បុគ្គលិកម្នាក់​របស់ Apple បាន​ក្លាយ​ជា​អ្នក​មាន​ផ្ទុក​​ COVID-19 ​ដំបូងគេ​បង្អស់នៅ​​​ក្នុង​ក្រុម​ហ៊ុន​

បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ “ខ្នាតយក្ស” Apple នៅ​ឯទីក្រុង Cork ក្នុង​ប្រទេស​អៀរ​ឡង់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19 ហើយ​បាន​ក្លាយ​ជា​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាដំបូង​គេ​ក្នុង​ក្រុម​ហ៊ុន​នេះ​។

“ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​យើង​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង Cork ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​​ COVID-19។ យើង​កំពុង​សហការ​ជាមួយ​ក្រុម​មន្ត្រី​សុខាភិបាល​មូល​ដ្ឋាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ចំណែក​អ្នក​ជំងឺ​វិញ កំពុង​បង្ខាំង​ខ្លួន​ឯង​នៅ​ឯផ្ទះ​របស់​គាត់​” នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន Apple ដែល​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន CNBC។

Apple យល់​ថា ​ការ​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​នេះ​ គឺមាន​ហានិភ័យ​ទាប​។ យ៉ាង​ណា​ក៏ដោយ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល ក្រុម​ហ៊ុន​នេះ​ក៏បាន​ស្នើ​ឱ្យ​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុមដែល​មាន​ជាប់​ទាក់​ទិន​នឹង​អ្នក​ជំងឺ​ខាង​លើ​ ធ្វើ​ការនៅ​ឯផ្ទះ​ ហើយ​ក្រុម​ហ៊ុន Apple ក៏កំពុង​តែ​ធ្វើ​ការ​ជាមួយរដ្ឋបាល​សុវត្ថិ​ភាព ​និង​សុខ​ភាព​ដើម្បី​វាយ​តម្លៃ​ស្ថាន​ភាពនៃ​ករណី​នេះ។

តំណាង​ក្រុម​ហ៊ុន Apple បាន​អះអាង​ថា “យើង​កំពុង​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​ចាំបាច់​នានា​ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​”។

មុន​នេះ​ Apple ក៏បាន​ណែនាំ​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ ធ្វើ​ការ​នៅ​ឯផ្ទះ “បើ​សិន​មាន​លក្ខខណ្ឌ​អំណោយ​ផល” ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន​ក៏​កំពុង​តែ​ “កាត់​បន្ថយ​ចំនួន​មនុស្សនៅ​ក្នុង​ការិយា​ល័យ​” និង​ “ធានាចំពោះ​​​បុគ្គលិក​ដែល​មក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​សុវត្ថិ​ភាព​ និង​ស្ងប់​ចិត្តក្នុង​ពេ​ល​ធ្វើ​ការ​” ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19។

យោង​តាម​ស្ថិតិ​​នា​ថ្ងៃទី​11មីនា វីរុស​កូរ៉ូណា COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​119 នៅទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ 119,027​នាក់ បាន​ឆ្លង​ជំងឺ​នេះ ក្នុង​នោះ​មាន​ 4.284នាក់​បាន​បាត់​បង់​ជីវិត។ ដោយ​ឡែក​នៅ​អៀរឡង់ មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន 34នាក់ ប៉ុន្តែ មិន​ទាន់​មាន​ករណី​​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement