថាន​ភាព​ឆ្លង​រាល​ដាល​នៅ​តាម​បណ្ដា​ប្រទេស​ គឺ​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាង​នៅ​ប្រទេស​ចិន​។ លោក​មាន​ប្រសាសន៍​ថា នេះ​គឺជា​ “ដំណាក់​កាលផ្ដាច់​ព្រ័ត្រ​” ដូច្នេះ​ ប្រទេស​ទាំង​ឡាយ​ត្រូវ​តែ​បញ្ចេញ​សកម្ម​ភាព​ឱ្យ​បាន​រហ័ស​ដើម្បី​ទប់ស្កាត់​ និង​គ្រប់​គ្រង​អាសន្ន​រោគ​នេះ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement