កូរ៉េខាង​ត្បូង៖ អ្នក​ជំងឺកូរ៉ូណា Covid-19 ​ត្រូវ​ដេក​ស្លាប់​នៅ​ឯផ្ទះ ព្រោះ​មន្ទីរពេទ្យ​​អស់​គ្រែ​

អាជ្ញាធរ​កូរ៉េខាង​ត្បូង​កំពុង​ប្រឹង​ប្រែង​ដាក់​​គ្រែ​បន្ថែម​ឱ្យ​បាន​ច្រើន​ជា​អតិបរមានៅ​ក្នុង​បណ្ដា​មន្ទីរ​ពេទ្យ​នៃ​តំបន់​ស្នូល​របស់​មេរោគ​កូរ៉ូណា​ ខណៈ​ដែល​មន្ទីរពេទ្យ​នានា​នៅ​ទី​នេះ បាន​ទទួល​អ្នក​ជំងឺ​លើស​ចំណុះទៅ​ហើយ។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Yonhap បាន​ចេញ​ផ្សាយ​ថា អ្នក​ជំងឺ​ទី​13​ដែល​បាន​ស្លាប់​ដោយ​សារវីរុស​កូរ៉ូណា​ Covid-19 នៅ​កូរ៉េខាង​ត្បូង​គឺជា​បុរស​ម្នាក់​​មានអាយុ​75ឆ្នាំ​ រស់​នៅ​ក្នុង​តំបន់ Daegu ដែល​ជាតំបន់​​​ស្នូល​នៃ​អាសន្ន​រោគ​ Covid-19។ បុរស​វ័យ​ចំណាស់​នេះ មាន​អាការ​គ្រុន​ក្ដៅ​ចាប់​ពី​ថ្ងៃទី22កុម្ភៈ និង​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19។ ប៉ុន្តែ គាត់​មិន​អាច​ចូល​សម្រាក​ព្យា​បាល​នៅ​ឯមន្ទីរពេទ្យ​បាន​ ហើយ​ត្រូវ​បង្ខំ​ចិត្ត​បង្ខាំង​ខ្លួនឯង​នៅ​​ផ្ទះរបស់​គាត់​ ព្រោះ​តែ​មន្ទីរ​ពេទ្យ​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​ Daegu សុទ្ធ​តែ​លើស​ចំណុះ មិន​មានគ្រែ​សម្រាប់​អ្នក​ជំងឺ​ថ្មី។

បុរស​ខាង​លើ​គឺជា​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺកូរ៉ូណា Covid-19 រាប់​រយ​នាក់​ ដែល​មិន​អាច​ចូល​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​បាន បើ​ទោះ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា ឬត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​នេះ​ក៏ដោយ​។ មូល​ហេតុ​ចម្បង​នៃ​ករណី​ខាង​លើ​នេះ គឺ​កើត​ឡើង​ដោយ​សារ​មន្ទីរ​ពេទ្យ​ទាំង​អស់ បាន​ទទួល​អ្នក​ជំងឺ​ Covid-19 ច្រើន​ហួស​កំណត់​រួច​ហើយ​។

ដោយ​សារ​មូលហេតុ​ខាងលើនេះ​ ទើប​មន្ត្រី​សុខាភិបាល​ទីក្រុង Daegu សម្រេច​ឱ្យ​អ្នក​ជំងឺ​ដែល​មិន​ទាន់​មាន​ឱកាស​ចូល​ពេទ្យ​ ត្រូវ​ត្រឡប់​ទៅ​​សម្រាក​ព្យា​បាល​ និងនៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​ផ្ទះ​ ដោយ​គ្រូពេទ្យ​នឹង​ទូរស័ព្ទ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​2ដង​ក្នុង​1ថ្ងៃ​។ ដល់​ព្រឹក​ថ្ងៃទី​27កុម្ភៈ បុរស​វ័យ75​ឆ្នាំ​ដែល​ជា​អ្នក​ជំងឺ​កូរ៉ូណា Covid-19 ក៏ចាប់​ផ្ដើម​មាន​អាការ​ពិបាក​ដក​ដង្ហើម ហើយក៏បាន​បាត់​បង់​ជីវិត​មុន​ពេល​ត្រូវ​បាន​បញ្ជូញ​ទៅ​កាន់មន្ទីរពេទ្យ​។

“យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​ដែល​អ្នក​ជំងឺ​នេះ​មិន​មាន​ឱកាស​ចូល​សម្រាក​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​ឱ្យ​ទាន់​ពេល” នេះ​គឺជា​ការ​ថ្លែង​របស់​អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កូរ៉េខា​ត្បូង​ លោក Kim Gan-lip។

កូរ៉េខាង​ត្បូង បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 ចំនួន​2,337នាក់ គឺ​ច្រើន​ជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន និង​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ចំនួន13នាក់ គឺ​ច្រើន​ជាង​​​គេ​លំដាប់​ទី​4 បន្ទាប់​ពី​ចិន(2,788នាក់) អ៊ីរ៉ង់(34នាក់) និង​អ៊ីតាលី(17នាក់)៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement