វេជ្ជ​បណ្ឌិត​នៅ​ Wuhan ចែក​រំលែក​បទពិសោធក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹង​ Covid-19

ការ​រៀប​ចំផែន​ការ​លម្អិត​សម្រាប់​ក្រុម​គ្រូពេទ្យ​នីមួយ​ៗ និង​អ្នក​ជំងឺ​ម្នាក់​ៗ ការ​បណ្ដុះ​បណ្ដាល​វិធី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សម្រាប់​បុគ្គលិក​ពេទ្យជា​ដើម គឺជា​រឿង​ដែល​អ្នក​ប្រយុទ្ធ​នឹង​រោគ​រាត​ត្បាត​ Covid-19 នៅ​ក្នុង​ “សមរភូមិ” ជួរ​មុខ បាន​ដក​​បទពិសោធ​ ទុក​ជា​មេរៀន។

ការ​ថ្លែង​របស់​វេជ្ជ​បណ្ឌិត​ Qiao Jie ដែល​ជា​ប្រធាន​មន្ទីរពេទ្យ​លេខ​3​នៃ​សកល​វិទ្យា​ល័យ​ទី​ក្រុង​ប៉េកាំង​ (Peking​ University Third Hospital) នៅ​ក្នុង​សិក្ខា​សាលា​មួយ​កាល​ពី​ថ្ងៃទី​4មីនា នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ បាន​ធ្វើ​ឡើង​ដោយ​សង្ឃឹម​ថា បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ដក​បទ​ពិសោធ​បាន​ច្រើន​ពី​អ្នក​ដែល​បាន​ប្រយុទ្ធ​​ផ្ទាល់​ជាមួយ​នឹង​រោគ​រាត​ត្បាត​នេះ​ Covid-19។

លោក​វេជ្ជ​បណ្ឌិត​ Qiao Jie បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ពេទ្យ​ស្ទើរ​តែ​ទាំង​អស់ ខ្វះ​បទ​ពិសោធ​ក្នុង​ការ​ព្យា​បាល​អ្នកជំងឺ​ដែល​មាន​ផ្ទុក​រោគ​ឆ្លង​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម។ ដូច្នេះ ការ​បណ្ដុះ​បណ្ដាល​ក្រុម​បុគ្គលិក​ពេទ្យ​ គឺជា​វិធី​ល្អ​បំផុត​ដើម្បី​អាចជួយ​ពួក​គេ​យក​ឈ្នះ​លើ​ Covid-19 ចាប់​ពី​ការ​ថែទាំ​ ការ​ព្យា​បាល​អ្នក​ជំងឺ​ស្រាល រហូត​ដល់​អ្នក​ជំងឺ​ធ្ងន់ ទន្ទឺម​នឹង​នេះ​ ពួក​គេ​នឹង​ជួយ​ការ​ពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​មេរោគដ៏​កាច​សាហាវនេះ។

លោក​វេជ្ជ​បណ្ឌិត​សង្កត់​ធ្ងន់​ថា “សូម្បី​តែ​ការ​ស្លៀក​ពាក់​ឈុត​ការ​ពារ​​មេរោគ​ ក៏​ទាម​ទារ​ឱ្យ​មាន​ការ​បណ្ដុះ​បណ្ដាលផងដែរ​”។

បច្ចុប្បន្ន Covid-19 បាន​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ និង​ដែនដី​ចំនួន​ 84 ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan កាល​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​មេរោគ​​សរុប​​ជាង​ 95,425​នាក់ ក្នុង​នោះ​​មាន​អ្នក​​​ស្លាប់​ជិត​3,300​នាក់​ និង​ 53,600នាក់​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​។

កំណើន​​នៃ​ករណី​​ឆ្លង​មេរោគ​ Covid-19 បន្ថែមនៅ​ប្រទេស​ចិន​ មាន​ការ​​ថយ​ចុះបន្តិច​ ប៉ុន្តែ​វា​បាន​កើន​ឡើង​ខ្លាំង​ និង​លឿន​នៅ​តាម​បណ្ដា​ប្រទេសផ្សារ​ៗ​ ដូច​ជា​ កូរ៉េខាង​ត្បូង អ៊ីរ៉ង់ អ៊ីតាលី និង​ជប៉ុន​ជា​ដើម​។

វេជ្ជបណ្ឌិត Du Bin មក​ពី​មន្ទីរពេទ្យ​សហ​ព័ន្ធ​​វេជ្ជ​សាស្ត្រ​ក្រុង​ប៉េកាំង (Peking Union Medical College Hospital) បាន​ទៅ​កាន់​ទី​ក្រុង Wuhan ដើម្បី​ជួយ​​ព្យា​បាល​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​ ឆ្នាំ​2020។ លោក​វេជ្ជ​បណ្ឌិត​ យល់​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ​នានា កត្តា​សំខាន់​នោះ​គឺ​ការ​រៀប​ផែន​ការ​។

“អ្នក​ត្រូវ​តែ​រៀប​ផែន​ការ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ឆ្លង​មេរោគ​កូរ៉ូណា ដែល​កំពុង​នៅ​ក្នុង​មជ្ឈមណ្ឌល​ដាច់​ដោយ​ឡែក​ ចំពោះ​​អ្នក​ជំងឺ​គ្រុន​ក្ដៅ ទាំង​អ្នក​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ ទាំង​អ្នក​ជំងឺ​ក្រៅ​មន្ទីរពេទ្យ​។ ក្រៅ​ពី​នេះ អ្នក​ត្រូវ​តែ​មាន​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​បន្ទប់​ពិសោធ​ ចំពោះអ្នក​ជំងឺ​ដែល​កំពុង​ត្រូវ​បាន​សង្ស័យ ហើយ​​ត្រូវ​បង្ខាំងឱ្យ​នៅ​ដោយ​ឡែក​ចំពោះ​​អ្នក​ជំងឺ​ដែល​កំពុង​ត្រូវ​សង្ស័យ មុន​នឹង​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​បាន​ចេញជា​ផ្លូវ​ការ​”។ នេះ​គឺជា​ការ​ឱ្យ​ដឹង​របស់​លោកវេជ្ជបណ្ឌិត Du Bin។

ដូច្នេះ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​បន្ត ចូរ​ត្រៀម​ខ្លួន និង​រៀប​ផែន​ការ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​ ហើយ​ត្រូវ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ផ្នែក​សុខាភិបាល ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​ដោយ​សុវត្ថិ​ភាព​។ នេះ​គឺជា​មេរៀន​ដែល​ដក​ពិសោធ​ចេញ​ពី​​សម្បុក​មេរោគ​កូរ៉ូណា​ Covid-19 ដែល​ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​ចិន​ណែនាំ​ ក៏ដូចជា​ព្រមាន​ចំពោះ​សហគមន៍​វេជ្ជ​សាស្ត្រ​ពិភពលោក​ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ថ្ងៃ​ដដែល​ដូច​បាន​រៀប​រាប់​ខាងលើ​។

ក្រៅ​ពី​នេះ បើ​តាម​លោក Du ផែន​ការ​ទាំង​ឡាយ​ត្រូវ​តែ​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​​រោគ​រាតត្បាត ជួយ​សម្រួល​ដល់​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​រោគ និង​អ្នក​ដែល​ធ្លាប់​បាន​នៅ​ក្បែរ​អ្នក​ជំងឺ​ ព្រម​ទាំង​ផ្ដល់​​មូលដ្ឋាន​​គ្រឹះ​ដើម្បីអាច​​​បង្ខាំង​ឱ្យនៅ​ដោយ​ឡែក​ ហើយ​តាម​ដាន​ ពិនិត្យ​ និង​ស្វែង​រក​អ្នក​ដែល​ត្រូវ​សង្ស័យ​ថាបាន​ឆ្លង​មេរោគ​ពី​អ្នក​កំពុង​ជាប់​សង្ស័យ​។

ពិសេស​ជាង​នេះ ដើម្បី​អាច​គ្រប់​គ្រង​មេរោគ​នេះ​បាន គេ​ត្រូវ​ការ​ប្រើ​ប្រាស់​រាល់​ធនធាន​ដែល​មាន​ក្នុងសង្គម ដោយ​មិន​ត្រឹម​តែ​ក្រុម​វេជ្ជ​បណ្ឌិត​ជាន់​ខ្ពស់ ឬ​បុគ្គលិក​សុខាភិបាល​ជាន់​ទាប​នៅ​ជួរ​មុខ​នោះ​ទេ​ ប៉ុន្តែ​ក៏ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​បណ្ដា​បុគ្គលិក​នានា​ក្នុង​សង្គម និង​កម្លាំង​ជួរ​ក្រោយ​ផង​ដែរ​។

លោក​ Du បាន​សង្កត់​ធ្ងន់​ថា “យើង​ត្រូវ​ការ​សាមគ្គីភាព​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ចាប់​ពី​វេជ្ជ​បណ្ឌិត​ ​នគរ​បាល​ រហូត​ដល់​អ្នក​ដឹក​ជញ្ជូន​។ល។​ នោះ​គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​គ្រប់​គ្រង​រោគ​រាត​ត្បាត​ ដែល​មិន​ត្រឹម​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ តែ​សម្រាប់​ទូទាំង​ពិភព​លោក​ផងដែរ។ នេះ​បើ​​តាម​ SCMP។

វេជ្ជណ្ឌិត Li Hichao មក​ពីមន្ទីពេទ្យ​លេខ​1​នៃ​មហា​វិទ្យា​ល័យ​ប៉េង​កាំង បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​ឡើង​នូវ​យន្ត​ការ​មួយ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​​ និង​បទ​ពិសោធ​ដល់​សាធារណ​ជន​ គឺជា​វិធី​ល្អ​មួយ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​ចំពោះ​ករណី​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់​ធ្ងរ ឬ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

លោក Li Hichao បាន​បញ្ជាក់​ថា “Covid-19 គឺជា​ជំងឺ​ថ្មី។ ដូច្នេះ​ យើង​បាន​បង្កើត​ឡើង​នូវ​យន្ត​ការ​ពហុ​វិស័យ​ដើម្បី​បញ្ជូន​ចំណេះ​ដឹង​ និង​ចែក​រំលែក​បទ​ពិសោធ​ដល់​មនុស្ស​គ្រប់​រូប​ នៅ​ក្នុងវិស័យ​ផ្សេង​ៗ​គ្នា ក្នុង​បំណង​រាំង​ខ្ទប់​រោគ​រាត​ត្បាត​នេះ​”៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement