Bill Gates៖ ប្រទេសណា​​ដែល​ធ្វើ​បាន​ល្អ​ចំពោះ​ការ​ដាក់​បម្រាម​គោចរ​ និង​ធ្វើ​តេស្ត​រក​ COVID-19​ សេដ្ឋ​កិច្ច​នឹង​អាច​ងើប​ឡើង​វិញ​ក្នុង​ពេលដ៏ខ្លី

Bill Gates៖ ប្រទេសណា​​ដែល​ធ្វើ​បាន​ល្អ​ចំពោះ​ការ​ដាក់​បម្រាម​គោចរ​ និង​ធ្វើ​តេស្ត​រក​ COVID-19​ សេដ្ឋ​កិច្ច​នឹង​អាច​ងើប​ឡើង​វិញ​ក្នុង​ពេលដ៏ខ្លី

“បើសិនជា​ប្រទេស​ណា​ដែល​ធ្វើ​បាន​ល្អ​ទៅ​លើ​ការ​ដាក់​បម្រាម​គោចរ​ និង​ធ្វើ​តេស្ត​ បន្ទាប់​​ពី​6-10សប្ដាហ៍ទៅ​មុខ ចំនួន​ករណី​ឆ្លង​រោគ​ក្នុង​ប្រទេស​ទាំង​នោះ​ នឹង​ថយ​ចុះមកនៅ​តិច​តួច​បំផុត​ ហើយ​អាច​ដក​បម្រាម​គោចរ​​ឡើង​វិញបាន​” លោក​ Bill Gates មាន​ប្រសាសន៍ឆ្លើយ​តប​ទៅ​នឹង​សំណួរ​1 នៅ​លើ​បណ្ដាញ​សង្គម Teddit ​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ​។

ដោយ​ចង់​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​រក្សា​ភាព​នឹង​នរ និង​ធ្វើ​តាម​វិធាន​ការ​សុវត្ថិ​ភាព​ លោក Bill Gates ដែល​ជា​ស្ថាបនិក​ និង​ជា​សប្បុរស​​ជន​របស់​ក្រុម​ហ៊ុន Microsoft បាន​ថ្លែង​ថា បណ្ដា​ប្រទេស​ដែល​បាន​ចាត់​វិធាន​ការ​ផ្សេង​ៗ​​បាន​ល្អ ដូច​ជា​ការ​ធ្វើ​សេស្ត​រក​វីរុស​កូរ៉ូណា និង​ផ្អាក​រាល់​សកម្ម​ភាពមិន​ចាំបាច់​​ ប្រទេស​ទាំង​នោះ​នឹង​បាន​ឃើញ​សេដ្ឋ​កិច្ច​ និង​សុខុមាលភាព​ប្រជាជន​​ ល្អ​ប្រសើរ​ឡើង​វិញនា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។

មហាសេដ្ឋ​ Bill Gates ថ្លែង​ថា ការ​រួម​ផ្សំរវាង​ការ​ធ្វើ​តេស្ត​រក​មេរោគ និង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ គឺពិត​ជា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​កូរ៉ូណា​បាន​យ៉ាង​ល្អ​។

លោក​ Bill Gates បាន​សេរ​សេរ​បន្ត​ថា “ដំណាក់​កាល​បច្ចុប្បន្ន មាន​ការ​​ឆ្លង​រាល​ដាល​មេរោគដ៏​ច្រើន​ករណី ​នៅ​ក្នុង​បណ្ដា​ប្រទេស​អ្នក​មាន​។ ជាមួ​យ​នឹង​សកម្ម​ភាព​ត្រឹម​ត្រូវ​ រួម​មាន​ការ​ធ្វើ​តេស្ត​ និង​បម្រាម​គោចរ​ (ដែល​ខ្ញុំ​ហៅ​ថា “shut down”) នៅ​ក្នុង​រយៈ​ពេល​ពី​2-3ខែទៅ​មុខ​ទៀត​ ប្រទេស​អ្នក​មាន​ទាំង​នោះ​ នឹង​អាច​គេច​ផុត​ពី​ការ​ឆ្លង​រាលដាល​កម្រិត​ខ្ពស់​មិន​ខាន”។

គាត់​បន្ត​ថា “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ខាត​បង់​ផ្នែក​សេដ្ឋ​កិច្ច​ ប៉ុន្តែ​ បញ្ហា​អាក្រក់​ជាង​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍ​ ជាបណ្ដា​​ប្រទេស​ដែល​មិន​អាច​ដាក់​បម្រាម​គោចរ​ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​អ្នក​មាន ហើយ​ប្រព័ន្ធ​សុខាភិបាល​ក៏​នៅ​មាន​កម្រិត​”។

មហាសេដ្ឋី​រូប​នេះ ថ្លែង​ថា មូលនិធិ Gates Foundation បាន​សន្យា​ថា នឹង​ផ្ដល់ថវិកា​ចំនួន​ដល់​ទៅ​100​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដោះ​សា្រយ​បញ្ហា​វិបត្តិ​សុខ​ភាព​ COVID-19​ នៅ​ទូទាំង​ពិពលោក ក៏​ដូច​ជា​ការ​ផ្ដល់​5លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​រដ្ឋ​ Washington ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ដ៏ធំមួយ​នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ទីក្រុង New York។

លោក Bill Gates ឱ្យ​ដឹង​ថា មូលនិធិ Gates Foundation កំពុង​តែ​ធ្វើ​ការ​ជាមួយ​ក្រុម​នានា​ ដែល​ធ្វើសកម្ម​ភាព​​ទាក់​ទិន​នឹង​រោគ​វិនិច្ឆ័យ ការ​ព្យាបាល​ និង​វ៉ាក់​សាំង​ ដើម្បី​ធានា​ឱ្យ​បាន​ប្រាកដ​ថា កិច្ចខិតខំប្រឹងប្រែងត្រឹមត្រូវ ត្រូវបានផ្តល់អាទិភាព។

“យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ប្រទេស​ទាំង​អស់ ទទួល​បាន​ជំនួយ​ទាំង​នេះ​។ យើង​បាន​បរិច្ចាគ​ចំនួន 100​លាន​ដុល្លារអាមេរិក នៅក្នុង​ខែកុម្ភៈ សម្រាប់កិច្ច​ការ​ផ្សេង​ៗ​ជាច្រើន​ ហើយ​យើង​នឹង​ធ្វើ​ច្រើន​ជាង​នេះ​ទៀត”​។

“អាទិភាព​សំខាន់​មួយ​ នោះ​គឺជាការ​​ធានា​ឱ្យ​បាន​នូវ​លទ្ធ​ភាព​នៃ​ការ​ផលិត​ថ្នាំព្យា​បាល​ និង​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​។ យើង​ខ្ញុំ​ក៏​បាន​ និង​កំពុង​ខិត​ខំ​ជួយ​ជ្រោម​ជ្រែង​វិស័យ​ផ្សេង​ៗ ដូចជា​ក្រុម​អប់រំ​របស់​យើង​ ដែលកំពុង​ធ្វើ​ការ​ដើម្បី​ធានា​ឱ្យធនធាននៅ​លើ​អនឡាញសម្រាប់​សិស្សានុសិស្ស ​មាន​ប្រយោជន៍ច្រើន​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​” នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មហាសេដ្ឋី Bill Gates៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement