គ្រូពេទ្យជំនាញថៃ ​និយាយ​ថា ​​វីរុស​​កូវីដ​-19​នៅប្រទេសអ៊ីតាលី ជាប្រភេទវីរុសកាចសាហាវ…

គ្រូពេទ្យជំនាញថៃ និយាយថា វីរុសកូវីដ-19នៅប្រទេសអ៊ីតាលី ជាប្រភេទវីរុសកាចសាហាវ...

លោកវេជ្ជបណ្ឌិត ម៉ានូន អ្នកជំនាញខាងជំងឺប្រព័ន្ធដង្ហើម និងជំងឺមនុស្សចាស់ បានចង្អុលបង្ហាញថា មេរោគវីរុសកូវីដ-19 ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីតាលីនាពេលបច្ចុប្បន្ននេះ ជាប្រភេទវីរុសដែលកាចសាហាវខ្លាំងជាងវីរុសដែលឆ្លងរាលដាលនៅក្នុងទ្វីបអាស៊ី ហើយលោកបានវាយតម្លៃថា អ្នកដែលឆ្លងមេរោគនេះនៅក្នុងសង្វៀនប្រដាល់កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសថៃ ក៏ជាវីរុសនេះដែរ ព្រោះអ្នកដែលនៅជិតស្និទ្ធនឹងអ្នកផ្គូផ្គងប្រដាល់ គឺជាអ្នកដែលទើបតែត្រឡប់មកពីប្រទេសអ៊ីតាលី។

លោកបានបន្តឱ្យដឹងទៀតថា អ្វីដែលអាក្រក់បំផុតនោះ គឺមេរោគដែលមានប្រភពចម្លងមកពីប្រទេសអ៊ីតាលីនេះ ពីដំបូងនៅក្នុងប្រទេសអ៊ីតាលីចាប់ផ្ដើមមានការឆ្លងរាលដាលនៅចុងខែមករា ហើយការឆ្លងរាលដាលនោះបានកើតឡើងយ់ាងឆាប់រហ័ស ធ្វើឱ្យចំនួនអ្នកស្លាប់បានហក់ឡើងខ្ពស់បំផុត ដោយមានចំនួនអ្នកស្លាប់សរុបមកដល់ពេលនេះ បានវ៉ាដាច់ប្រទេសចិន ឡើងមកឈរលើលំដាប់លេខ1 ក្នុងពិភពលោកហើយ។

ទាំងអស់នេះ មានអ្នកពន្យល់ថា អ៊ីតាលីជាប្រទេសដែលមានប្រជាជនវ័យចំណាស់ចំនួនច្រើន តែជប៉ុន ក៏ជាប្រទេសមួយដែលមានប្រជាជនអាយុច្រើនជាង 65ឆ្នាំ ច្រើនដល់ទៅ 28%នៃចំនួនប្រជាជនទាំងអស់នោះ បែរជាមានអ្នកឆ្លងមេរោគត្រឹមតែ 1,101នាក់ និងស្លាប់ត្រឹមតែ 41នាក់ប៉ុណ្ណោះ(តែនៅក្នុងប្រទេសអ៊ីតាលី មកដល់ថ្ងៃនេះ(ទី23មីនា)មានអ្នកឆ្លងចំនួន 59,138នាក់ និងស្លាប់ 5,476នាក់)។

មូលហេតុដែលសំខាន់ អាចបណ្ដាលមកពីមេរោគវីរុសកូវីដ-19 នៅក្នុងប្រទេសអ៊ីតាលី ជាប្រភេទមេរោគដែល​កាចសាហាវខ្លាំងជាងនៅប្រទេសដទៃទៀតក្នុងទ្វីបអាស៊ី ដែលអាចបង្កើនចំនួននៅក្នុងសួតអ្នកជំងឺបាន​យ់ាង​ឆាប់រហ័ស ធ្វើឱ្យចម្លងសាយភាយមេរោគទៅអ្នកដទៃបានច្រើនឡើង ហើយវាយប្រហារសួតយ៉ាងខ្លាំងក្លា ធ្វើឱ្យសួតរលាកយ៉ាងធ្ងន់ធ្ងរ ប្រព័ន្ធដង្ហើមដំណើរការបរាជ័យ ធ្វើឱ្យអត្រាស្លាប់មានភាគរយខ្ពស់បំផុត។

លោកវេជ្ជបណ្ឌិត ម៉ានូន បានអំពាវនាវដល់ប្រជាជនក្នុងប្រទេសថៃ និងក្នុងប្រទេសជិតខាង ឱ្យជួយគ្នាប្រតិបត្តិតាមបញ្ជារបស់រដ្ឋាភិបាល ដោយនៅតែក្នុងផ្ទះ ស្ថិតនៅឆ្ងាយពីមនុស្សម្នាចម្ងាយ 2ម៉ែត្រ និងដែលសំខាន់អ្នកផ្ទុកមេរោគ ត្រូវមិនចម្លងមេរោគទៅអ្នកឯទៀត ក្អក ឬកណ្ដាស់ដាក់ម៉ាស់កាពារ ឬក្អក កណ្ដាស់ដាក់ដៃហើយ ត្រូវប្រញាប់លាងសម្អាតដៃចេញភ្លាមៗ។ មនុស្សទូទៅត្រូវឧស្សាហ៍លាងសម្អាតដៃឱ្យបានញឹកញាប់ កុំយកដៃដែលមិនទាន់បានលាងសម្អាតមកប៉ះភ្នែក ច្រមុះ និងមាត់ឱ្យសោះ និងពេលចូលទៅក្នុងទីកន្លែងដែលមានមនុស្សច្រើនៗ ត្រូវពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement