ពលរដ្ឋ​អាមេរិកាំង​ 1គ្រួសារ​ មាន​7នាក់​បាន​ឆ្លង​ COVID-19 ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

ពលរដ្ឋ​អាមេរិកាំង​ 1គ្រួសារ​ មាន​7នាក់​បាន​ឆ្លង​ COVID-19 ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​...

ស្ត្រី​ជា​ម្ដាយ​ម្នាក់​ រួម​នឹង​កូន​2នាក់ នៅ​ក្នុង​រដ្ឋ​ New Jersey សហ​រដ្ឋ​អាមេរិក បាន​ស្លាប់​ដោយ​សារឆ្លង​​វីរុស COVID-19 ចំណែក​កូន​ៗ​4នាក់​ផ្សេង​ទៀត​ក៏​បាន​ឆ្លង​មេរោគ​នេះ​។

លោក​យាយ​ Grace Fusco អាយុ​73​ឆ្នាំ បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​18​មីនា​កន្លង​ទៅ​ 5ថ្ងៃ​ក្រោយ​មក កូន​ស្រី​ច្បង​របស់​លោក​យាយ​​ Grace Fusco ឈ្មោះ Rita Fusco-Jackson អាយុ​55​ឆ្នាំ​ ក៏​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នេះ​។ ប៉ុន្មាន​ម៉ោង​មុន​ការ​ស្លាប់​របស់​អ្នក​ស្រី Rita Fusco-Jackson កូន​ប្រុស​ម្នាក់​របស់​លោក​យាយ​ Grace Fusco ឈ្មោះ​ Carmine Fusco ​នៅ​ក្នុង​រដ្ឋ Pennsylvania ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារ​​ COVID-19។

លោក​យាយ​ Grace Fusco មាន​កូន​11នាក់​ និង​ចៅ​27នាក់។ ដោយ​សារ​តែ​បាន​ឆ្លង​ COVID-19 និង​ត្រូវ​ព្យាបាល​ជំងឺ លោក​យាយ​ Carmine Fusco មិន​បាន​ដឹង​ថា កូន​របស់​គាត់​2នាក់​ បាន​ស្លាប់​សោះ​ឡើយ។

អ្នក​ជិត​ខាង​ម្នាក់ បាន​និយាយ​ថា កូន​ៗ​4នាក់ផ្សេង​ទៀត​​របស់​លោក​យាយ​ Grace Fusco ក៏​បាន​ឆ្លង​រោគ​កូរ៉ូណា និង​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ក្នុង​នោះ​មាន​3នាក់ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។ មនុស្ស​ចំនួន​20 ដែលជា​សាច់​ញាតិ​របស់​លោក​យាយ Grace Fusco ​បច្ចុប្បន្ន ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ ហើយ​ក៏​មិន​បាន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ពួកគេ​នោះ​ដែរ​។

COVID-19 ប្រហែលជា​បាន​ឆ្លង​ទៅ​ក្នុង​គ្រួ​សារ​លោក​យាយ​ Grace Fusco តាំង​ពី​ពេល​ដែល​ពួកគេ​ជួប​ជុំ​គ្នា​កាល​ពី​ដើម​ខែ​នេះ​។ ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​គ្រួ​សារ​យប់​នោះ ក៏ធ្លាប់​បាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ John Brennan ដែលជា​ពល​រដ្ឋ​ដំបូង​របស់​រដ្ឋ​ New Jersey ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​10មីនា ដោយ​សារ​ឆ្លង​ COVID-19។

Judith M. Persichilli មេដឹក​នាំ​ផ្នែក​សុខាភិបាល​នៃ​រដ្ឋ New Jersey យល់​ថា សោក​នាដ​កម្ម​របស់​គ្រួ​សារ​នេះ គឺ​ភ័ស្តុ​តាង​បញ្ជាក់​ថា ការ​ជួប​ជុំមនុស្ស​ច្រើន គឺជា​មូលហេតុ​ដែល​អាច​នាំ​ឱ្យ​មនុស្ស​ស្លាប់​បាន​ នៅ​ក្នុង​អំឡុង​ពេល​វីរុស COVID-19 កំពុង​រាត​ត្បាត​ពិភពលោក​។

COVID-19 បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​​ និង​ដែនដី​ ចំនួន​176​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​227,000​នាក់​ក្លាយ​ជា​អ្នក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី និង​ជាង​ 9,300​នាក់​បាន​ស្លាប់​ និង​ជិត​ 86,000​នាក់​បាន​ជា​សះស្បើយ​។ នៅ​សហ​រដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​អ្នក​ឆ្លង​រោគ​នេះ​ចំនួន​ជាង 9,400​នាក់ ក្នុង​នោះ​មាន155នាក់បាន​ស្លាប់​។ រដ្ឋ​ចំនួន​50 និង​រដ្ឋធានី Washington របស់​សហ​រដ្ឋ​អាមេរិក សុទ្ធ​តែ​មាន​ករណី​ឆ្លង​ COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement