Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

សហ​រដ្ឋ​អាមេរិក​ ដែល​ជា​មហា​អំណាច​ពិភពលោក​ ​មាន​ប្រព័ន្ធ​សុខា​ភិបាល​ល្អ​ ក៏​មិន​អាច​គេច​ផុត​ពី​អាសន្ន​រោគ​កូរ៉ូណា Covid-19 ខណៈ​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្លាប់​ចំនួន​6នាក់​ ដែល​អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​ក្នុង​រដ្ឋ​ Washington។

5នាក់ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​6នាក់​នោះ សុទ្ធ​តែ​រស់​នៅ​ក្នុង​តំបន់​ King ដែល​ជា​ខណ្ឌ​មួយ​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​រដ្ឋ Washington វា​ជា​កន្លែង​ដែល​មាន​ទី​ក្រុង Seattle តាំង​នៅ និង​មាន​​ប្រជាជន​ចំនួន​700,000​នាក់​កំពុង​រស់​នៅ​ទី​នោះ​។ ចំណែក​អ្នក​ស្លាប់​ទី​6 គឺ​ពល​រដ្ឋ​មក​ពី​តំបន់ Snohomish។

រដ្ឋ​ Washington បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​4ករណី នាំ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​កើន​ដល់​18នាក់​ ក្នុង​នោះមាន​3ករណី​នៅ​​ក្នុង​មន្ទីរ​ថែ​ទាំ​ចាស់​ជរាមួយ​កន្លែង​ក្នុង​រដ្ឋ​នេះ​​។

បុគ្គលិក​សុខា​ភិបាល​នៅ​តំបន់ King ឈ្មោះ Jeff Duchin បាន​ឱ្យ​ដឹង​ថា “ហានិភ័យ​នៃការ​ឆ្លង​មេរោគ​នេះ​គឺ​កាន់​តែ​មាន​ច្រើន​ៗ”។

បច្ចុប្បន្ន អាមេរិក​មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 សរុប​ចំនួន​99នាក់ ក្នុង​នោះ​ ប្រមាណជា​50% គឺជា​អ្នក​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ចិន​ និង​មកពី​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​ប្រទេស​ជប៉ុន​។ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​ មាន​ជាប់​ទាក់​ទិន​នឹង​អ៊ីរ៉ង់ និង​អ៊ីតាលី ដែល​ជា​ប្រទេស​កំពុង​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​អាសន្ន​រោគ​នេះ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement