ក្រសួង​នឹង​រក​​អគារ​មួយ​សម្រាប់​ដាក់​មនុស្ស​ទាំង​40នាក់​ដែល​​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ដោយ​ប្រយោល​ពី​ជនជាតិ​ជប៉ុន​ម្នាក់​នៅ​ខេត្ត​សៀ​មរាប​

មួយ​ផ្នែក​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ក្លាយ​កន្លែង​សម្រាប់​ដាក់​មនុស្ស​ចំនួន​4នាក់​ ដែលកំពុង​​ត្រូវ​បាន​​សង្ស័យ​ថា​បាន​ឆ្លង​​មេ​រោគ​កូរ៉ូណា​ Covid-19​ ដោយ​ផ្ទាល់​​ពី​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។

មក​ដល់ពេល​នេះ ក្រសួង​សុខាភិបាល​ បាន​បង្កើត​ទី​តាំង​មួយ​សម្រាប់​ដាក់​មនុស្ស​ទាំង​4នាក់​ខាង​លើ​នេះ​ហើយ ដោយ​យក​បន្ទប់​ធំ​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ធ្វើ​ជា​កន្លែង​ព្យាបាល​ដាច់​ដោយ​ឡែក​ ឬ​ហៅ​ថា ចត្តាឡីស័ក​។

ចំណែក​មនុស្ស​ចំនួន​40នាក់​ដែល​ធ្លាប់​បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​នឹង​អ្នក​ជំងឺ​ជនជាតិ​ជប៉ុន​នោះ ក្រសួង​ក៏នឹង​រៀប​ចំ​អគារ​មួយ​សម្រាប់​តាម​ដាន​សុខ​ភាព​របស់​ពួកគេ​ផង​ដែរ។ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌី​ន គឺ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​ខាង​លើ​នេះ​។

សូម​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​វិធាន​ការ​ខាង​លើ​ គឺ​កើត​ឡើង​បន្ទាប់ពី​ជន​ជាតិ​ជប៉ុន​ម្នាក់​នៅខេត្ត​សៀម​រាប​ ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ Covid-19 ក្រោយ​ពី​បុរស​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​មួយ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ចេញ​ចំណើរ​ពី​ខេត្ត​សៀម​រាប ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ដោយ​បាន​ចុះ​ចត​ និង​ប្ដូរ​យន្ត​ហោះ​​ក្នុង​ប្រទេស​វៀតណាម​ ហើយ​បាន​​បន្ត​ដើម្បី​ទៅ​កាន់​ប្រទេស​ជប៉ុន​។

ជនជាតិ​ជប៉ុនម្នាក់​​ខាង​លើនេះ ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មុន​នឹង​ត្រឡប់​មក​កាន់​កម្ពុជា និង​ចាក​ចេញពី​ខេត្ត​សៀម​រាប​ទៅ​កាន់​ប្រទេស​ជប៉ុន​៕

Advertisement