កូរ៉េខាង​ត្បូង៖ មន្ត្រី​សាធារណៈ5រូប​បាន​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 នាំ​ឱ្យ​​ការិយា​ល័យ​មួយ​ចំនួន​ធំ ត្រូវ​បិទ​ទ្វារ​

អាជ្ញាធរ​ទីក្រុង Daegu បាន​បិទ​ទ្វារ​ការិយា​ល័យ​ជា​ច្រើន​កន្លែង​ ក្រោយ​ពី​មាន​មន្ត្រី​5នាក់ ត្រូវ​បាន​ពិនិត្យ​ឃើញ​មាន​ផ្ទុក​វីរុស​កូរ៉ូណា Covid-19 ខណៈ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ ក្នុង​ទីក្រុង​ Daegu ក៏បាន​កើន​ឡើង​ដល់​ជាង​1,000​នាក់​។

ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ទី​ក្រុង​ Daegu ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូរ៉េខាង​ត្បូង កាល​ពី​ម្សិល​មិញ បាន​បញ្ជាក់​ថា មាន​មន្ត្រី​រដ្ឋ​ការ​ចំនួន​5នាក់ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 ក្រោយ​ពី​មន្ត្រី​2រូប​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​នេះ​កាល​ពី​ដើម​សប្ដាហ៍​។

ម្នាក់​ក្នុង​ចំណោមមន្ត្រី​3រូប​ដែល​បាន​ក្លាយ​ជា​អ្នកជំងឺ​កូរ៉ូណា​ថ្មីនោះ គឺជា​មន្ត្រី​ដែល​បម្រើ​ការ​ក្នុង​នាយក​ដ្ឋាន​សំណង់​នៃ​រដ្ឋ​បាល​ទីក្រុង​ ហើយ​អគារ​ដែលមន្ត្រី​​ម្នាក់​នេះ​កំពុង​រស់​នៅ ត្រូវ​បាន​អាជ្ញា​ធរ​បិទ​មិន​ឱ្យ​ចេញ​ចូល ដើម្បី​​ធ្វើ​ការ​សម្លាប់​មេរោគ​។ ចំណែក​មន្ត្រី​2រូប​ផ្សេង​ទៀត ធ្វើ​ការ​នៅ​ឯការិយាល័យ​គ្រប់​គ្រង​ឧទ្យាន​ Palgongsan និង​ការិយា​ល័យ​គ្រប់​គ្រង​សំណង់​ផ្លូវ​ដែក​របស់​ទីក្រុង​ Daegu។ ការិយា​ល័យ​របស់​ពួក​គេ​ក៏ត្រូវ​បិទ និង​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​។

កាល​ពី​ថ្ងៃទី​25កុម្ភៈ បុគ្គលិក​ម្នាក់​នៅ​ឯការិយា​ល័យ​អភិបាល​រង​នៃ​ទីក្រុង Daegu ក៏ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ចំណែក​បុគ្គលិក​ម្នាក់​ទៀត​ដែល​ធ្លាប់​អង្គុយ​ហូប​អាហារ​​ជា​មួយ​បុគ្គលិក​ម្នាក់​ខាង​លើ ក៏មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ បន្ទាប់​ពីបាន​ធ្វើ​តេស្ត​។

ករណី​មន្ត្រី​ បុគ្គលិក​រដ្ឋ​បាន​ឆ្លង​មេរោគ​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​ទី​ក្រុង​ Daegu បង្ខំចិត្ត​បិទ​ទ្វារ​ការិយា​ល័យ​​ជា​ច្រើន​របស់​ខ្លួន ហើយ​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​នៅ​ឯផ្ទះ​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​វីរុស​។ អាជ្ញា​ធរ​កំពុង​ស្វែង​រក​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​បាន​នៅ​ក្បែរ​បុគ្គលិក​រដ្ឋ​ខាង​លើ​។

ការិយា​ល័យ​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ ក៏បាន​ និង​កំពុង​ស្នើ​ឱ្យ​បុគ្គលិក​ទាំង​អស់ ត្រូវ​ហូប​អាហារ​ដោយ​ឡែក​តែ​ម្នាក់​ឯង​ ហើយ​កិច្ច​ប្រជុំ​នានា​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​មធ្យោ​បាយ​អនឡាញ ដូចជា​តាម​ស្មាតហ្វូន ឬ​បណ្ដាញ​សង្គម​។

មុន​នេះ​ដែរ មជ្ឈមណ្ឌល​សុខ​ភាព​សាធារណៈ​នៃ​សង្កាត់​ Seo-gu ក្នុង​ទី​ក្រុង​ Daegu ក៏ត្រូវ​បាន​បិទ​ទ្វារ ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​នៃ​ការិយា​ល័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ហើយ​គាត់​ក៏​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​សាសនិក​មក​ពី​វិហារ Shincheonji ដែល​វិហារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បុក​មេរោគ​កូរ៉ូណា។ បុគ្គលិក​4នាក់​របស់​គាត់​ក៏​បាន​ឆ្លង​មេរោគ​ពី​ថ្នាក់​លើ​។ ចំណែក​មនុស្ស​ចំនួន​34នាក់ដែល​ធ្លាប់​បាន​នៅ​ក្បែរ​គាត់​ ក៏កំពុង​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ផងដែរ​។

បុគ្គលិក​ម្នាក់​នៃ​មជ្ឈមណ្ឌល​សុខ​ភាព​សង្កាត់​ Nam-gu នៃ​ទីក្រុង​ Pohang ក្នុង​ខេត្ត Gyeongsang ខាង​ជើង​ ក៏​បាន​ឆ្លង​មេរោគ​បង្កជំងឺ​រលាក​សួត​ Covid-19 តែ​បាន​ឈប់​ធ្វើការ​​តាំង​ពី​ថ្ងៃ​ទី​19កុម្ភៈ។

នៅ​ព្រឹក​នេះ(28កុម្ភៈ) កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មីបន្ថែម​​256នាក់​ ធ្វើឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​ឡើង​ដល់​ជាង​2,000​នាក់​ គឺ​ច្រើន​ជាង​គេ​បង្អស់​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដែល​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​។ កូរ៉េខាង​ត្បូង​ បច្ចុប្បន្ន​មិន​ទាន់​មាន​អ្នក​ស្លាប់​ថ្មី​នៅ​ឡើយ ក្រៅ​តែ​ពី​13ករណី​កន្លង​មក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement