កម្ពុជា​​នឹង​ចំណាយ 30​លាន​ដុល្លារអាមេរិក ​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខ​ភាព​​ Covid-19 ខណៈមេរោគ​នេះ​បាន​សម្លាប់​មនុស្ស​3,354​នាក់​ នៅ​ទូទាំង​ពិភពលោក

​ក្រសួងសុខាភិបាល កំពុងសហការ​ជាមួយនឹង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ និង​ចាត់​វិធានការ​ឆ្លើយតប​ជាបន្ទាន់ សម្រាប់​​ទប់ស្កាត់​រោគ​រាត​ត្បាត​ Covid-19 ដែល​អាច​ផ្ទុះ​ឆ្លង​រាល​ដាល​នា​ពេល​ខាង​មុខ។

ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រោគ​រាត​ត្បាត​ Covid-19 ដែល​អាច​នឹង​កើត​ឡើង​ កម្ពុជា​​នឹង​ចំណាយ​​​ថវិកា​ចំនួន​ 30​​លាន​​ដុល្លារ​សហ​រដ្ឋ​​អាមេរិក​ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បីបំពាក់​ឧបករណ៍​តាមដាន ត្រួតពិនិត្យ និង​រៀបចំ​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ដែល​​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 រួម​ទាំង​ការ​បណ្ដុះ​បណ្ដាល​ និង​បង្កើន​សមត្ថ​ភាព​របស់​ក្រុម​គ្រូពេទ្យ​។ល។

​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​ បាន​ឱ្យ​ដឹង​ថា ថវិកា​ចំនួន​ 30​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ចំណាយ​ត្រឹម​រយៈពេល​៦​ខែ​ទៅមុខ ដោយ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែសីហា​ ឆ្នាំ​2020។

បច្ចុប្បន្ន កម្ពុជា​​កំពុង​តែ​ដាក់​​មនុស្ស​ចំនួន40​នាក់​​​ឱ្យ​ស្ថិត​ក្រោម​​ការ​តាម​ដាន​​សុខ​ភាព​ និង​​4​នាក់​ផ្សេង​ទៀតត្រូវ​បាន​ដាក់​ឱ្យ​នៅដាច់ដោយឡែក ព្រោះ​មាន​ជាប់​ទាក់​ទិន​នឹង​ជន​ជាតិ​ជប៉ុន​ដែល​ផ្ទុក​មេរោគ Covid-19។ កន្លង​មក​ កម្ពុជា​ក៏ធ្លាប់​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ​ដែរ​ ដោយ​អ្នក​ជំងឺ​គឺជា​ជន​ជាតិ​ចិន​ មក​ពី​តំបន់​ Wuhan។

មេរោគ​កូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ2019 ហើយ​មក​ដល់​​ថ្ងៃ​នេះ (6មីនា) មេរោគ​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​ជាង 98,041​នាក់ ក្នុង​នោះ​មាន​​ 3,349​នាក់​បាន​បាត់​បង់​ជីវិត និង​ជាង​ 53,827​នាក់់ បាន​ជា​សះ​ស្បើយ​៕

Advertisement