សហរដ្ឋ​អាមេរិក៖ អ្នក​ផ្ទុក​ Covid-19 2នាក់ ​ធ្លាប់បានចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​អនុប្រធានាធិបតី​

មនុស្ស​2នាក់ដែល​ត្រូវបានគេ​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 បន្ទាប់​ពី​បាន​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​ឯទីក្រុង​ Washington ដែល​មាន​ការ​ចូល​រួម​ពី​អនុប្រធានាធិតបី​អាមេរិក​ លោក Mike Pence។

សន្និសីទគោលនយោបាយ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយគណៈ​កម្មាធិការ​កិច្ច​ការ​សាធារណៈ​អាមេរិកាំង​អ៊ីស្រា​អែល​ ហៅ​កាត់​ថា AIPAC (American Israel Public Affairs Committee) នៅ​ទីក្រុង Washington ចាប់​ពី​ថ្ងៃទី​1 ដល់​ទី3មីនា ក៏មាន​វត្តមាន​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Mike Pompeo និងសមាជិក​សភា​រាប់​សិប​នាក់​ទៀត​ ក្នុង​នោះ​ក៏មានមេដឹក​នាំ​ក្រុម​សំឡេង​ភាគ​ច្រើន​នៃ​សភា​ជាន់​ខ្ពស់​ លោក Mitch Mcconnell និងអតីត​បេក្ខ​ភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ លោក Mike Bloomberg ផងដែរ​។

នៅក្នុង​អ៊ីម៉េលដែល​ត្រូវ​បាន​ផ្ញើ​ទៅកាន់​មនុស្ស​ដែល​បាន​ចូល​រួម​សន្និសីទខាងលើ បូក​រួម​ទាំង​ក្រុម​វាគ្មិន និង​ការិយា​ល័យ​សភាផង​ កាល​ពី​ថ្ងៃទី6 ខែ​មីនា AIPAC បាន​ឱ្យ​ដឹង​ថា មនុស្ស​2នាក់​ដែល​បាន​ឆ្លងមេរោគ Covid-19 នោះ បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង New York ទៅ​ចូល​រួម​សន្និសីទ​នេះ​នៅ​ឯទីក្រុង​​ Washington។

រដ្ឋ New York បច្ចុប្បន្ន មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួនជាង 44នាក់ ដែល​ពួកគេ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់ Westchecter។

អនុប្រធានាធិបតី​អាមេរិក​ លោក Mike Pence គឺជា​អ្នក​ដឹកនាំ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​ Covid-19 របស់​អាមេរិក​។ ប្រទេស​នេះ បច្ចុប្បន្ន មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 410នាក់ ក្នុង​នោះ​ 15​នាក់​បាន​ជាសះស្បើយ និង​17នាក់​បាន​បាត់បង់ជីវិត​។ រដ្ឋ Washington California Florida និង Maryland បាន​ប្រកាស​ភាព​អាសន្ន​​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19 បាន​ឆ្លង​រាលដាល​ខ្លាំង៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស

Advertisement