WHO ថា សមត្ថ​ភាព​សម្លាប់​មនុស្ស​របស់​ Covid-19 ខ្ពស់​ជាង​គ្រុន​​ផ្ដាសាយ Influenza

អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​ប្រកាស​ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ Covid-19 ប្រហែល​ 3,4​% ខណៈ​ដែល​មេរោគ​ផ្ដាសាយ​​ធំ (ឬ​ហៅ​ថា​គ្រុន​ផ្ដាសាយ​​​រដូវ​ influenza/seasonal) មិន​ដល់​1%។

ប្រធាន​អង្គការ​សុខ​ភាព​ពិភពលោក​ (WHO) លោក Tedros Adhanom Ghebreyesus បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​នៅ​ឯទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃទី​3មីនា​ ឆ្នាំ​2020។ ប្រធាន​អង្គការ​នេះ​បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ ត្រៀម​ខ្លួន​ទទួល​ព្យាបាល​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែម​ និង​ធានា​សុវត្ថិ​ភាព​ដល់​ក្រុម​គ្រូពេទ្យ​។

តម្រូវ​ការ​នៃ​កា​ប្រើ​ប្រាស់​សម្ភារ​វេជ្ជសាស្ត្រ និង​សម្ភារ​ការ​ពារ​សុខ​ភាព​ ដូច​ជា​ម៉ាស់ ស្រោម​ដៃ និង​វ៉ែន​តា​ ឬរបាំង​មុខកញ្ចក់​​​ជា​ដើម​​របស់​ពិភពលោក​នឹង​កើន​ឡើង​ប្រមាណជា​ 40% ទៅ​តាម​ទំហំ​​នៃការ​ឆ្លង​រាល​ដាល​របស់​​មេរោគ​រាត​ត្បាត​ Covid-19។ WHO ក៏បាន​ស្នើ​ឱ្យ​បណ្ដារោង​ចក្រ បង្កើន​ផលិត​ភាព​ ដើម្បី​អាច​ផលិត​សម្ភារ​ចាំបាច់​ខាង​លើ ទៅ​តាម​តម្រូវ​ការ​ទី​ផ្សារ​ និង​ដើម្បី​ធានា​ការ​ផ្ទត់​ផ្គង់ឱ្យ​បាន​​​គ្រប់​គ្រាន់​។

ប្រធានអង្គការ​សុខ​ភាព​ពិភពលោក បាន​ថ្លែង​ថា “និយាយ​រួម Covid-19 មិន​សូវ​ឆ្លង​ដូច​ជា​គ្រុន​ផ្ដាសាយ​តាម​រដូវ (influenza/seasonal)នោះ​ទេ​។ ក៏ប៉ុន្តែ អាការ​រោគ​របស់​វា សាហាវ​ជាង​​គ្រុន​ផ្ដាសាយ​រដូវ។ បច្ចុប្បន្ន មិន​ទាន់មាន​​វ៉ាក់​សាំង​ ឬ​វិធី​ព្យាបាល​ពិសេស​ណា​មួយ​​ សម្រាប់​រោគ​រាត​ត្បាត Covid-19 នៅឡើយ​។

លោក​វេជ្ជ​បណ្ឌិត Mike Ryan អ្នក​គ្រប់​គ្រង​កម្មវិធី​សុខ​ភាព​អាសន្ន​របស់​ WHO បាន​ថ្លែង​ថា “បណ្ដា​ប្រទេស​​ កំពុង​តែ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​រឹត​ត្បិត​ការ​ដើរ​ហើរ និង​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​ក្នុង​ចំណោម​អ្នក​ទេស​ចរ ដោយ​​ចាត់​ទុក​ថា​ ជា​វិធាន​ការ​តែ​មួយ​គត់​ដើម្បី​ទប់​ស្កាត់​​នឹង​រោគ​រាត​ត្បាត​នេះ​”។

លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា ក្រុម​មន្ត្រី​នៃ​បណ្ដា​ប្រទេស​ គួរ​តែផ្ដោត​ទៅ​លើ​វិធាន​ការ​ទប់​ស្កាត់ “ប៉ុន្តែ ត្រូវ​តែ​ត្រៀម​លក្ខណឱ្យ​បាន​រួច​រាល់​ ព្រោះ​រោគ​រាត​ត្បាត​នេះ​នឹង​ឆ្លង​រាល​ដាលខ្លាំង​ជាង​នេះ ហើយ​គួរ​​ត្រៀម​ខ្លួន​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​នេះផងដែរ​”៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement