មេទ័ពធំរបស់អ៊ីរ៉ង់ ចោទ​សហរដ្ឋ​អាមេរិក​ថា នៅ​ពី​ក្រោយ​វីរុសមរណៈ​ ជាការរុករានខាងអាវុធជីវសាស្ត្រ

ឧត្ដមសេនីយ៍ដ៏ល្បីឈ្មោះរបស់អ៊ីរ៉ង់ បានអះអាងថា មេរោគវីរុស COVID-19 គឺជាការវាយប្រហារខាងអាវុធជីវសាស្ត្ររបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិន មុននឹងមកដល់អ៊ីរ៉ង់។

លោកឧត្ដមសេនីយ៍ ហូសសេន សាឡាមី អគ្គមេបញ្ជាការនៃកងកម្លាំងការពារការបដិវត្តន៍អ៊ិស្លាមនៃប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃម្សិលមិញ(ថ្ងៃទី5មីនា)ថា សហរដ្ឋអាចស្ថិតនៅពីក្រោយខ្នងមេរោគ COVID-19 ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងអ៊ីរ៉ង់ និងចិន ព្រមទាំងបានព្រមានឱ្យសហរដ្ឋប្រយ័ត្នខ្លួន បើសិនជានៅពីក្រោយខ្នងនៃមេរោគវីរុសមរណៈនេះពិតមែននោះ មេរោគនេះនឹងត្រឡប់ទៅចាត់ការអាមេរិកវិញយ៉ាងសមមុខនៅទីបំផុត វិញមិនខាន។

“ថ្ងៃនេះ ប្រទេសជាតិស្ថិតនៅក្នុងសមរភូមិអាវុធជីវសាស្ត្រ យើងនឹងតស៊ូជាមួយវីរុសដែលអាចជាស្នាដៃនៃការរុករានឈ្លានពានខាងអាវុធជីវសាស្ត្ររបស់អាមេរិក ចម្លងទៅចិនមុនគេ បន្ទាប់មកអ៊ីរ៉ង់ និងទូទាំងពិភព​លោក” ឧត្ដមសេនីយល្បីឈ្មោះថ្លែងប្រាប់អ្នកចូលរួមដ៏ច្រើននៅក្នុងទីក្រុង ឃើរម៉ាន កាលពីថ្ងៃម្សិលមិញ។

ចំណែកលោកឧត្ដមសេនីយ៍ រេសៅ ចាឡាលី អគ្គមេបញ្ជាការអង្គការការពារគ្រោះភ័យពលរដ្ឋនៃប្រទេសអ៊ីរ៉ង់ បានថ្លែងកាលពីពេលមុនថា ការបំផុសក្ដីភ័យខ្លាចរបស់វីរុសថ្មីនេះនៅក្នុងប្រទេសអ៊ីរ៉ង់តាមរយៈព័ត៌មាន រឹត​តែបន្ថែមទម្ងន់ទៀតថា មេរោគវីរុស គឺជាការវាយប្រហារខាងអាវុធជីវសាស្ត្រមកលើអ៊ីរ៉ង់ និងចិន តែយ៉ាង​ណាក្ដី ការសង្ស័យនេះត្រូវអាស្រ័យលើការស៊ើបអង្កេតខាងជីវសាស្ត្រ និងការសិក្សាស្រាវជ្រាវជីណូម ឬព័ត៌មានលម្អិតខាងពូជអម្បូររបស់វីរុស”៕

ប្រភព៖សាព័ត៌មានបរទេស

Advertisement