Covid-19៖ មនុស្ស4នាក់​ដែល​ត្រូវ​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​ ​មិនទាន់មានរោគសញ្ញាអ្វី​ឡើយ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ថា មនុស្សទាំង4នាក់ (ស្រី2នាក់ ប្រុស2នាក់) ដែល​ត្រូវបានដាក់នៅក្នុងបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ​ នៅមានសុខភាពល្អធម្មតា និងមិនទាន់​មានរោគសញ្ញាអ្វីគួរឱ្យចាប់​អារម្មណ៍នោះទេ គិត​ត្រឹម​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​6មីនា​នេះ​។

មនុស្ស​ទាំង4នាក់​ខាង​លើ ក៏​បាន​ប្រាប់​អ្នក​តំណាង​ក្រសួង​សុខាភិបាល​ដែរថា នៅ​កន្លែង​ធ្វើ​ការ​​របស់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​​ពួក​គេ​ធ្វើ​ការ​ជាមួយ​នោះ បាន​អនុវត្ត​វិធានការ​ការ​ពារ​សុខ​ភាព​បាន​ល្អ​ណាស់។ ពួកគេ​បាន​និយាយ​ថា ជនជាតិ​ជប៉ុន​ម្នាក់​នោះ​ តែង​ឱ្យ​ពួកគេ​ឈរ​ចម្ងាយ​1ម៉ែត្រ​ពី​គាត់​ នៅ​ពេល​និយាយ​គ្នា​ បន្ទាប់​ពី​គាត់​ដឹង​ថា ខ្លួន​គាត់​​មិនសូវ​ស្រួល​ខ្លួន។ នេះ​បើ​តាម​សារ​ព័ត៌មាន​ AKP។

ជនជាតិ​ជប៉ុនម្នាក់​​ខាង​លើនេះ ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មុន​នឹង​បាន​ត្រឡប់​​មក​កាន់​កម្ពុជា រួច​ចាក​ចេញពី​ខេត្ត​សៀម​រាប​ទៅ​កាន់​ប្រទេស​ជប៉ុន​។

គិត​មក​ដល់​ពេល​នេះ រោគ​រាតត្បាត Covid-19 បាន​រាល​ដាល​ដល់ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ក្នុង​នោះ មាន​ប្រទេសមួយ​ចំនួន​​ដែល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​ក្រៅ​ពី​ប្រទេស​ចិន ដូច​ជា​ ​ប្រទេស​កូរ៉េខាង​ត្បូង (​មាន​អ្នក​ជំងឺ 6,593នាក់) ប្រទេស​អីតាលី (មានអ្នក​ជំងឺ 3,858​នាក់) ប្រទេស​អ៊ីរ៉ង់ (មាន​អ្នក​ជំងឺ 3,513នាក់) រួម​នឹង​​ប្រទេសជា​ច្រើន​ផ្សេង​ទៀត៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement