Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

អ្នក​ជំងឺ​​ម្នាក់​​នៅ​ក្នុងរដ្ឋ Washington បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅសហ​រដ្ឋ​​អាមេរិក​ ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 ខណៈអូស្ត្រាលីក៏មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​មេរោគ​នេះ​ដែរ។

“អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​គឺជា​បុរស​ម្នាក់​មាន​អាយុ​ជាង​50ឆ្នាំ​ ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​” នេះបើ​តាម​មន្ត្រី​សុខា​ភិបាល​ទីក្រុង Seattle រដ្ឋ​ Washington។ ប្រធានា​ធិបតី​អាមេរិកាំង លោក Donald Trump និង​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​មុន​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ បាន​​ឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ស្រ្តីភេទ បើ​ទោះ​បី​ជា​អភិបាល​រដ្ឋ​ Washington លោក Jay Inslee បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​គឺ​ជា​បុរស​ក៏ដោយ​។

មជ្ឈមណ្ឌល​សុខាភិបាល​ដែល​មាន​អ្នក​ស្លាប់​ដំបូង​គេ​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា Covid-19

វេជ្ជបណ្ឌិត Robert Redfield អគ្គ​នាយក​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​នៃសហ​រដ្ឋ​អាមេរិក បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​ថា មិន​ទាន់​មាន​ភ័ស្ដុងណា​មួយ​បង្ហាញ​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​ ធ្លាប់​នៅ​ក្បែរ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ឬ​ធ្លាប់​ទៅ​កាន់​តំបន់​សម្បុក​មេរោគ​នេះ​នោះ​ដែរ​ នា​ពេល​ថ្មី​ៗ​នេះ​។ លោក បន្ត​ថា អ្នក​ជំងឺនេះ​ ប្រហែល​ជា​បាន​ឆ្លង​រោគ​នៅ​ពេល​គាត់​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ទី​សាធារណៈ។

អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019។ មក​ដល់​ពេល​នេះ អាសន្ន​រោគ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 64នៅ​ទូទាំង​ពិភព​លោក​ ហើយ​វា​បាន​សម្លាប់​មនុស្ស​ជិត​ 3,000នាក់ និង​មនុស្ស​ជាង​ 86,000​នាក់​ បានឆ្លង​មេរោគ​នេះ​។

ចំណែក​អូស្ត្រាលី ក៏មាន​អ្នក​ស្លាប់​ដំបូង​គេ​បង្អស់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។ បុរស​អ្នក​ជំងឺ​កូរ៉ូណា​​នេះរស់នៅ​ឯ​តំបន់ Perth ហើយគាត់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ Sir Charles Gairdner ខណៈកំពុង​ទទួល​ការ​ព្យាបាល​។ ប្រទេស​អូស្ត្រាលី ក៏មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​25នាក់​ផងដែរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement