វេជ្ជបណ្ឌិត​វៀត​ណាម​ដំបូង​គេ​​បង្អស់​ដែល​បាន​ឆ្លង​វីរុស COVID-19 ខណៈ​ចំនួន​ករណី​ឆ្លង​មេរោគ​នេះ កើន​ដល់​…

វេជ្ជបណ្ឌិត​វៀត​ណាម​ដំបូង​គេ​​បង្អស់​ដែល​បាន​ឆ្លង​វីរុស COVID-19

បុរស​ជា​វេជ្ជ​បណ្ឌិត​វ័យ​29​ឆ្នាំ ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​​ជាតិ​​ជំងឺ​ត្រូពិក​ ត្រូវ​បាន​រកឃើញ​ថា មាន​ផ្ទុកវីរុស​ COVID-19 ដូច្នេះគាត់​បាន​ក្លាយ​ជា​បុគ្គលិក​សុខាភិបាល​ដំបូង​គេ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​កន្លែង​ធ្វើ​ការ​។

វេជ្ជ​បណ្ឌិត​រូប​នេះ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណា​ទាំង​3​នាក់​ ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ ប្រកាស​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​ COVID-19 នៅ​ប្រទេស​វៀត​ណាម​​ កើន​ដល់​116​នាក់​។

វេជ្ជ​បណ្ឌិត​ខាង​លើ​ ដែល​ត្រូវ​បាន​ចាត់​ទុក​​ជា​ “អ្នក​ជំងឺ​ទី​116” នេះ ធ្វើ​ការ​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៅ​ក្នុង​មន្ទីរពេទ្យ​​ជាតិ​ផ្នែក​ជំងឺ​ត្រូពិក (National Hospital Of Tropical Diseases) ទី​2 នៅ​តំបន់​ Dong Anh ទីក្រុង​ហាណូយ​។ តួនាទី​របស់​វេជ្ជ​បណ្ឌិត​នេះ គឺ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​លើ​អ្នក​ដែល​ត្រូវ​សង្ស័យ​ឆ្លង​មេរោគ ព្យា​បាល​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​ និង​សង្គ្រោះ​បន្ទាន់​ចំពោះ​អ្នក​ជំងឺកូរ៉ូណា​ធ្ងន់​ធ្ងរ​។

ក្នុង​ពេល​ធ្វើ​ការ វេជ្ជ​បណ្ឌិត​នេះ មាន​សម្ភារ​វេជ្ជ​សាស្ត្រ​ការ​ពារ​ខ្លួន​គ្រប់​គ្រាន់​។​ ក្រោយ​ម៉ោង​ធ្វើ​ការ គ្រូពេទ្យ​នេះ​ក៏​សម្រាក​នៅ​ក្នុង​កន្លែង​ដាច់​ដោយ​ឡែក​សម្រាប់​បុគ្គលិក​សុខាភិបាល​ ដែល​នៅ​ក្នុង​មន្ទីរពេទ្យ។

ថ្ងៃ​ទី​19 ខែ​មីនា គាត់​មាន​អាការ​ឈឺ​ក្រហាយ​បំពង់ក។ ថ្ងៃទី​20មីនា គាត់​មាន​អាការ​ក្អក ឈឺ​សាច់​ដុំ ក្ដៅ​ខ្លួន​។ ថ្ងៃទី​21​មីនា គាត់​ក៏បាន​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ត្រៀម​សង្គ្រោះ​បន្ទាន់​មួយ​ ហើយ​បាន​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា​។ លទ្ធ​ផល​បាន​បង្ហាញ​ថា គាត់​មាន​ផ្ទុក​មេរោគ​ COVID-19។

បុគ្គលិក​សុខាភិបាល​ទាំង​អស់​ដែល​បាន​ធ្វើ​ការ​ជាមួយ​វេជ្ជ​បណ្ឌិត​ខាងលើ​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​បង្ខាំង​ដាច់​ដោយ​ឡែក​​ ដើម្បីធ្វើ​តេស្ត​ និង​​តាម​ដាន​សុខ​ភាព​។

ចំណែក​អ្នក​ជំងឺ​2នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​វីរុស​ COVID-19 ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​លោក​វេជ្ជ​បណ្ឌិត​ខាង​លើ​នេះ​ដែរ​នោះ គឺមាន​​ម្នាក់​មក​ពី​ប្រទេស​ឆែក (Czech) និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​ហូឡង់។

គិត​មក​ដល់​​ពេល​នេះ ប្រទេស​វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​116​ករណី​ ក្នុង​នោះ​មាន​17ករណី​បាន​ជា​សះស្បើយ។ អ្នក​ជំងឺ​ក្រៅ​ពី​នេះ ដែល​ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន​3នាក់ផងដែរនោះ ក៏​កំពុងទទួល​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​។

នៅ​ទូទាំង​ពិភពលោក អ្នក​បាន​ឆ្លង​មេរោគ COVID-19 បាន​កើន​ដល់​ 339,039​នាក់​ ក្នុង​នោះ​មាន 99,014​​នាក់​បាន​ជា​សះស្បើយ និង​14,698​នាក់បាន​បាត់​បង់​ជីវិត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement