អនុប្រធានាធិបតី​អ៊ីរ៉ង់​ទទួល​បន្ទុក​កិច្ច​ការ​នា​រី​ និង​គ្រួសារ​ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19

ក្នុង​រយៈ​ពេល​មិន​ដល់​2ថ្ងៃ​ បន្ទាប់​ពី​អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ និង​សមាជិក​សភា​មួយ​រូប​ទៀត​​បាន​ឆ្លង​វីរុស​កូរ៉ូណា ពេល​នេះ ក៏មាន​មន្ត្រី​ធំ​ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ Covid-19។

កាល​ពី​ថ្ងៃទី​24​កុម្ភៈ អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ ហើយ​លោក​បាន​ថ្លែង​ថា ពុំ​មាន​ករណី​ស្លាប់​ចំនួន​50នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​នេះ ដូច​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​នានា​នោះ​ទេ​។ ប៉ុន្តែ ក្រោយ​មក លោក​អនុរដ្ឋ​មន្ត្រី​រូប​នេះ​ក៏​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ Covid-19។

ចំណែក​ពេល​នេះ មានមន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​ផ្សេង​ទៀត​របស់​អ៊ីរ៉ង់ បាន​ឆ្លង​មេរោគ​កូរ៉ូណា នោះគឺ​អនុ​អនុប្រធានា​ធិបតី​អ៊ីរ៉ង់ ទទួល​បន្ទុក​​កិច្ច​ការ​នារី​ និង​គ្រួសារ​។

ទីភ្នាក់​ងារ​សារ​ព័ត៌មានមួយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​រាយ​ការណ៍​ថា លោក​ស្រី Masoumeh បាន​ឆ្លង​វីរុស​កូរ៉ូណា​ ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ថា លោក​ស្រី​បាន​ឆ្លង​​មេរោគ​នេះ​នៅ​ពេល​ណា​ និង​កន្លែង​ណា​នោះ​ទេ​។

​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា លោក​ស្រី Masoumeh ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រធានា​ធិប​តីអ៊ីរ៉ង់​ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ នៅ​មុន​ពេល​លោក​ស្រី​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​​មេរោគ​កូរ៉ូណា​។

ក្រៅ​ពី​អនុប្រធានាធិបតី​អ៊ីរ៉ង់ លោក​ស្រី Masoumeh ក៏​មាន​មេដឹក​នាំ​គណៈកម្ម​ការ​សន្តិ​សុខ​ និង​កិច្ច​បរទេស​របស់​រដ្ឋ​សភា​អ៊ីរ៉ង់ផងដែរ​ ដែល​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19​។

គិត​មក​ដល់​ព្រឹក​នេះ អ៊ីរ៉ង់​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​26នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​មាន​ចំនួន​245នាក់​ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មានអ្នក​ស្លាប់​ឡើង​ដល់​2,858​នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ ឡើង​ដល់​83,342នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement