ជាង180,000​នាក់​ បាន​ឆ្លង​វីរុស COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​បារាំង និង​ម៉ាឡេស៊ី ទើប​តែ​បាន​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​

ចំនួន​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ដល់​ជិត​ 182,388​នាក់ និង​ 7,144​នាក់​ ខណៈ​ដែល​មាន​ករណី​ឆ្លង​ថ្មី​រាប់​ពាន់​នាក់​នៅ​ក្នុង​តំបន់អឺរ៉ុប។

COVID-19 បាន​ឆ្លងរាល​ដាល​ និង​កាន់​តែ​មាន​ភាព​ស្មុគស្មាញ នៅ​ពេល​វា​មាន​វត្តមាន​​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​162​ នៅ​ទូទាំង​សកល​លោក​។

ប្រទេស​អ៊ីតាលី គឺជា​តំបន់​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​នៅ​អឺរ៉ុប និង​ធំ​លំដាប់​ទី​2 នៅ​ក្នុង​ពិភពលោក​ ដោយ​ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​3,233​ករណី និង​អ្នក​ស្លាប់​ 349​ករណី​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប​ 27,980​នាក់ និង​អ្នក​ស្លាប់​សរុប 2,158​នាក់​។ អេស្ប៉ាញ អាល្លឺម៉ង់ និង​បារាំង​ បច្ចុប្បន្ន បាន​រក​ឃើញ​អ្នក​ឆ្លង​រោគ​ថ្មី​ជាង​ 1,000​ករណី​ដូច​គ្នា​ នាំ​ឱ្យ​ចំនួន​អ្នកឆ្លង​សរុប​ក្នុង​ប្រទេស​ អេស្ប៉ាញឡើង​ដល់​ 9,942នាក់ អាល្លឺម៉ង់7,272​នាក់ និង​បារាំង​6,633​នាក់​។

អ៊ីរ៉ង់​នៅ​តែ​ជា​ប្រទេស​ដែល​មាន​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិន​ដីគោក) ខណៈ​ដែល​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី 1,053​ករណី​ ធ្វើ​ឱ្យ​អ្នក​ផ្ទុកមេរោគ​សរុប ឡើង​ដល់14,991​នាក់​។

សហរដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​ 4,599​នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​919​នាក់​។ អាមេរិកាំង​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​18​ករណី ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​86​នាក់​។

នៅ​ប្រទេស​ចិន​ ទើប​តែ​បាន​រក​ឃើញ​ករណី​ឆ្លង​រោគ​ថ្មី​ចំនួន 21​នាក់ ដូច្នេះ​ អ្នក​បាន​ឆ្លង​ COVID-19 នៅ​ក្នុង​ប្រទេស​នេះ សរុប 80,881នាក់​។ ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ បច្ចុប្បន្ន​មាន​ 3,226​នាក់ កើន​13ករណី បើ​ធៀប​នឹង​ម្សិល​មិញ​។

ក្នុង​តំបន់​អាស៊ីអាគ្នេយ៍វិញ ប្រទេស​ម៉ាឡេស៊ី​ បាន​បិទ​ព្រំ​ដែន​​ទាំង​ស្រុង ដោយ​មិន​ឱ្យ​ពលរដ្ឋធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​ហាម​ជន​បរទេស​មិន​ឱ្យ​ចូល​ស្រុក​ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​ 566​នាក់​។ ប្រទេស​នេះ​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​នៅ​ក្នុង​តំបន់​។

គិត​មក​ដល់​ពេល​នេះ ពិភពលោក​ មាន​ករណី​ស្លាប់​ថ្មី​ចំនួន​629​នាក់​បន្ថែម​ទៀត ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប នាំឱ្យ​ចំនួន​ករណី​ស្លាប់​កើន​ដល់​7,144​នាក់​ ខណៈ​ដែល​អ្នក​បាន​ជា​សះ​ស្បើយ​ មាន​ជាង 78,000​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement