តំណាង​រាស្ត្រអាមេរិកាំង​ដំបូង​គេ​ ឆ្លង​វីរុស COVID-19

តំណាង​រាស្ត្រអាមេរិកាំង​ដំបូង​គេ​ បាន​ឆ្លង​វីរុស COVID-19

តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​ម្នាក់ បាន​ក្លាយ​ជា​សមាជិក​សភា​ដំបូង​គេ​នៅ​សហ​រដ្ឋ​អាមេរិក ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណ COVID-19។

CNN កាល​ពីថ្ងៃទី​18មីនា បាន​ចេញ​ផ្សាយ​ថា តំណាង​រាស្ត្រ​នៅ​សភា​ជាន់​ទាប​ក្នុង​រដ្ឋ​ Florida មក​ពី​បក្ស​សាធារណរដ្ឋ លោក Mario Diaz-Balart បាន​ក្លាយ​ជា​អ្នក​តាក់តែង​ច្បាប់​ដំបូង​គេ​នៅ​សភា​សហរដ្ឋ​អាមេរិក​ ដែល​ឆ្លង​មេរោគ​កូរ៉ូណ​នេះ​។ ការិយា​ល័យ​របស់​លោក Diaz-Balart បាន​ឱ្យ​ដឹង​ថា “យប់​ថ្ងៃ​ទី​14មីនា តំណាង​រាស្ត្រ Diaz-Balart មាន​អាការ​ក្ដៅ​ខ្លួន និង​ឈឺក្បាល​។ ក្រោយ​មក​ លោក​ក៏ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា មាន​ផ្ទុក​វីរុស​ COVID-19″។

គិត​មក​ដល់ពេល​នេះ យ៉ាង​ហោច​មាន​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​14រូបហើយ ដែល​បាន​ប្រកាស​នៅ​ដាច់​ដោយ​ឡែក​ ដើម្បី​ការ​ពារ​ការ​ឆ្លង​រោគ​។

បច្ចុប្បន្ន ចំនួន​អ្នក​បាន​ឆ្លង​ និង​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើន​ឡើង។ សហរដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជាង​8,500​នាក់ ក្នុង​នោះ​មាន​118​នាក់​បាន​ស្លាប់​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​​វិទ្យា​ល័យ​ John Hopkins។

គិត​ត្រឹម​ថ្ងៃ​នេះ​(19មីនា) នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​ COVID-19 កើន​ជិត​ដល់​215,000​នាក់​ហើយ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 8,749នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement