ប្រទេស​ និង​ដែនដីជាង​50 ចាប់​ផ្ដើម​​ហាម​ ឬ​កាត់​បន្ថយ​ការ​ផ្ដល់​ទិដ្ឋា​ការ​ ចំពោះអ្នក​ដំណើរ​ដែល​មក​ពី​​កូរ៉េខាង​ត្បូង

បណ្ដា​ប្រទេស​ និង​ដែន​ដី​ជា​ច្រើន​​ក្នុង​ពិភពលោក បាន​ចាប់​ផ្ដើម​ហាម​ ឬ​រឹត​បន្តឹង​ការ​ផ្ដល់​ទិដ្ឋា​ការ​ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​​​កូរ៉េខាង​ត្បូង ក្នុង​ស្ថាន​ភាព​ដែល​អាសន្ន​រោគ​កូរ៉ូណា​ Covid-19 កំពុង​រាត​ត្បាត​ប្រទេស​នេះ​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Yonhap ដក​ស្រង់​ព័ត៌មាន​ពីក្រសួង​ការ​បរទេស​របស់​​កូរ៉េ​ខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា ប្រទេស​ និង​ដែន​ដី​ចំនួន​27​នៅ​លើ​ពិភពលោក បាន​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​របស់​ពួក​គេ​ ចំពោះ​ពលរដ្ឋ​កូរ៉េខាង​​ត្បូង ឬ​​ជនបរទេសទាំង​ឡាយ​ណា​​ដែល​ធ្លាប់​បាន​មក​កាន់​​កូរ៉េខាង​ត្បូង​ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។

ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ក៏​ចាប់​ផ្ដើម​រឹត​បន្តឹង​ការ​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​នោះ​មាន​ប្រទេស ស៊ែប៊ី (Serbia) ប្រទេស​អ៊ីស្លង់(Iceland) និងប្រទេស​ក្រូអាត​​(Croatia)។ ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​រឹត​បន្តឹង​ទៅ​លើ​ការ​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​តំបន់​ដែល​មាន​ការ​រាត​ត្បាត​ពី​អាសន្ន​រោគ​កូរ៉ូណា ដូចជា​ប្រទេស​ ជប៉ុន សិង្ហ​បុរី និង​អ៊ីតាលី​ជា​ដើម។ គិត​មក​ដល់​ពេល​នេះ ប្រទេស​ និង​ដែន​ដី​សរុប​ចំនួន​25 រួម​នឹង​ប្រទេស​ចិន​ផងដែរ ​​បានចាប់​ផ្ដើម​រឹត​បន្តឹង​ការ​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​កូរ៉េខាង​ត្បូង​។

ការ​រឹ​ត​បន្តឹង​ខាង​លើ​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើងដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​Covid-19​ ដែល​កំពុង​រាត​ត្បាតនៅ​​កូរ៉េខាង​ត្បូង​។ យោង​តាម​មជ្ឈម​ណ្ឌល​ទប់ស្កាត់​ និង​គ្រប់​គ្រង​ជំងឺ​របស់​កូរ៉េខាង​ត្បូង គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​28កុម្ភៈ​នេះ កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​​ចំនួន 2,022​នាក់ និងអ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ​ចំនួន​​13នាក់។

វីរុស​កូរ៉ូណា​ Covid-19​ បាន​ឆ្លង​រាល​ដាល​​នៅ​ប្រទេស​ចិនកាល​ពីចុង​ឆ្នាំ​2019 មក​ដល់​ពេលនេះ​ អាសន្ន​រោគ​នេះ​បាន​ឆ្លង​ទៅ​ប្រទេស​ និង​ដែន​ដី​យ៉ាង​តិច​50​នៅ​ក្នុង​ពិភពលោក បណ្ដាល​ឱ្យមាន​អ្នក​ស្លាប់​ជាង​2,800​នាក់​ និងជាង​​82,000​​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​ភាគច្រើន​គឺនៅ​ប្រទេស​ចិន​។​ ក្នុង​ពេល​ដែល​អាសន្ន​រោគ​នេះនៅ​ប្រទេស​ចិន ហាក់​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​បន្តិច​ម្ដង​ៗ ប្រទេសផ្សេង​ៗ​ដូច​ជា​​កូរ៉េខាង​ត្បូង ជប៉ុន អ៊ីតាលី និង​អ៊ីរ៉ង់​ជា​ដើម បាន​លេច​ឡើង​ ក្លាយ​ជា​តំបន់​សម្បុក​មេរោគ​ថ្មី​។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​​ WHO កាល​ពី​ថ្ងៃ​ទី​27កុម្ភៈ​បានព្រមាន​ថា នេះ​គឺជា​ “ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​” ហើយ​ប្រទេស​ទាំង​អស់​ត្រូវ​តែ​ប្រញាប់​ធ្វើ​សកម្ម​ភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​​ខ្លាំងជាង​នេះ​​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement