ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​ នៅ​ឯមន្ទីរពេទ្យ​ Wuhan ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ នៅ​ប្រទេស​ចិន​

Liu Kai អាយុ​ 27ឆ្នាំ ជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​ឯមន្ទីរពេទ្យ​ Renmin បាន​សួរ​អ្នក​ជំងឺ​របស់​ខ្លួន​​បន្ទាប់​ពី​នាំ​គាត់​ទៅ​ថត​ CT កាល​ពី​ថ្ងៃទី​3មីនា​ថា ៖ “លោក​ចូល​ចិត្ត​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​ដែរ​ទេ?”។

អ្នក​ជំងឺ​វ័យ​ 87​ឆ្នាំ​ ដែល​កំពុង​ស្ថិត​នៅលើ​គ្រែ​សម្រាប់​អ្នក​ជំងឺ ក៏​ឆ្លើយ​ថា “វា​ស្អាត​ខ្លាំង​ណាស់​”។ បាន​ឮ​ដូច្នេះ វេជ្ជ​បណ្ឌិត​ Liu ក៏បាន​រុញ​គ្រែ និង​​អ្នក​ជំងឺដោយ​​ថ្នម​ៗ​ ចេញ​ទៅ​ខាង​ក្រៅ​​មន្ទីរ​ពេទ្យ​ និង​គយ​គន់​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​ជា​មួយ​គ្នា​។

អ្នក​ជំងឺ​ស្ថិត​នៅ​លើ​គ្រែ​ ចំណែក​លោកវេជ្ជ​បណ្ឌិត​ Liu ស្ថិត​ក្នុង​សម្លៀក​បំពាក់​ការ​ពារ​មេរោគ​ ដែល​គ្រប​ដណ្ដប់​ជិត​ពី​ក្បាល​ ដល់​ចុង​ជើង​។ អ្នក​ទាំង​2 បាន​ឆ្លៀត​ឱកាស​ដ៏កម្រ​នេះ​ដើម្បី​ទទួល​យក​ពន្លឺ​ស្រាល​ៗ​ពី​ព្រះ​អាទិត្យ​ដែល​កំពុង​តែ​រៀប​អស្ដង្គត នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន​។ រូប​ថត​​ត្រូវ​បាន​ថត​ដោយ​បុគ្គលិក​ពេទ្យ​ម្នាក់​ដែល​ដើរ​ជាមួយ​ពួក​គេ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​លើ​សណ្ដាញ​សង្គម ក៏​ដូច​ជា​សារព័ត៌មាននៅ​​ប្រទេស​ចិន​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​ និង​ចុះ​ផ្សាយ​។

លោក​វេជ្ជ​បណ្ឌិត​ Liu ថ្លែង​ថា “អ្នក​ជំងឺ​នេះ​ មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ​អស់​រយៈ​ពេល​1ខែ​មកហើយ​។ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​បាន​ឈរ​ក្រោម​កម្ដៅ​ព្រះអាទិត្យ​ជា​មួយ​គ្នា​”។ លោក Liu ឱ្យ​ដឹងថា ខ្លួន​គាត់ផ្ទាល់​ ​ដូច​ជា​មិន​មាន​ឱកាស​មើល​ឃើញ​ព្រះ​អាទិត្យ​ ព្រោះ​តែ​បាន​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។

បន្ទាប់​ពី​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម រូប​ថត​ខាង​លើ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម​នៅ​ប្រទេស​ចិន​។ មនុស្ស​ម្នាក់​​បាន​បញ្ចេញ​មតិ​ថា “មិន​ត្រឹម​តែ​ព្រះអាទិត្យ​នោះ​ទេ ប៉ុន្តែ​រូប​ថត​នេះ​ក៏​បាន​បង្ហាញ​អំពី​ក្ដី​សង្ឃឹម​ ឬ​ទិដ្ឋ​ភាព​ដ៏កក់​ក្ដៅ​ ដោយ​ពន្លឺ​នៅ​ចំពី​មុខ​របស់​ពួកគេ​”។

ក្រោយ​មក លោក​វេជ្ជ​បណ្ឌិត​ Liu ក៏បាន​នាំ​អ្នក​ជំងឺ​នេះ​ត្រឡប់​ចូល​មន្ទីរពេទ្យ​វិញ ហើយ​អ្ន​ក​ជំងឺ​នេះ​ក៏បាន​សម្រាន្ត​លង់​លក់​ទៅ​។

វេជ្ជ​បណ្ឌិត​ Liu បាន​រៀប​រាប់​ថា អ្នក​ជំងឺ​វ័យ 87​ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ ក្រុម​គ្រូ​សារ​មិន​អាច​មក​មើល​អ្នក​ជំងឺ​ញឹក​ញាប់​បាន​ ដោយ​សារ​បញ្ហា​សុវត្ថិ​ភាព​ និង​ការ​ដើរ​ហើរ​។ ដូច្នេះ អ្នកជំងឺ​នេះ​ត្រូវ​បាន​ថែ​ទាំង​ដោយ​ក្រុម​បុគ្គលិក​ពេទ្យ​។

ក្នុង​រយៈ​ពេល​20ថ្ងៃ​នៃ​ការ​ព្យា​បាល​ សុខ​ភាព​របស់​អ្នក​ជំងឺ​ខាង​លើ ក៏បាន​ល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។ នេះ​បើ​តាម​ Global Times។

ក្រុម​របស់​លោក​វេជ្ជ​បណ្ឌិត​ Liu កំពុង​តែ​ធ្វើ​ការ​នៅ​ឯ​មន្ទីរពេទ្យ​ Renmin នៃ​មហាវិទ្យា​ល័យ​ Wuhan ដែល​ជា​កន្លែង​សម្រាប់​ព្យា​បាល​អ្នក​ជំងឺ​​ដែល​មាន​អាការ​ធ្ងន់​ធ្ងរ​ ឬ​កំពុង​​ប្រឈមនឹង​ការ​បាត់​បង់​ជីវិត​។

លោក Liu បន្ត​ថា “អ្នកជំងឺ​ស្ទើរ​តែ​ទាំង​អស់​ មាន​សុខ​ភាព​ល្អ​ឡើង​វិញ​​ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​”៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement