កម្ពុជាសម្រេចបិទច្រក​ព្រំដែន​ជាមួយវៀតណាម ក្នុង​ពេល​វីរុស​ COVID-19 កាន់​តែ​រីក​រាល​ដាល​​ខ្លាំង​

កម្ពុជាបានចេញ​បទ​បញ្ជា​​បិទច្រកចេញចូលទាំងអស់នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយប្រទេស​វៀតណាមជាបណ្តោះអាសន្ន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូរ៉ូណ COVID-19។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី18 ខែមីនា ឆ្នាំ2020 បាន​ឱ្យ​ដឹង​ថា បទ​បញ្ជា​ខាង​លើ​នេះ​ នឹង​មិនអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋកម្ពុជា ចូលទៅប្រទេស​វៀតណាម ហើយក៏មិនអនុញ្ញាឱ្យ​ពល​រដ្ឋ​វៀតណាម ចូលមកទឹក​ដី​កម្ពុជានោះ​ដែរ​ គិត​ចាប់ពីម៉ោង 23ៈ59នាទី​ នៃ​យប់ថ្ងៃទី20មីនា ឆ្នាំ2020។

“វិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវ​ឱ្យ​បង្ខាំងខ្លួននៅដាច់ដោយឡែកពីគេចំនួន​14​ថ្ងៃ​ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម” នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការបរទេសកម្ពុជា។

វិធានការខាង​លើ​នេះ នឹង​មិនអនុវត្តចំពោះ​ពលរដ្ឋកម្ពុជា​ និងពលរដ្ឋវៀតណាម​ ដែលប្រើ​ប្រាស់​លិខិតឆ្លងដែនការទូតនោះ​ទេ​។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ 37​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន1នាក់ អង់គ្លេស​3នាក់ កាណាដា​1នាក់ ប៊ែលហ្ស៊ិក1នាក់ បារាំង2នាក់​ ម៉ាឡេស៊ី5​នាក់ ខ្មែរ​24​នាក់។ ចំណែក​ប្រទេស​​វៀត​ណាម​វិញ ក៏បាន​រក​ឃើញ​អ្នក​ជំងឺ​សរុប 75ករណី ក្នុង​នោះ​មាន​16ករណី​បាន​ជាសះស្បើយកាល​ពី​ខែ​មុន និង​59​នាក់​ទៀត​ កំពុង​ទទួល​ការ​ព្យា​បាល ក្នុង​នោះ​ដែរ មាន​20​នាក់​នៅ​ក្នុង​រដ្ឋ​ធានី​ហាណូយ។ វៀត​ណាម​បច្ចុប្បន្ន មាន​ខេត្ត​ក្រុង​ចំនួន​15​ មាន​ករណី​ផ្ទុក​មេរោគ​កូរ៉ូណា​៕

Advertisement