ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

ក្រុម​មន្ត្រី​សុខាភិបាល​ខេត្ត Gansu នៃ​ប្រទេស​ចិន បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះបាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 បន្ថែម​ 17ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ង់ កើនឡើង​ដល់​ 28នាក់​។

អ្នក​ផ្ទុក​មេរោគ​ 17នាក់​​ខាង​លើ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ 283​នាក់​ដែល​កំពុង​ត្រូវ​បាន​បង្ខាំង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ នា​ទី​ក្រុង ​Lanzhou នៃ​ខេត្ត​ Gansu ប្រទេស​ចិន។ អ្នក​ទាំង​ 283នាក់​នេះ មក​កាន់​ទីក្រុង​ Lanzhou តាម​យន្ត​ហោះ​ ចាប់​ពី​ថ្ងៃទី​ 2-5 ​ខែ​មីនា​ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្ម​ការ​សុខាភិបាល​ទីក្រុង​ Lanzhou កាល​ពី​ថ្ងៃទី​6 ខែ​មីនា។

ប្រទេស​ចិន បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ឆ្លងមេរោគ Covid-19 បញ្ច្រាស​​ត្រឡប់​ចូល​​ប្រទេស​ចិន​​វិញ​ ពី​ប្រទេស​ផ្សេង​ៗក្នុង​ពិភពលោក នៅ​ពេល​ដែល​ស្ថាន​ភាព​រោគរាត​ត្បាត​នៅ​​ប្រទេស​ចិន មាន​ភាព​ធូរស្រាល​។ ខេត្ត​ Zhejiang កាល​ពី​ថ្ងៃទី​2 និង​ទី​3 ខែ​មីនា បានរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2ករណី​ ដែលពួក​គេ​​សុទ្ធ​តែជា​​អ្នក​ត្រឡប់​មក​ពីសង្កាត់​ Bergamo ក្នុង​តំបន់ Lombardy ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​​នៅ​​ប្រទេស​អ៊ីតាលី។

Gansu គឺជា​ខេត្ត​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​បាន​ទម្លាក់​ការ​ប្រកាស​អាសន្ន​មក​នៅ​ត្រឹម​កម្រិត​ទី​3​ក្នុង​ចំណោម​4កម្រិត​នៃ​ការប្រកាស​អាសន្ន​ កាល​ពី​ខែ​កុម្ភៈ ដោយ​សារ​តែ​តំបន់​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាថ្មី​ មាន​កម្រិត​​ទាប​។ មុន​ពេល​រក​ឃើញ​​អ្នក​ផ្ទុក​មេរោគ​ Covid-19 មក​ពី​ប្រទេស​អ៊ីរ៉ង់ ខេត្ត​ Gansu ក៏​ធ្លាប់​មាន​អ្នក​ផ្ទុក​មេរោគ​ ​នេះ​ចំនួន 91នាក់ និង​អ្នក​ស្លាប់​ 2នាក់​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement