កូរ៉េខាង​ត្បូង៖ មន្ត្រី​រដ្ឋ​ការ​ម្នាក់​បាន​ស្លាប់ សង្ស័យ​ថា​បាក់​កម្លាំង​ ព្រោះ​តែ​ប្រឹង​ទប់ស្កាត់​ Covid-19

មន្ត្រី​រដ្ឋ​ការ​ម្នាក់​ នៅ​ឯទី​ក្រុង​ Jeonju បាន​បាត់​បង់ជីវិត​​នៅ​ឯផ្ទះ​របស់​គាត់​កាល​ពី​ម្សិល​មិញ ក្រោយពី​បាន​​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ជា​ច្រើន​ថ្ងៃ​បន្ត​បន្ទាប់​ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។

មន្ត្រី​ម្នាក់​នេះ មាន​អាយុ​43​ឆ្នាំ ធ្វើ​ឱ្យ​នៅ​សាលា​ក្រុង​ Jeonju ខេត្ត Jeolla ខាង​ជើង​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​ប្រពន្ធពិនិត្យ​ឃើញ​ថា​លែង​មាន​ដង្ហើម​​នៅពេល​គាត់​កំពុង​គេង​ក្នុង​ផ្ទះ​កាល​ពី​ព្រឹក​ម្សិល​មិញ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​។ មន្ត្រីសាលា​ក្រុង​​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា គាត់​បាន​ស្លាប់​ទៅ​ហើយ​។

អាជ្ញាធរ​ទីក្រុង Jeonju បាន​ឱ្យ​ដឹង​ថា មន្ត្រី​រូប​នេះ បាន​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ថ្ងៃ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​2ករណី។ 2ថ្ងៃ​ក្រោយ​មក លោក​តែង​តែ​ធ្វើ​ការ​ចាប់​ពី​ព្រលឹម​ដល់​កណ្ដាល​យប់​ ដើម្បី​ស្វែង​យល់​ និង​រក​ឱ្យ​ឃើញ​អត្ត​សញ្ញាណ​ និង​ទីលំនៅ​របស់​បណ្ដា​សមាជិក​នៃ​សាសនិក​វិហារ​ Shincheonji ដែល​ជា​ក្រុម​មួយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បុក​មេរោគ​កូរ៉ូណា​ Covid-19 នៅ​កូរ៉េ​ខាង​ត្បូង​។

មួយ​ថ្ងៃ​មុន​ពេល​បាត់​បង់​ជីវិត លោក​បាន​ចេញ​ពី​ការិយា​ល័យ​លឿន​ជាង​សព្វដង​ ពោល​គឺ​នៅ​ម៉ោង​ប្រហែល​23យប់ ដោយ​គាត់​បាន​ប្រាប់​អ្នក​រួម​ការ​ងារ​ថា គាត់​អស់​កម្លាំង​ខ្លាំង​ណាស់។ ថ្មី​ៗនេះ​ គាត់​ក៏​តែង​តែ​រអ៊ូជា​មួយ​ប្រពន្ធ​របស់​គាត់​អំពី​សម្ពាធ​ការ​ងារ​ ដោយ​សារ​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ Covid-19។

អាជ្ញា​ធរ​ទីក្រុង​ Jeonju បាន​ប្រាប់​​ថា ការ​ស្លាប់​របស់​បុរស​នេះ មាន​ជាប់​ទាក់​ទិន​នឹង​សម្ពាធ​ការ​ងារ​ ប៉ុន្តែ​នគរ​បាល​​កំពុង​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព​ដើម្បី​ឱ្យ​ដឹង​ច្បាស់​អំពី​មូល​ហេតុ​ពិត​នៃ​ការ​ស្លាប់​នេះ​។

នៅ​មុន​ករណី​នេះ កូរ៉េខាង​ត្បូង​ក៏​បាន​បាត់​បង់​មន្ត្រីរដ្ឋ​ការ​​មួយ​រូប​នៅ​ក្នុង​បេសក​កម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​​​រោគ​កូរ៉ូណា​នេះ​ដែរ​ នោះ​គឺមន្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​នៅឯ​ក្រសួង​យុត្តិ​ធម៌ ទទួល​បន្ទុក​កិច្ច​ការ​ទប់​ស្កាត់​អាសន្នរោគ​ Covid-19។ បុរស​នោះ​បាន​ធ្វើ​អត្ត​ឃាត​ ដោយ​លោត​ពី​លើ​ស្ពាន ចូល​ទៅ​ក្នុង​ទឹក​ទន្លេ។ នគរ​បាល​ និង​ក្រសួង​យុត្តិ​ធម៌​កូរ៉េខាង​ត្បូង​កំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

អាសន្ន​រោគ​កូរ៉ូណា Covid-19 បាន​កើត​ឡើង​នៅ​តំបន់​ Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។​ មក​ដល់​បច្ចុប្បន្ន អាសន្ន​រោគ​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន2,858​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​តិច​83,342​នាក់​ នៅ​ទូទាំង​ពិភពលោក​។ ចំណែក​កូរ៉េខាង​ត្បូង​​វិញ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បុក​មេរោគ​ធំបំផុត​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​(ចិន​ដីគោក) ដោយ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួនជាង​​2,022នាក់​ និង​អ្នកស្លាប់​ចំនួន​13នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement