វៀត​ណាម​នឹង​ផលិត​​ម៉ាស់​ 30​លាន​បន្ទះ​ ក្នុង​រយៈ​ពេល​3ខែ​ បន្ទាប់​ពី​ចាប់​បាន​​​ករណី​ប្រមូល​ទិញ​ម៉ាស់​មួយ​ទឹក​រាប់​តោន​ ដែល​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​

វៀត​ណាម​នឹង​ផ្គត់​ផ្គង់​ម៉ាស់​ 30​លាន​បន្ទះ​ ក្នុង​រយៈ​ពេល​3ខែ​ បន្ទាប់​ពី​ចាប់​បាន​​​ករណី​ប្រមូល​ទិញ​ម៉ាស់​មួយ​ទឹក​រាប់​តោន​ ដែល​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​

ចាប់​ពី​ថ្ងៃ​នេះ (16មីនា ឆ្នាំ​2020) វៀតណាម​នឹងចាប់​បង្ខំ​​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ ពាក់​ម៉ាស់​​នៅ​ក្នុង​ផ្សារ​ទំនើប ព្រលាន​យន្ត​ហោះ ស្ថានីយ​រថភ្លើង ចំណត​រថយន្ត​ និង​នៅ​លើមធ្យោ​បាយ​ធ្វើ​ដំណើរ​​សាធារណៈ។ល។ បណ្ដា​ក្រុម​ហ៊ុន​​ផលិត​ម៉ាស់​ក្នុង​ស្រុក​ ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ នៅ​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹង​មេរោគ COVID-19។

អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Truong Quoc Cuong កំពុង​ពិនិត្យ​ការ​ផលិត​ម៉ាស់​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង​នៅ​វៀត​ណាម

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្ដី​អំពី​ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បាន​ចេញ​បញ្ជា​ឱ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​ពាក់​ម៉ាស់​​នៅ​តាម​ទី​សាធារណៈ ឱ្យ​បាន​តឹង​រ៉ឹង​​បំផុត​។ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ក៏បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ គ្រប់​គ្រង​ស្ថាន​ការណ៍​ផលិត​ម៉ាស់​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ និង​មាន​គុណ​ភាព​។

អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Truong Quoc Cuong បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី​30មីនា វៀត​ណាម​ត្រូវ​ការ​ម៉ាស់​ចំនួន​30លាន​បន្ទះ ដើម្បី​ទប់ទល់​នឹង​ COVID-19។ កន្លង​មក វៀត​ណាម ខ្វះ​ខាត​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​ម៉ាស់​ ប៉ុន្តែ បច្ចុប្បន្ន វៀត​ណាម​បាន​រក​ឃើញ​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត​ដែល​អាច​ជំនួស​វត្ថុ​ធាតុ​ដើម​ដែល​កំពុង​ខ្វះ​ខាត។

​អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ (Ministry of Industry and Trade) បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន វៀត​ណាមមាន​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ដែល​អាច​ផ្គត់​ផ្គង់​ឱ្យ​ការ​ផលិត​​ម៉ាស់​ចំនួន 30​លាន​បន្ទះ​ នា​ចុង​ខែ​មីនា​នេះ​។

ចាប់​តាំង​ពី​រោគរាត​ត្បាត​ COVID-19 បាន​រីក​រាល​ដាល​ខ្លាំង​នៅ​ទូទាំង​ពិភពលោក តម្រូវ​ការ​ម៉ាស់​ក៏​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ខ្វះ​ខាត​ម៉ាស់ ហើយ​ធ្វើ​ឱ្យ​ម៉ាស់​ឡើង​ថ្លៃមិន​គួរ​ឱ្យ​ជឿ​ រហូត​ដល់​មាន​ករណី​អ្នក​រកស៊ី​អមនុស្ស​ធម៌​ខ្លះ បាន​ប្រមូល​ម៉ាស់​ដែល​គេ​បោះ​ចោល​បន្ទាប់​ពី​ប្រើ​រួច​ យកទៅ​លក់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទៀត​ផង​​​។

ទាក់​ទិន​នឹង​បញ្ហា​ខាង​លើ កាល​ពី​ថ្ងៃទី28​កុម្ភៈ​ នៅ​ប្រទេស​​វៀត​ណាម អាជ្ញា​ធរ​បាន​ចូល​ត្រួត​ពិនិត្យ​កន្លែង​​ប្រមូល​ទិញ​សំណល់​អេតចាយមួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ហើយ​ក៏បាន​រកឃើញ​ម៉ាស់​ដែល​គេ​ប្រើ​រួច​​រាប់​សិប​ការុង មាន​តូច​ មាន​ធំ​ លាយ​ឡំគ្នា​។ សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ម៉ាស់​ទាំង​នេះ​មាន​ទម្ងន់​ដល់​ទៅ​2តោន។ ក្នុង​ចំណោម​ម៉ាស់​ទាំង​អស់នេះ មាន​ម៉ាស់​ខ្លះ​ជាប់​ស្នាម​ប្រឡាក់ ខ្លះខ្ញុក​ខ្ញុវ ខ្លះ​ទៀត​ក៏​នៅ​ជាប់​​ស្លាក​យីហោ​ផងដែរ​។

ក្រៅ​ពី​ករណី​ខាងលើ​នេះ អាជ្ញាធរ​វៀតណាម​ ក៏បាន​រក​ឃើញ​កន្លែង​ទទួល​ទិញ​ម៉ាស់​ប្រើ​រួច​ មួយ​កន្លែង​ផ្សេង​ទៀត។​ ដែល​នេះ​ បាន​ធ្វើ​ឱ្យ​ក្រសួង​សុខាភិបាល​វៀត​ណាម ចាត់​វិធាន​ការ​ ហាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ទិញ ឬ​ដឹក​ជញ្ជូន​ម៉ាស់​ និង​សម្ភារ​ការ​ពារ​សុខ​ភាព​បុគ្គល ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​កូរ៉ូណា COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement