អត់ចប់!! ចិនចំអកអាមេរិកថា “កុហកទាំងមុខក្រាស់”…ទាំង 2នាក់ នៅមិនទាន់ឈប់ថ្កោលទោសគ្នា រឿងវីរុស COVID-19 ឆ្លងរាលដាលក្រៅវូហាន

អត់ចប់!! ចិនចំអកអាមេរិកថា “កុហកទាំងមុខក្រាស់”...ទាំង 2នាក់ នៅមិនទាន់ឈប់ថ្កោលទោសគ្នា រឿងវីរុស COVID-19 ឆ្លងរាលដាលក្រៅវូហាន

សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃសុក្រ(ទី20មីនា) នៅតែបើកសង្គ្រាមពាក្យសម្ដីដាក់គ្នា ពាក់ព័ន្ធនឹងមេរោគវីរុស COVID-19 ជាបន្តបន្ទាប់ ដោយក្រុងប៉េកាំង បានចេញមកស្រែកឡូឡាដាក់ លោក ម៉ៃក៍ ប៉ុមប៉េអូ ថា “និយាយកុហកទាំងមុខក្រាស់” ក្រោយពីរដ្ឋមន្ត្រីការបរទេសរបស់អាមេរិករូបនេះ បានអះអាងថា ចិនយឺតយ៉ាវក្នុងការប្រកាសព្រមានអំពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 និងបណ្ដោយឱ្យមនុស្សរាប់សែននាក់ធ្វើដំណើរចេញពីទីក្រុងវូហាន យកមេរោគមកចម្លងចូលប្រទេសផ្សេងទៀត…។

ក្នុងអំឡុងផ្ដល់សម្ភាសជាមួយ Fox News លោក ប៉ុមប៉េអូ បានបញ្ជាក់ថា ក្រុងប៉េកាំង បានខាតពេលវេលាដ៏មានតម្លៃអស់ជាច្រើនថ្ងៃ ចាប់តាំងពីរកឃើញការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីដ៏គ្រោះថ្នាក់នេះ និងបណ្ដោយឱ្យមនុស្សម្នារាប់សែននាក់ធ្វើដំណើរចេញពីទីក្រុងវូហាន ប្រភពចម្លងមេរោគដ៏ធំ ឆ្ពោះទៅប្រទេសផ្សេងៗ ក្នុងនោះមានទាំងប្រទេសអ៊ីតាលី ដែនដីដែលខណៈពេលនេះ កំពុងមានអ្នកស្លាប់ដ៏ច្រើនបំផុតក្នុងពិភពលោក…។

“បក្សកុម្មុយនីស្តចិន ធ្វើមិនត្រឹមត្រូវ និងបាននាំជីវិតមនុស្សដ៏ច្រើនមហាសាល ទៅស្ថិតក្នុងក្ដីប្រថុយប្រថាន ដោយសារតែការឆ្គាំឆ្គងរបស់ខ្លួន…” លោក ប៉ុមប៉េអូ បានថ្លែងយ៉ាងដូច្នេះ។

លោកស្រី ហួ ឈុនយីង អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានបង្ហាញភាពក្ដៅក្រហាយ ចំពោះសម្ដីរបស់លោក ប៉ុមប៉េអូ ខាងលើ ដោយបានសរសេរនៅលើបណ្ដាញសង្គមធ្វីតធើរជាភាសាអង់គ្លេសថា “ឈប់និយាយកុហកទាំងមុខក្រាស់ទៀតទៅ!”។

“ដូចដែលអ្នកជំនាញការរបស់អង្គការសុខភាពពិភពលោកបាននិយាយរួចហើយថា ការព្យាយាមរបស់ចិន បានធ្វើឱ្យមនុស្សជាច្រើនសែននាក់ រួចផុតពីការឆ្លងមេរោគ” លោកស្រីបានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធើរ ដោយបានបញ្ជាក់ទៀតថា ចិនបានប្រាប់ទៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់វីរុស COVID-19 នេះជាលើកដំបូង តាំងពីថ្ងៃទី3 មករា តែក្រសួងការបរទេសអាមេរិក ទើបតែប្រកាសប្រាប់ពលរដ្ឋអាមេរិកនៅក្នុងទីក្រុងវូហាន នៅថ្ងៃទី15 មករា “ហើយពេលនេះ មកបន្ទោសថា ចិនជាដើមកំណើតនៃភាពយឺតយ៉ាវ?! តើច្បាស់ក្នុងចិត្តហើយឬ?!”

យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញមកឆ្លើយតប តាមរយៈប្រព័ន្ធធ្វីតធើរដូចគ្នាភ្លាមៗថា “នៅថ្ងៃទី3 មករា ក្រុមមន្ត្រីចិន បានចេញបញ្ជាឱ្យ “កម្ទេចសំណាកគំរូមេរោគវីរុស COVID-19” ដើម្បីបំបិទមាត់ពួកពេទ្យវូហាន និងកាត់ផ្ដាច់ក្ដីកង្វល់ព្រួយរបស់ប្រជាជននៅលើប្រព័ន្ធព័ត៌មានអនឡាញ។ ហួ និយាយត្រូវ ដែលថា ពិភពលោកត្រូវតែពិចារណាពីកម្រិតពេលវេលាទាំងនោះយ៉ាងល្អិតល្អន់”។

សម្ព័ន្ធភាពដែលមានភាពតានតឹងកាលពីពេលមុនស្រាប់ហើយ រវាងប្រទេសមហាអំណាចទាំង2 នោះ អាចនឹងត្រូវទាញទម្លាក់ឱ្យកាន់តែអាក្រក់ឡើងទៀត ដោយសារវិបត្តិរោគឆ្លងរាតត្បាតដ៏ធំនេះ ដែលមើលទៅហាក់ដូចជា ចិនអាចគ្រប់គ្រងវាបានហើយ តែជ្រុងម្ខាងទៀតនៃពិភពលោក វីរុស COVID-19 កំពុងតែបង្កភាពស្មុគស្មាញយ៉ាងខ្លាំងក្លាដល់ជីវិតរស់នៅរបស់មនុស្សភាគច្រើនក្នុងពិភពលោកមួយនេះ ហើយរហូតមកដល់បច្ចុប្បន្ន មានអ្នកស្លាប់រួចហើយច្រើនជាង 1ម៉ឺននាក់ទូទាំងពិភពលោក។

កាលពីសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក បានកោះហៅឯកអគ្គរដ្ឋទូតចិនចូលជួប ដើម្បីតវ៉ា ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានសរសេរនៅលើធ្វីតធើរ បង្ហាញពីទ្រឹស្ដីចេតនាសមគំនិត ដោយជឿថា ទាហានអាមេរិកកាំង គឺជាអ្នកនាំមេរោគវីរុសចូលទៅក្នុងទីក្រុងវូហាន។

សំណេរនៅលើធ្វីតធ្វើរនោះ បានធ្វើឱ្យលោកប្រធាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំង រួចហើយលោក ត្រាំ ក៏បានប្រើពាក្យសម្ដីបញ្ឆេះកំហឹងអំពីចិនដូចគ្នា ក្រោយពីហៅវីរុស COVID-19 ថា ជា “វីរុសចិន”៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement