អ៊ីតាលី៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កើន​លើស​ 2,500​នាក់​ ប្រហែល​ 1/3 នៃ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​

អ៊ីតាលី៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កើន​លើស​ 2,500​នាក់​ ប្រហែល​ 1/3 នៃ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ COVID-19 នៅ​ប្រទេស​អ៊ីតាលី បាន​កើន​ឡើង​លើស​ពី​2,500​នាក់ ដែល​ប្រហែល​ជា​ 1/3​ នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​ នេះ​បើ​តាម សារ​ព័ត៌មាន​ Reuters ដក​ស្រង់​ព័ត៌មាន​ពី Protezione Civile។

​មជ្ឈ​មណ្ឌល​ការ​ពារ​ជន​ស៊ីវិល (Protezione Civile) បាន​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃទី17មីនា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​345ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​ 2,503​នាក់​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រោគ​កូរ៉ូណា​នៅ​ប្រទេស​អ៊ីតាលីបច្ចុប្បន្ន ប្រមាណជា​ 1/3 នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 សរុប​នៅ​ទូទាំង​ពិភពលោក​ និង​ជិត​ស្មើ​នឹង​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ចិន​(ជាង​ 3,000នាក់​)។

កាល​ពី​ម្សិល​មិញ អ៊ីតាលី​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ COVID-19 ជាង 3,500​ករណី​ នាំឱ្យ​ចំនួន​អ្នកបាន​ឆ្លង​រោគ​កូរ៉ូណា នៅ​ក្នុង​ប្រទេស​នេះ កើន​ដល់​ 31,506នាក់​ គឺ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។ ថ្វី​បើ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើន​ឡើង​ ប៉ុន្តែ ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​ក្នុង​ប្រទេស​នេះ កំពុង​តែ​មាន​សញ្ញា​ថយ​ចុះ​បន្តិច​។ មក​ដល់​បច្ចុប្បន្ន អ៊ីតា​លី​បាន​ព្យា​បាល​ជាសះ​ស្បើយ​ជិត​3,000នាក់​ ខណៈ​ដែល​ជាង 2,000​នាក់​ផ្សេង​ទៀត​ កំពុង​ទទួល​ការ​ព្យា​បាល​។

ស្ថានភាព​នៃ​រោគ​រាត​ត្បាត​កាន់​តែ​អាក្រក់​ឡើង​ៗ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​របស់​អ៊ីតាលី ក្លាយ​ជា​ជនរង​គ្រោះ​ជា​បន្ត​បន្ទាប់​ដោយ​សារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ យោងតាម​ទិន្ន​ន័យ​របស់​សមាគម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ផ្នែក​សុខាភិបាល​ចំនួនជិត​ 1,700​នាក់ នៅ​ប្រទេស​អ៊ីតាលី បាន​ឆ្លង​មេរោគ COVID-19។ ប្រទេស​នេះ​ក៏កំពុង​ខ្វះ​បុគ្គលិក​ផ្នែក​សុខាភិបាល​ និង​គ្រែ​សម្រាប់​អ្នក​ជំងឺ រួម​នឹង​សម្ភារ​វេជ្ជ​សាស្ត្រ​ផ្សេង​ៗទៀត​ផងដែរ​។

ទន្ទឺម​នឹង​នេះ បញ្ហា​ខ្វះ​ប្រភព​ផ្គត់​ផ្គង់​ម៉ាស់​គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ប្រទេស​អ៊ីតាលី​។ ប្រទេស​នេះ ត្រូវ​ការ​ម៉ាស់​ចំនួន​ប្រមាណជា​ 90​លាន​បន្ទះ​ក្នុង​1ខែ​ៗ។ អ៊ីតាលី​ មិន​មាន​រោង​ចក្រ​ផលិត​ម៉ាស់​នោះ​ទេ ហើយ​ប្រទេស​ជិត​ខាង​ក៏​ឈប់​ឱ្យ​នាំ​ម៉ាស់​ទៅ​ក្រៅ​ប្រទេស​​ផងដែរ​ ដើម្បី​ទុក​ប្រើ​ក្នុង​ស្រុក​។ នេះ​បើ​តាម ​Protezione Civile។

COVID-19 បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019។ គិត​មក​ដល់​ពេល​នេះ វា​បាន​ឆ្លង​ទៅ​ប្រទេស​ និង​ដែន​ដី​ចំនួនជាង​ 160 នៅ​ទូទាំង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង 190,000​នាក់​ បាន​ឆ្លង​ជំងឺ និង​ប្រមាណ​ជា​ 7,500​នាក់​បាន​ស្លាប់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement